website_news:2017250204

ដល់.ក! ពលករចូលប្រទេសថៃ ត្រូវបោះត្រាលើខ្លួន?

https://kohsantepheapdaily.com.kh ៖ ឆោម ពិសម័យ ថ្ងៃសៅរ៏ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ ម៉ោង ១៤:០៦

ខេត្តបាត់ដំបង ៖ យោងតាមប្រភពពីព្រំដែនខ្មែរ-ថៃបានឱ្យដឹងថា រយ:៤ថ្ងៃកន្លងមកហើយ ដែលប្រជាពលរដ្ឋខ្មែរជាច្រើន ដែលតែងចេញចូលរកស៊ីក្នុងទឹកដីថៃ តាមច្រកទ្វាអន្តរជាតិដូង ស្រុកកំរៀង នាំគ្នាបញ្ចេញប្រតិកម្មប្រឆាំងនឹងការរឹតបន្ដឹងរបស់សមត្ថកិច្ច និងអាជ្ញាធរថៃ ។ ជាពិសេស គឺអាជ្ញាធរថៃយកត្រារូបត្រីវាយលើដៃ ឬវាយលើថ្ងាស ដើម្បីសម្គាល់ពលរដ្ឋខ្មែរ ដែលចូលដីថៃពេលព្រឹក និងវិលល្ងាច។ បើទោះជាពលរដ្ឋខ្មែរទាំងនោះ បានទិញសំបុត្រចូលស្របច្បាប់ក្ដី ប៉ុន្តែអាជ្ញាធរខ្មែរ ហាក់នៅទ្រឹងនៅឡើយគ្មានដំណោះស្រាយជាមួយភាគីថៃទេ ។

ឆ្មាំព្រំដែនដ៏ឥទ្ធិពលរបស់ថៃ (ទាហាន&តម្រួត) ប្រចាំច្រកទ្វារអន្តរជាតិ «ដូង» ដែលខាងថៃ ហៅច្រកអន្តរាជាតិ «ឡែម» ស្ថិតក្នុងស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី បានចាប់ផ្ដើមរឹតបន្ដឹងដល់ការចេញចូលរបស់ពលរដ្ឋខ្មែរ តាំងពីថ្ងៃទី២២កុម្ភ: រហូតមកដល់ពេកនេះ ជាមួយនឹងការឃាត់ខ្លួនពលរដ្ឋ និងពលករខ្មែរដែលឆ្លងដែនគ្មានច្បាប់ទម្លាប់ រាប់ រយនាក់ញាត់ចូលរថយន្តទ្រុង ដែលគេសម្រាប់ដឹកអ្នកទោសបញ្ជូនទៅកាន់ខេត្តចន្ទបុរី ប្រទេសថៃ ដើម្បីសួរនាំ ។ មិនត្រិមតែប៉ុណ្ណោះ សម្រាប់ពលរដ្ឋ ឬអាជីវករខ្មែរដែលតែងទិញសំបុត្រចេញចូលទៅរកស៊ីលក់ដូរនៅក្នុងទឹកដីថៃ ពេលព្រឹក ត្រឡប់មកវិញពេលល្ងាច ក៏ត្រូវក្រុមឆ្មាំព្រំដែនថៃ ប្រើត្រាវាយបន្ថែមលើសំបុត្រចេញចូលនោះ ហើយថែមប្រើត្រារូបត្រីវាយលើដៃឬវាយលើថ្ងាសមនុស្ស ដើម្បីសម្គាល់បន្ថែមទៀតផង ដែលទង្វើនេះ បានបង្កភាពក្ដៅ ក្រហាយយ៉ាងខ្លាំងដល់ពលករ និងពលរដ្ឋខ្មែរ ។

ប្រជាពលរដ្ឋខ្មែរបាននិយាយថា សមត្ថកិច្ចថៃបានចាប់ពលករខ្មែរឆ្លងដែនខុសច្បាប់ ដែលទៅធ្វើការងារក្បែរៗព្រំដែនរាប់រយនាក់ ក្នុងរយ:ពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ដឹកតាមរថយន្តទ្រុងសម្រាប់ដឹកអ្នកទោស រួចបញ្ជូនទៅកាន់ខេត្តច័ន្ទបុរី ដើម្បីសួរនាំ ។ នេះជាដើមចមដែលនាំឱ្យឆ្មាំទ្វារព្រំដែនថៃ ចាប់ផ្ដើមរឹតបន្ដឹងការចេញចូលច្រកទ្វាអន្តរជាតិ ដូង ឬឡែម នៅស្រុកកំរៀងខាងលើនេះ។

ប៉ុន្តែទង្វើរបស់អាជ្ញាធរថៃខាងលើនេះ ត្រូវពលរដ្ឋ និងមន្ត្រីព្រំដែនខ្មែរភាពច្រើនចាត់ទុកថា ជាទង្វើបង្កភាពក្ដៅក្រហាយ និងជាទង្វើអមនុស្សធម៌ ព្រោះការប្រើត្រាវាយលើដៃ ឬវាយលើថ្ងាសមនុស្សដើម្បីសម្គាល់នេះ បានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់មនុស្សសញ្ជាតិ ។

ដោយឡែកអាជ្ញាធរឬមន្ត្រីពាក់ព័ន្ធខាងភាគីខ្មែរវិញ ហាក់មិនទាន់មានប្រតិកម្ម និងស្វែងរកដំណោះស្រាយជាមួយភាគីថៃ នៅឡើយទេ ខណ:ឆ្មាំព្រំដែនថៃ នៅតែបន្តនូវសកម្មភាពរំលោភបំពានជាឯកតោភាគីមកលើពលរដ្ឋខ្មែរដដែល។ ដូច្នេះអាជ្ញាធរខ្មែរ ឬមន្ត្រីប្រចាំច្រកទ្វាអន្តរជាតិដូងក្នុងស្រុកកំរៀងគួរតែបើកភ្នែកមើលទង្វើមិនប្រក្រតីរបស់អាជ្ញាធរថៃ មកលើពលរដ្ឋរបស្ឋ់ខ្លួនផង មិនគួរធ្វើមិនដឹងមិនឮព្រងើយកន្ដើយ ដេកសំងំចាំទទូលតែផលប្រយោជន៍ ឬដេកចាំបំផ្លាញតែប្រាក់បៀវត្សជាតិតែប៉ុណ្ណោះទេ គួរតែត្រូវចេះមើលសុខទុក្ខពលរដ្ឋខ្លួនឯងខ្លះផង ។

website_news/2017250204.txt · Last modified: 2017/02/25 18:19 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki