website_news:2017250701

ពលរដ្ឋដែលចាញ់បោកក្រុមហ៊ុននាំពលករទៅក្រៅប្រទេសស្នើសមត្ថកិច្ចជួយអន្តរាគមន៍

http://www.rfa.org/khmer/news/ ដោយ វ៉ាន វណ្ណដេត 2017-07-24

ពលរដ្ឋរស់នៅខេត្តតាកែវ និងខេត្តកំពត ដែលអះអាងថាបានចាញ់បោកក្រុមហ៊ុននាំពលករទៅក្រៅប្រទេសមួយ បានស្នើឲ្យសមត្ថកិច្ចពាក់ព័ន្ធជួយអន្តរាគមន៍ករណីក្រុមហ៊ុនឆបោកលុយ និងបានដកយកអត្តសញ្ញាណប័ណ្ណ សំបុត្របញ្ជាក់កំណើត សៀវភៅគ្រួសារ និងលិខិតឆ្លងដែនរបស់ពួកគាត់ ហើយរត់គេចខ្លួនបាត់។

ពលរដ្ឋរងគ្រោះនៅខេត្តទាំងពីរនេះអះអាងថា ពួកគាត់បានស្ដាប់វិទ្យុដែលផ្សាយអំពីការជ្រើសរើសពលករទៅក្រៅប្រទេស ហើយគ្នីគ្នាគាត់ទាំងភូមិបាននាំគ្នាទៅចុះឈ្មោះ ដើម្បីរកការងារធ្វើនៅក្រៅប្រទេស។ ពលរដ្ឋរងគ្រោះប្រាប់ថា ក្រុមហ៊ុនដែលបានឆបោកពួកគេ ហើយវេចបង្វេចរត់ចោលស្រុកនោះ ឈ្មោះក្រុមហ៊ុន ព្រូត ភិចឃីង អូស្ត្រាលី (Fruit Picking Australia Co.Ltd) ដែលមានអាសយដ្ឋាននៅម្ដុំស្ទឹងមានជ័យ រាជធានីភ្នំពេញ។

ពលរដ្ឋម្នាក់រស់នៅស្រុកបូរីជលសារ ខេត្តតាកែវ កញ្ញា តឹក ស្រីនេត ឲ្យដឹងនៅថ្ងៃទី២៣ កក្កដា ថា ក្នុងចំណោមអ្នកដែលចាញ់បោកមេខ្យល់ ឬក្រុមហ៊ុន គ្រាន់តែនៅក្នុងភូមិត្រពាំងទន្លេ នៃឃុំដំបូកខ្ពស់ មានជិត ៣០នាក់។ កញ្ញាបន្តថា គ្រាន់តែបងប្អូនរបស់កញ្ញាដែលចាញ់បោកក្រុមហ៊ុននាំពលករទៅក្រៅប្រទេសមានចំនួន ៨នាក់ ដោយក្នុងម្នាក់ចាញ់បោកពីចន្លោះ ១៥០ ទៅ ២៥០ដុល្លារ៖ «ដឹងថាចាញ់បោកគេម៉ង! ឥឡូវដល់ទៅមើលកន្លែងក្រុមហ៊ុនហ្នឹងទៅ វានាំគ្នារត់អស់រលីង។ ចង់បានអត្តសញ្ញាប័ណ្ណ សៀវភៅគ្រួសារ ហើយនិងប៉ាសស្ព័រ (លិខិតឆ្លងដែន) ហើយសៀវភៅកំណើតមកវិញ។ យើងអ្នកស្រែគ្មានរកអីបានបង ២៥០ដុល្លារដែរ ១លានរៀលហើយ»។

ពលរដ្ឋរងគ្រោះអះអាងថា ក្រុមហ៊ុនបានប្រកាសតាមវិទ្យុក្នុងស្រុកមួយថា ពលករដែលទៅធ្វើការនៅប្រទេសចិន និងហុងកុង នឹងទទួលបានប្រាក់ឈ្នួលពី ៩.០០០ ទៅ ១២.០០០ដុល្លារហុងកុងក្នុងមួយខែ ឬស្មើនឹង ៩០០ ទៅ ១.២០០ដុល្លារអាមេរិក ប៉ុន្តែតម្រូវឲ្យពលរដ្ឋដែលចង់ទៅធ្វើការនៅទីនោះបង់លុយ ១៥០ដុល្លារអាមេរិកសម្រាប់អ្នកមានលិខិតឆ្លងដែន និងបង់ ២៥០ដុល្លារសម្រាប់អ្នកគ្មានលិខិតឆ្លងដែន។

ពលរដ្ឋរងគ្រោះម្នាក់ទៀតនៅស្រុកអង្គរជ័យ នៃខេត្តកំពត សុំមិនបញ្ចេញឈ្មោះ ប្រាប់ថា ពួកគាត់បាននាំគ្នាទៅតវ៉ា និងស្នើជាច្រើនដងហើយនៅប៉ុស្តិ៍ប៉ូលិសស្ទឹងមានជ័យ ក្រុងភ្នំពេញ ប៉ុន្តែទម្រាំប៉ូលិសអន្តរាគមន៍ មេខ្យល់បានរត់អស់ទៅហើយ។ ពលរដ្ឋនៅខេត្តកំពត រូបនេះ ស្នើឲ្យសមត្ថកិច្ចអន្តរាគមន៍ដើម្បីទទួលបានអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ លិខិតឆ្លងដែន សំបុត្របញ្ជាក់កំណើត និងលុយមកវិញ៖ «និយាយតាមហ្វេសប៊ុកតិចតួចចាប់បានម្ល៉េះ ហើយនេះមានរូបថត មានអត្តសញ្ញាណ ជួលអគារជួលអី ម៉េចមិនជួយចាប់ឲ្យគ្នា។ បើប៉ះពាល់គេអ្នកធំតិចតួច សុទ្ធតែគុកច្រវាក់ ហើយដល់ពេលប្រជាពលរដ្ឋ ២០០ ទៅ ៣០០នាក់ បោកគេឆៅៗចឹង ស្រុកខ្មែរ»។

កិច្ចសន្យាដែលធ្វើឡើងរវាងតំណាងក្រុមហ៊ុននាំពលករទៅក្រៅប្រទេសជាមួយពលរដ្ឋ គឺភាគីក្រុមហ៊ុនដែលមានបញ្ជាក់លេខអត្តសញ្ញាណប័ណ្ណផងនោះ បង្ហាញថា ឈ្មោះ អាវ សុវណ្ណដា គឺជាអគ្គនាយកក្រុមហ៊ុន។ ការនាំគ្នាទាំងភូមិទៅចុះកិច្ចសន្យាជាមួយក្រុមហ៊ុននាំពលករទៅធ្វើការនៅប្រទេសចិន និងហុងកុង ធ្វើឡើងនៅអំឡុងពាក់កណ្ដាលខែមិថុនា ហើយតំណាងក្រុមហ៊ុនបានដកយកអត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន និងឯកសារពលរដ្ឋ ហើយសន្យាថា យ៉ាងយូរ ៣ខែ នឹងបញ្ជូនពួកគេទៅធ្វើការនៅក្រៅប្រទេស ប៉ុន្តែទើបតែនៅដើមខែកក្កដា នេះ អ្នកភូមិបានដឹងថា តំណាងក្រុមហ៊ុនបានឆបោកលុយ ហើយយកលុយរត់គេចខ្លួនបាត់។

អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានទេនៅថ្ងៃទី២៣ កក្កដា ដោយទូរស័ព្ទចូល មិនមានអ្នកទទួល។ ប៉ុន្តែកាលពីថ្ងៃទី៣០ មិថុនា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើឲ្យក្រសួងព័ត៌មាន ចាត់វិធានការទប់ស្កាត់ការជួលម៉ោងរបស់ក្រុមហ៊ុនគ្មានច្បាប់ ដែលឃោសនាជ្រើសរើសពលករទៅធ្វើការនៅក្រៅប្រទេស។

អ្នកនាំពាក្យសមាគមអាដហុក (ADHOC) លោក សំ ច័ន្ទគា មើលឃើញថា កត្តាដែលនាំឲ្យពលរដ្ឋនៅតែចាញ់បោកក្រុមហ៊ុននាំពលករទៅក្រៅប្រទេស ដោយសារពលរដ្ឋគ្មានការងារធ្វើនៅក្នុងប្រទេស។ សង្គមស៊ីវិលយល់ថា កន្លងទៅ អាជ្ញាធរមិនដែលបានចាត់វិធានការក្ដៅចំពោះក្រុមហ៊ុនដែលឆបោកពលរដ្ឋថា រកការងារឲ្យធ្វើនោះទេ។ កត្តានេះហើយ ទើបធ្វើឲ្យក្រុមហ៊ុនមានឱកាសច្រើនក្នុងការឆបោកពលរដ្ឋជាបន្តបន្ទាប់៖ «យើងមិនដឹងថា តើក្រុមហ៊ុនទាំងអស់ហ្នឹងមានអ្នកណានៅពីក្រោយខ្នង បានជាខាងរដ្ឋាភិបាលហាក់ដូចមិនដាក់ទណ្ឌកម្មធ្ងន់ធ្ងរទៅលើពួកគេនោះទេ»។

ប្រជាពលរដ្ឋដែលចាញ់បោកក្រុមហ៊ុននាំពលករចេញទៅធ្វើការនៅប្រទេសចិន និងហុងកុង នៅខេត្តតាកែវ និងខេត្តកំពត ប្រាប់ថា លុយដែលយកទៅបង់ឲ្យក្រុមហ៊ុន គឺពួកគាត់បានមកពីការដាក់ប្លង់ដីនៅធនាគារ។ ពលរដ្ឋអះអាងថា អ្នកដែលចាញ់បោកក្រុមហ៊ុនមិនមែនមានតែពីរខេត្តនេះទេ ហើយនៅថ្ងៃច័ន្ទ ទី២៤ កក្កដា ពួកគេនឹងលើកគ្នាទៅទាមទារលុយ លិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណរបស់ពួកគេវិញនៅមុខអគារក្រុមហ៊ុន ព្រូត ភិចឃីង អូស្ត្រាលី នៅម្ដុំស្ទឹងមានជ័យ រាជធានីភ្នំពេញ៕

website_news/2017250701.txt · Last modified: 2017/07/25 11:48 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki