website_news:2017250413

ថៃចាប់ពលរដ្ឋខ្មែរ២នាក់ ក្រោយលួចឆ្លងដែនចូលកាប់ឈើ

http://ann.com.kh/blog/detail ដោយ: សុខ ហៃ ថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០១៧

ខេត្តប៉ៃលិន៖ ពលរដ្ឋខ្មែរ២នាក់ ត្រូវបានកម្លាំងអភិរក្សការពារព្រៃឈើរបស់ថៃ ចាប់ខ្លួនបញ្ជូនទៅតុលាការខេត្តចាន់បូរី បន្ទាប់ពីពួកគេបានលួចឆ្លងដែនទៅកាប់ឈើប្រណិត។ ការឃាត់ខ្លួនធ្វើឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅភូមិបាកាត ឃុំខ្លងយ៉ៃ ស្រុកពោងណាំរ៉ន។

លោកឧត្តមសេនីយ៍ត្រី ទី សុខា ប្រធានទំនាក់ទំនងព្រំដែនកម្ពុជាថៃ ច្រកទ្វារអន្តរជាតិព្រំ បានឱ្យដឹងថា ពលរដ្ឋខ្មែរទាំងពីរនាក់ ទី១. ឈ្មោះ កង មិង ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិបហ៊ុយត្បូង សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ទី២. ឈ្មោះ ឆាយ ទុយហៀង ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិបុស្អំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។លោកបន្តថា ចំពោះករណីនេះលោកបានចាត់ឱ្យកងកម្លាំងចូលទៅក្នុងទឹកដី ខេត្តចាន់បូរី ដើម្បីចរចាជាមួយភាគីថៃហើយ ដោយខាងក្រសួងបរិស្ថានថៃ ជាអ្នកចាប់ហើយមានការលំបាកក្នុងការសុំដោះលែងឱ្យមកខ្មែរវិញណាស់ ព្រោះនៅចំណុចខាងលើនេះ គេតែងតែចាប់ពលរដ្ឋខ្មែរ ដោយក្នុងនោះក៏មាននគរបាលការពារព្រំដែនមួយរូបផងដែរ ដោយបានសុំឱ្យគេដោះលែងចំនួន៦ដងមកហើយ។

លោកបន្តទៀតថា បើសិនជាទាហានថៃចាប់វិញ យើងមានកិច្ចសន្យា អាចទំនាក់ទំនងនិយាយគ្នាស្រួល។ ម្យ៉ាងវិញទៀតពលរដ្ឋខ្មែរ ដែលតែងតែឆ្លងដែនខុសច្បាប់ទៅលួចកាប់ឈើរបស់គេនោះគឺនៅក្នុងដែនអភិរក្សរបស់ស្តេចថៃ សូម្បីតែជនជាតិថៃផ្ទាល់ក៏មិនហ៊ានប៉ះពាល់ព្រៃឈើនោះដែ។ លោកបញ្ជាក់ថា ប្រជាពលរដ្ឋដែលឆ្លងដែនខុសច្បាប់ចូលទៅកាប់ឈើនៅឯប្រទេសថៃចន្លោះបង្គោលសីមា លេខ៦៧,៦៨ និង៦៩នេះ មិនមែនចេះបំបាំងកាយនោះទេ គឺមានការឃុបឃិតរវាងសមត្ថកិច្ចនគរបានការពារព្រំដែនទាំងនោះ ជាមួយឈ្មួញរក ស៊ីឈើ។

គួររំលឹកថា កន្លងមកមានប្រជាពលរដ្ឋរាយការណ៍ថា នៅចំណុចច្រកព្រំដែនខាងលើ តែងតែមានការឃុបឃិតគ្នារវាងនគរបាលព្រំដែន និងក្រុមឈ្មួញ ជួលប្រជាពលរដ្ឋខ្មែរ ឱ្យឆ្លងដែនខុសច្បាប់ទៅលីសែងឈើនៅប្រទេសថៃ ដោយមិនគិតខ្វល់ពីការចាប់ខ្លួន ឬ ការបាញ់សម្លាប់ពីខាងសមត្ថកិច្ចថៃនោះឡើយ ៕

website_news/2017250413.txt · Last modified: 2017/08/24 15:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki