website_news:2017250203

ជនអន្តោប្រវេសន៍ជាង ២៧០០នាក់ត្រូវបានឆ្មាំសមុទ្រអ៊ីតាលីជួយសង្គ្រោះតាមសមុទ្រមេឌីទែរ៉ាណេក្នុងរយៈពេល ៤ថ្ងៃចុងក្រោយ

http://bayontv.com.kh 25/02/2017

អ៊ីតាលី៖ ឆ្មាំសមុទ្រអ៊ីតាលីឲ្យដឹងកាលពីថ្ងៃសុក្រម្សិលមិញថា ជនអន្តោប្រវេសន៍តាមទូកមានចំនួន ២៧៥០នាក់ត្រូវបានគេសង្គ្រោះចេញពីសមុទ្រក្នុងរយៈពេល ៤ថ្ងៃកន្លងមកនេះ ខណៈដែលការមកដល់របស់ពួកគេនៅក្នុងឆ្នាំនេះមានចំនួនច្រើនជាងក្នុងឆ្នាំ២០១៦កន្លងមក។

ឆ្មាំសមុទ្របាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ក្រុមអន្តោប្រវេសន៍ជាង ២៥០នាក់ត្រូវបានគេសង្គ្រោះក្នុងប្រតិបត្តិការដោយឡែកពីគ្នាចំនួន ៥លើកនៅសមុទ្រមេឌីទែរ៉ាណេកាលពីថ្ងៃសុក្រម្សិលមិញ ខណៈពួកគេស្ថិតនៅលើទូកតូច ៤គ្រឿង និងទូកជ័រមួយគ្រឿង។ ក្រុមអន្តោប្រវេសន៍ ១១០០នាក់ផ្សេងទៀតត្រូវបានគេជួយសង្គ្រោះចេញពីទូកចំនួន ៩គ្រឿងដែលបើកបរចេញពីឆ្នេរសមុទ្រលីប៊ីកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ក្រោយពេលដែលការសរុបចំនួនជនអន្តោប្រវេសន៍ ២ថ្ងៃមុននោះមានចំនួនជាង ១៣៦០នាក់ហើយនោះ។ គួរឲ្យដឹងថា កាលពីឆ្នាំមុនចំនួនជនអន្តោប្រវេសន៍តាមទូកមានចំនួន ១សែន ៨ម៉ឺន ១ពាន់នាក់បានមកដល់ទឹកដីអ៊ីតាលី ខណៈជាង ៥ពាន់នាក់ក៏បានស្លាប់នៅក្នុងសមុទ្រមេឌីទែរ៉ាណេ៕ អត្ថបទ៖ រិទ្ធី

website_news/2017250203.txt · Last modified: 2017/02/25 13:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki