website_news:2017250409

កម្ពុជា គ្រោងបញ្ជូនពលករដំបូងទៅធ្វើការនៅ ហុងកុង

http://www.postkhmer.com Tue, 25 April 2017 សែន ដាវីត

ភ្នំពេញៈ កម្ពុជាគ្រោងបញ្ជូនពលករធ្វើការតាមផ្ទះ ទៅកាន់តំបន់រដ្ឋបាលពិសេសនាទីក្រុង ហុងកុង នៃសាធារណរដ្ឋប្រជាមានិត ចិន បន្ទាប់ពីភាគី ហុងកុង អនុញ្ញាតដល់កម្ពុជាដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការបញ្ជូនពលករកម្ពុជាលើកដំបូងទៅកាន់ទឹកដីដែលមានសេដ្ឋកិច្ចខ្ពស់មួយនេះ។ អ្នកនាំពាក្យក្រសួងការងារកម្ពុជា លោក ហេង សួរ បានប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីម្សិលមិញថា កម្ពុជានិងហុងកុង បានរៀបចំកិច្ចសហប្រតិបត្តិការជាលើកដំបូង បន្ទាប់ពី ហុងកុង បានចេញសេចក្តីជូនដំណឹងជាផ្លូវការដល់កម្ពុជា កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំនេះ ក្នុងការយល់ព្រមទទួលយកពលករកម្ពុជា ឲ្យធ្វើការនៅទីក្រុង ហុងកុង។ការលើកឡើងរបស់អ្នកនាំពាក្យរូបនេះធ្វើឡើង ខណៈដែលរដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈលោក អ៊ិតសំហេង បានដឹកនាំគណៈប្រតិភូកម្ពុជាទៅកាន់ទីក្រុង ហុងកុង និងបានជួបពិភាក្សាការងារជាមួយលោក Stephen Sui រដ្ឋលេខាធិការទទួលបន្ទុកការងារនិងសុខុមាលភាពនៃតំបន់រដ្ឋបាលពិសេស ហុងកុង ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារនៅការិយាល័យរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិននាព្រឹកថ្ងៃទី២៤ ខែមេសា ម្សិលមិញ។ លោក ហេង សួរ បានថ្លែងបន្តថា៖ «ជំហានដំបូងគឺបញ្ជូនពលករកម្ពុជាផ្នែកមេផ្ទះឲ្យបម្រើការនៅហុងកុង ហើយលក្ខខណ្ឌការងារនៅទីនោះល្អ ពីព្រោះហុងកុង ចាត់ទុកពលករបរទេសដូចពលករនៅ ហុងកុង ដែរ»។ យ៉ាងណាក៏ដោយ ជុំវិញព័ត៌មានលម្អិតអំពីចំនួនពលករដែលត្រូវបញ្ជូនឬលក្ខខណ្ឌផ្សេងអំពីវេលានៃការបញ្ជូននេះក្រសួងមិនទាន់បានបញ្ជាក់ច្បាស់នៅឡើយទេ ដោយគ្រាន់តែថា ភាគីទាំងពីរកំពុងធ្វើការរៀបចំនៅឡើយ។ នេះបើតាមលោក ហេង សួរ។

បើតាមទំព័រFacebook កាលពីម្សិលមិញ រដ្ឋមន្រ្តីក្រសួងការងារ លោក អ៊ិត សំហេង បានឲ្យដឹងថា លោកបានស្នើដល់រដ្ឋបាល ហុងកុង រៀបចំឱ្យមានកិច្ចសហការរវាងភ្នាក់ងារជ្រើសរើសនិងគ្រប់គ្រងពលករនៃប្រទេស ទាំងពីរ ដើម្បីធ្វើជាសេនាធិការក្នុងការអនុវត្តគម្រោងបឋមនៃការជ្រើសរើស ការគ្រប់គ្រង ការបណ្តុះបណ្តាល និងការបញ្ជូនពលករកម្ពុជាដែលមានលក្ខណសម្បត្តិល្អ មានជំនាញត្រឹមត្រូវ ដែលនិយោជក អាចទទួលយកបាន ហើយនេះជាសារមួយ សម្រាប់និយោជកហុងកុង និងពលករកម្ពុជា។ លោករដ្ឋមន្ត្រីបញ្ជាក់ថា៖ «ខ្ញុំមានការរីករាយចំពោះរដ្ឋបាល ហុងកុង ដែលបានផ្តល់ទិដ្ឋាការការងារដល់ពលរដ្ឋ កម្ពុជាដែលជាអំណោយផលសម្រាប់កម្ពុជាហើយកម្ពុជាក៏មានការស្វាគមន៍ចំពោះអ្នកវិនិយោគ អ្នកទេសចរ ហុងកុង ទៅកាន់កម្ពុជា ដែលនេះជាចំណងមិត្តភាពរបស់ប្រទេសយើងទាំងពីរ»។

លោក ឌី ថេហូយ៉ា មន្រ្តីកម្មវិធីការពារសិទ្ធិពលករចំណាកស្រុកនៃអង្គការ សង់ត្រាល់ បានឲ្យដឹងថា លោកមិនហ៊ានអះអាងពីស្ថានភាពពលករខ្មែរដែលគ្រោងបញ្ជូនទៅកាន់ ហុងកុងថា យ៉ាងណានោះទេគឺអាស្រ័យទៅលើប្រព័ន្ធគ្រប់គ្រងពលករដែលធ្វើឡើងរវាងភាគីទាំងពីរ។ លោកថា៖«មិនប្រាកដថា ប្រទេសអ្នកមាន គោរពលក្ខខណ្ឌការងារល្អនោះទេ អ៊ីចឹងយើងចាំមើលលើប្រព័ន្ធគ្រប់គ្រងពលកររវាងភាគីទាំងពីរ ថាតើធានាបានការគោរពសិទ្ធិពលករយ៉ាងណា?»៕

website_news/2017250409.txt · Last modified: 2018/01/03 15:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki