website_news:2017250412

វិចារណកថាៈពលករខ្មែរសម្រុក ឆ្លងដែនចូលទឹកដីថៃ

http://www.dap-news.com/kh អង្គារ, ២៥ មេសា ២០១៧ 09:06 ដោយ: វាសនាដារ៉ាវិជ័យ ID:012

តាមប្រភពពីប្រជាពលរដ្ឋរស់ នៅតាមតំបន់ព្រំដែន ក្នុងខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង បានឲ្យដឹងថា រយៈពេលប្រមាណមួយ សប្ដាហ៍កន្លងទៅនេះ ពលករខ្មែរ ដែលមកលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូល ឆ្នាំថ្មី បានសម្រុកឆ្លងដែន ចូលទឹកដីថៃ វិញយ៉ាងពពាក់ពពូន។ ក្នុងនោះមានពលករខ្មែរ មួយចំនួនឆ្លង ដែនស្រប ច្បាប់ ហើយក៏មានពលករខ្មែរមួយចំនួនទៀត ឆ្លងដែនខុសច្បាប់ ផ្សេងគ្រោះថ្នាក់ សព្វបែបយ៉ាងផងដែរ។ ការ ដែលពលករខ្មែរ អាចឆ្លងដែនខុសច្បាប់ តាមច្រករបៀងចូលទឹកដីថៃ រកការងារធ្វើគឺមានការឃុបឃិត បើកដៃពី សមត្ថកិច្ចប្រចាំច្រករបៀង ដែលទទួលផលប្រយោជន៍ ពីក្រុមមេខ្យល់នាំពលករឆ្លងដែនខុសច្បាប់ ។ ហេតុនេះ អាជ្ញាធរខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ក៏ដូចជាសមត្ថកិច្ចនៃខេត្តទាំង២ គួរចាត់វិធានការពិនិត្យមើល ភាពមិនប្រក្រតីដូចខាងលើនេះជាបន្ទាន់។

សេចក្ដីរាយការណ៍ពីពលរដ្ឋ រស់នៅតាមតំបន់ព្រំដែន ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នគរបាលវរការពារព្រំដែនលេខ៨៩១ ក្រោមការគ្រប់គ្រងរបស់លោក ហាំ វណ្ណៈ ជាមេបញ្ជាការ បានឃុបឃិត បើកដៃឲ្យពលករខ្មែរ ឆ្លងដែនខុសច្បាប់ ចូលទឹកដីថៃទាំងយប់ទាំងថ្ងៃ។ ប្រភពបានឲ្យដឹងថា ច្រករបៀងក្រោយ វត្តម៉ុងចិន ក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត មានពលករខ្មែរឆ្លងដែន ខុសច្បាប់ក្នុង មួយថ្ងៃៗរាប់រយនាក់ ហើយមន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចក្រុងប៉ោយប៉ែត មិនចាត់វិធានការទប់ស្កាត់ឡើយ។ ចំណែកនៅច្រករបៀងដើមអង្រ្គង ក៏មានពលករខ្មែរ ឆ្លងដែនខុសច្បាប់យ៉ាងអនាធិបតេយ្យដែរ ព្រោះសមត្ថកិច្ច ប្រចាំច្រករបៀង គិតតែពីរឿងប្រមូលលុយ ដាក់ហោប៉ៅចែកគ្នា ធ្វើមានធ្វើបានយ៉ាងសុខស្រួល ។ រហូតមក ដល់ពេលនេះសមត្ថកិច្ច និងមន្រ្តីអាជ្ញាធរខេត្តបន្ទាយមានជ័យ មិនទាន់ចាត់វិធានការ ទប់ស្កាត់ករណីពលករខ្មែរ ឆ្លងដែនខុសច្បាប់នោះទេ។

តាមប្រភពពីពលករខ្មែរ មួយចំនួនបានឲ្យដឹងថា ការដែលពួកគេអាចឆ្លងដែនខុសច្បាប់ ចូលទឹកដីថៃ តាមច្រក របៀងក្រោយវត្តម៉ុងចិន និងច្រករបៀងដើមអង្រ្គង សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត គឺត្រូវបង់លុយឲ្យ សមត្ថកិច្ចប្រចាំច្រករបៀងក្នុងម្នាក់ៗ២០០បាតឬ២០០០០រៀល។ មជ្ឈដ្ឋានខ្លះបានរិះគន់ថា ការដែលសមត្ថកិច្ច នគរបាលវរការពារព្រំដែនលេខ៨៩១ ប្រចាំច្រករបៀង ក្រោយវត្តម៉ុងចិន និងច្រករបៀងដើមអង្រ្គង គឺមានការ ឃុបឃិតបើកដៃពីសំណាក់លោក ហាំ វណ្ណៈ មេបញ្ជាការនគរបាលវរការពារព្រំដែន គោកលេខ៨៩១ ទើបអ្វីៗ អាចប្រព្រឹត្តទៅដោយរលូន។ ជាក់ស្ដែងលោក ហាំ វណ្ណៈ តែងតែជួយបិទបាំងសកម្មភាព មន្រ្តីក្រោមឱវាទ របស់ខ្លួន ដែលបើកច្រករបៀងឲ្យពលករខ្មែរ ឆ្លងដែនខុសច្បាប់យ៉ាងពេញបន្ទុក ។ បញ្ហានេះស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ និងអភិបាលខេត្តបន្ទាយមានជ័យ មិនគួរមើលរំលងតទៅទៀតឡើយ ហើយត្រូវចាត់វិធាន ការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពពិតប្រាកដ ដើម្បីកុំឲ្យពលករខ្មែរប្រឈមនឹងគ្រោះថ្នាក់។

ចំណែកនៅច្រករបៀងចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក៏កើតមានករណីពលករខ្មែរ ឆ្លងដែន ខុសច្បាប់ចូលទឹកដីថៃតាមច្រករបៀងមួយនេះយ៉ាងពេញបន្ទុកដែរ។ មានការរិះគន់ថា ករណីពលករខ្មែរ ឆ្លងដែនខុសច្បាប់ចូលទឹកដីថៃទាំងយប់ទាំងថ្ងៃ តាមច្រករបៀងចំបក់ គឺមានការឃុបឃិតបើកដៃពីសំណាក់ លោក ឈិត លី មេបញ្ជាការនគរបាលវរការពារព្រំដែនគោកលេខ៨១៥ផងដែរ។ ប្រសិនបើគ្មានការ បើកដៃពី លោក ឈិត លី ទេនោះគឺសមត្ថកិច្ចតូចតាចមិនហ៊ានបើកច្រករបៀងចំបក់ ឲ្យពលករខ្មែរឆ្លងដែន ខុសច្បាប់ ដើម្បីជាថ្នូរនឹងលុយកាក់នោះទេ។ លោក ឈិត លី មេបញ្ជាការនគរបាលវរការពារព្រំដែនគោកលេខ៨១៥ ធ្លាប់ល្បីល្បាញខាងបើកដៃឲ្យពលករខ្មែរឆ្លងដែនខុសច្បាប់ចូលទឹកដីថៃជាយូរមកហើយ រហូតដល់ពេលនេះ ករណីពលករខ្មែរឆ្លងដែនខុសច្បាប់តាមច្រករបៀងចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ នៅតែកើតឡើងដូចមុន ដដែល។

នៅតាមបណ្ដាញច្រករបៀងក្នុងស្រុកភ្នំព្រឹក ស្រុកកំរៀងនិងស្រុកសំពៅលូន ខេត្តបាត់ដំបង ក៏មានសេចក្ដីរាយ ការណ៍ពីប្រជាពលរដ្ឋទាក់ទងទៅនឹងករណីពលករខ្មែរឆ្លងដែនខុសច្បាប់ចូលទឹកដីថៃផងដែរ រយៈពេល ប្រមាណមួយសប្ដាហ៍កន្លងទៅនេះ។ មន្រ្តីអាជ្ញាធរមូលដា្ឋនតាមតំបន់ព្រំដែនបានឲ្យដឹងថា សមត្ថកិច្ចនគរបាល និងសមត្ថកិច្ចយោធាការពារព្រំដែន មានជាប់ពាក់ព័ន្ធទៅនឹងការឃុបឃិត បើកច្រករបៀងឲ្យពលករខ្មែរ ឆ្លងដែន ខុសច្បាប់ ដើម្បីជាថ្នូរនឹងលុយកាក់។ ចំណែកសមត្ថកិច្ចតាមច្រកព្រំដែនមួយចំនួន នៅស្រុកសំពៅលូន ស្រុក កំរៀង និងស្រុកភ្នំព្រឹក កំពុងប្រឈមនឹងការរិះគន់ថា ធ្វើសកម្មភាពគាបសង្កត់ ពលករខ្មែរដែលឆ្លងដែនស្រប ច្បាប់ យ៉ាងកំរោល ហេតុនេះហើយទើបពលករខ្មែរមួយចំនួន សម្រេចចិត្តឆ្លងដែនខុសច្បាប់ តាមច្រករបៀង ទោះបីប្រឈមនឹងគ្រោះថ្នាក់ក៏ដោយ ។ ដូច្នេះក្រសួងនិងស្ថាប័នពាក់ព័ន្ធ មិនគួរមើលរំលងបញ្ហាខាងលើនេះទេ ព្រោះរយៈពេលប្រមាណមួយសប្ដាហ៍កន្លងទៅនេះ មានពលរកខ្មែររាបម៉ឺននាក់ឆ្លងដែនខុស ច្បាប់ចូលទឹកដីថៃដោយសារតែសមត្ថកិច្ច តាមច្រករបៀងឃុបឃិតជាមួយមេខ្យល់ខិលខូច ប្រមូលលុយដាក់ហោប៉ៅ ដោយគ្មាន ខ្លាចក្រែងអ្វីទាំងអស់៕

website_news/2017250412.txt · Last modified: 2017/08/24 15:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki