website_news:2017250504

ប្រជាជាតិអាស៊ីអាគ្នេយ៍ ផ្តល់ការចែករំលែកចំណេះដឹង លើផ្នែកអធិការកិច្ចការងារ និងពលកម្មលើកុមារ

http://www./dap-news.html ព្រហស្បតិ៍, ២៥ ឧសភា ២០១៧ 13:48 ដោយ: ហង្សទេព ID:049

ភ្នំពេញ៖ សមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ តំណាងលេខាធិការដ្ឋានអាស៊ាន ដៃគូអភិវឌ្ឍ និយោជិក សហជីព នៃបណ្តាលប្រទេស ក្នុងក្រុមអធិកាកិច្ចការងារអាស៊ាន លើវិស័យសេដ្ឋកិច្ច នៅថ្ងៃនេះបានមកជួបគ្នា នៅប្រទេសកម្ពុជា ដើម្បីចែករំលែក ចំណេះដឹង អំពីការអនុវត្តជោគជ័យ ក្នុងផ្នែកអធិការកិច្ចការងារ និងលុបបំបាត់ពលកម្មកុមារ ។

រដ្ឋមន្ត្រីការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានចាត់ទុកការជួបជុំគ្នានេះ ពិតជាមានសារៈសំខាន់ ក្នុងការពង្រឹងសមត្ថភាព របស់រដ្ឋជាសមាជិកអាស៊ាន ដើម្បីប្រសិទ្ធភាព និងលក្ខខណ្ឌការងារល្អប្រសើរ ជាពិសេសការលុបបំបាត់ពលកម្មកុមារ ឱ្យសម្រេចបាននូវគោលដៅរបស់សហគមអាស៊ាន ក្រោមពាក្យស្លោក “សហគមតែមួយ វាសនាតែមួយ” នៃសសរស្តម្ភទាំងបីរបស់អាស៊ាន។ លោករដ្ឋមន្រ្តីបញ្ជាក់ថា លំហូរពាណិជ្ជកម្មសេរី បច្ចេកវិជ្ជា មូលធន និងការងារ នៅក្នុងរង្វង់ នៃរដ្ឋសមាជិក អាស៊ាន បានជះឥទ្ធិពលដល់បម្រែបម្រួលការងារ ជាពិសេសចំពោះកុមារ ដែលអាចនឹងរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារតម្រូវការ នៃកម្លាំងពលកម្ម និងការគ្រប់គ្រងសង្វាក់ផលិតកម្ម។ ដូច្នេះការចែករំលែកនូវព៌តមាន នៃវិស័យសេដ្ឋកិច្ច ពិតជាសំខាន់ សម្រាប់រដ្ឋសមាជិក និងរដ្ឋត្រីភាគីបូក ក្នុងការពង្រឹងគោលការណ៍អនុវត្ត ដើម្បីផលប្រយោជន៍កុមារ។

ប្រទេសកម្ពុជា ក្នុងនាមរដ្ឋជាសមាជិក បានផ្តល់សច្ចាប័ន លើលិខិតតុបករណ៍ របស់អង្គការជំនាញ នៃអង្គការសហប្រជាជាតិ លើអនុសញ្ញាស្តីពីសិទ្ធិកុមារ អនុសញ្ញាអង្គការ សហប្រជាជាតិ ស្តីពីការប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ដែលមានអង្គការចាត់តាំង ការផ្តល់សច្ចាប័នលើអនុសញ្ញាស្នូលទាំង៨ របស់អង្គការអន្តរជាតិ ខាងការងារ ដែលពាក់ព័ន្ធនឹងសិទ្ធកុមារ បង្កើតគណៈកម្មាធិការជាតិ ប្រឆាំងពលកម្មកុមារ និងផ្តល់យោបល់ជូនរដ្ឋាភិបាល លើសកម្មភាពបន្ទាន់ សម្រាប់ការលប់បំបាត់ទម្រង់ធ្ងន់ធ្ងរបំផុត នៃពលកម្មកុមារ ក៏ដូចជាពង្រឹងកិច្ចសហការជាមួយដៃគូអភិវឌ្ឍ និងអង្គការសង្គមស៊ីវិល។

សូមបញ្ជាក់ថា បញ្ហាលុបបំបាត់ពលកម្មកុមារ រដ្ឋជាសមាជិក បានធ្វើការផ្លាស់ប្តូរគ្នានៃនីតិវិធីអធិការកិច្ច ប្រព័ន្ធនៃការតាមដានត្រួតពិនិត្យ និងយន្តការ ជារចនាសម្ព័ន្ធ ដើម្បីលើកកំពស់ ការអនុវត្តសង្គម ប្រកបដោយប្រសិទ្ធភាព ដោយធ្វើការសិក្សាស្វែងយល់អំពី បរិយាកាសអំណោយផល ក្នុងការលុបបំបាត់នូវរាល់ទម្រង់ នៃការងារដោយបង្ខំ និងការកេងប្រវ័ញ្ចនូវកម្លាំងពលកម្មកុមារ ដូចមានចែងនៅក្នុងគោលដៅសាកល ស្តីពី ការអភិវឌ្ឍប្រកបដោយចីរភាព២០១៥-២០៣០៕

website_news/2017250504.txt · Last modified: 2017/05/25 15:35 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki