website_news:2017250410

ស្ថានភាពពលករក្រោយបុណ្យចូលឆ្នាំ

https://kohsantepheapdaily.com.kh ៖ ម៉ុត សារុន ថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០១៧ ម៉ោង ១៥:៥៣

បន្ទាយមានជ័យ ៖ ស្ថានភាពពលករខ្មែរនៅបន្ទាត់ព្រំដែន និងច្រកទ្វារអន្តរជាតិប៉ោយប៉ែតក្នុងខេត្តបន្ទាយមានជ័យ ក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ មានគ្រប់រូបភាពអ្នកចេញតាមច្រករបៀងដែលត្រូវគេយកទៅលាក់ពេញព្រៃអត់បាយក្រហាយទឹក ខ្លះដោយសាររង់ចាំច្រើនថ្ងៃមិនបានឆ្លងព្រំដែនទៅទឹកដីថៃក៏សម្រេចចិត្តវិលត្រឡប់ទៅស្រុកកំណើតវិញ ខ្លះងាកទៅរកបែបបទស្របច្បាប់ខណៈអ្នកឆ្លងព្រំដែន ហើយមួយចំនួនទៀតបន្តដំណើរដល់គោលដៅតាមបណ្តាខេត្ត-ក្រុងក្នុងប្រទេសថៃ តែក៏មានអ្នកជួបសំណាងអាក្រក់ត្រូវភាគីថៃចាប់បញ្ជូនត្រឡប់មកវិញទាំងទ្រុងៗ ខាតទាំងពេលវេលា ខាតបង់ទាំងថវិកា។

ដោយឡែកអ្នកមិនទាន់បានឆ្លងព្រំដែន ក៏ត្រូវបានសមត្ថកិច្ចជំនាញក្នុងខេត្តទប់ស្កាត់បានជាបន្តបន្ទាប់3ថ្ងៃក្នុងស្រុកអូរជ្រៅជិត300នាក់។ ចំពោះពលករស្របច្បាប់ដែលឆ្លងព្រំដែនតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតឆ្នាំនេះ ក៏មានស្ថានភាពលំបាកណាស់ដែរ ព្រោះខាងទឹកដីថៃមានចំនួនពលករច្រើន។ ដូច្នេះពលករបានកកស្ទះនៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ហើយភាគច្រើនរអ៊ូរទាំថា ស្នាក់នៅប៉ោយប៉ែត2ទៅ3យប់ហើយនៅមិនបានចេញដំណើរទៀត ព្រោះតែទីតាំងបំពេញបែបបទខាងថៃមួយរយៈចុងក្រោយនេះចង្អៀតដោយពលករច្រើន ហើយបើចង់លឿនត្រូវចំណាយប្រាក់ទិញលេខរៀង ដែលប្រភពថា តម្លៃលេខរៀងឆាប់ៗម្នាក់1.000ឬ1.500បាតប្រាក់ថៃក៏មានដែរ។ រហូតដល់ព្រឹកថ្ងៃទី24 ខែមេសានេះ ចំនួនពលករកាន់តែកកស្ទះច្រើនឡើងៗ ហើយពលករមួយចំនួនមានប្រតិកម្មចោទទៅភាគីថៃថា មិនបំពេញបែបបទឲ្យអ្នកកាន់ប័ណ្ណឆ្លងដែន (Border pass) ខុសពីខេត្តបន្ទាយមានជ័យ។

យ៉ាងណាក៏ដោយក្រោយប្រតិកម្មពីសំណាក់ក្រុមពលករមួយចំនួនហើយលោកឧត្តមសេនីយ៍ត្រី ស៊ឹម សំអាត នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានដឹកនាំក្រុមការងារចូលជួបជាមួយភាគីថៃ នៅច្រកទ្វារអន្តរជាតិខ្លងលឹក ដើម្បីជួយសម្រួលឲ្យមានភាពងាយស្រួលដល់ពលករដែលត្រូវធ្វើដំណើរស្របច្បាប់ទៅធ្វើការលើទឹកដីថៃនេះផង។

បើតាមការឲ្យដឹងពីលោកវរសេនីយ៍ត្រី សេម មករា នាយផ្នែកសេនាធិការនគរបាលអន្តោប្រវេសន៍ប៉ុស្តិ៍ព្រំដែនច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានប្រាប់បន្តថា ភាគីថៃបានបដិសេធន៍ថាមិនបានលក់លេខរៀង ឬយកប្រាក់ពីពលករទេ ហើយគេបានផ្តាំផ្ញើសុំកុំឲ្យចាញ់បោកជនខិលខូចតទៅទៀត។ លោកបន្តថា រាល់ពលករដែលកាន់ប័ណ្ណឆ្លងដែន និងបានឆ្លងទៅថៃទាំងអស់គ្នា ដោយមិនរើសអើងនោះទេ។

គួរបញ្ជាក់ថា ដោយសារមួយរយៈនេះ ការឆ្លងព្រំដែនតាមច្រករបៀង និងអន្តរជាតិមានកាលំបាក ព្រោះក្រុមពលករបាននាំគ្នាលួចឆ្លងព្រំដែនតាមរយៈមេខ្យល់ក្រោមស្ពានមិត្តភាពកម្ពុជា-ថៃនៃច្រកទ្វារអន្តរជាតិប៉ោយប៉ែតខ្លងលឹក តែត្រូវបានទាហានឈុតខ្មៅចាប់បានជាបន្តបន្ទាប់៕

website_news/2017250410.txt · Last modified: 2017/08/24 15:19 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki