website_news:2017250705

ថៃចាប់ខ្លួនពលករខ្មែរខុសច្បាប់១៥នាក់ ខណៈថៃត្រៀមរៀបចំសម្រួលឯកសារសម្រាប់ពលករខុសច្បាប់ក្នុងប្រទេស

https://thmeythmey.com/ 25, Jul 2017 , 9:49 am ដោយ: គី ស៊ីណា

នគរបាលអន្តោប្រវេសន៍ថៃបានចាប់ខ្លួនពលករខ្មែរឆ្លងដែនខុសច្បាប់នៅច្រកព្រំដែនខេត្តសាកែវ នាថ្ងៃអាទិត្យទី ២៣ ខែកក្កដា។ ពលករខ្មែរដែលត្រូវចាប់ខ្លួនមកខេត្តបន្ទាយមានជ័យ ហើយពួកគេមានបំណងឆ្លងដែនចូលទឹកដីថៃដើម្បីរកការងារធ្វើ។ ការចាប់ខ្លួននេះកើតឡើង ស្របពេលរដ្ឋាភិបាលថៃចាប់ផ្តើមបង្កើតមណ្ឌលចំនួន ១០១ កន្លែងទូទាំងប្រទេសដើម្បីចេញលិខិតសម្រាប់និយោជកដែលចង់ស្នើសុំឲ្យមានការទទួលស្គាល់ពលករខ្លួនជាពលករស្របច្បាប់។ ពលករខ្មែរ១៥នាក់រួមមានបុរស៦នាក់ និងស្ដ្រី៩នាក់ត្រូវបាននគរបាលអន្តោប្រវេសន៍ថៃឃុំខ្លួននៅថ្ងៃអាទិត្យទី ២៣ ខែកក្កដា។ ពួកគេត្រូវបាននគរបាលឃាត់ខ្លួនក្រោយពេលឆ្លងដែនចូលថៃតាមក្រោមស្ពានមិត្តភាពខ្មែរ-ថៃក្នុងខេត្តសាកែវ (Sakaeo)។

យោងតាមសារព័ត៌មានបាងកកប៉ុស្ត៍ ពលករខ្មែរទាំង១៥ នាក់នោះមកពីខេត្តបន្ទាយមានជ័យ ហើយពួកគេមានបំណងឆ្លងដែនចូលថៃដើម្បីរកការងារធ្វើនៅទីក្រុងបាងកក។ ពួកគេបានបង់ប្រាក់ចំនួន២៥០០បាតឲ្យមេខ្យល់ក្នុងក្រុងប៉ោយប៉ែតដើម្បីរង់ចាំគេមកទទួលពីផ្សាររ៉ុងក្លឿ ដើម្បីទៅកាន់ក្រុងបាងកក។ពលករទាំងនោះត្រូវបានមេខ្យល់ប្រាប់ថា ពួកគេនឹងមានសិទ្ធិធ្វើការនៅថៃយ៉ាងស្របច្បាប់រហូតដល់ចុងឆ្នាំ២០១៧។

ក្រៅពីជនជាតិខ្មែរ ជនជាតិថៃពីរនាក់ទៀតក៏ត្រូវបាននគរបាលថៃឃាត់ខ្លួនដែរ។ មូលហេតុមកនៃការចាប់ខ្លួននេះគឺ អ្នកទាំងដឹកពលករខ្មែរខុសច្បាប់មានស្ដ្រីពីរនាក់ និងបុរសពីរនាក់ផ្សេងទៀតទៅស្ថានីយ៍រថយន្តក្រុងដើម្បីចេញដំណើរទៅស្វែងរកការងារនៅបាងកក។ ប្រធានប៉ុស្ដិ៍អន្តោប្រវេសន៍ខេត្តសាកែវ លោក Benjapol Rodsawat បានពោលថា ការិយាល័យអន្តោប្រវេសន៍លោកបានទាក់ទងទៅប៉ូលិសអន្តោប្រវេសន៍ ប៉ោយប៉ែតហើយដើម្បីឲ្យពួកគេប្រកាសពីលក្ខខណ្ឌ ដែលពលរដ្ឋកម្ពុជាត្រូវមានលិខិតអនុញ្ញាតការងារ រួមជាមួយលិខិតឆ្លងដែនមុនពេលឆ្លងដែនចូលមកថៃ ដែលវាអនុលោមតាមអនុស្សារណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃនាពេលថ្មីៗនេះ។

ចាប់ពីថ្ងៃចន្ទទី២៤ខែកក្កដាដល់ថ្ងៃ ទី៧ខែសីហា រដ្ឋាភិបាលថៃនឹងបង្កើតមណ្ឌលដែលចេញលិខិតទាមទារដែលនិយោជកថៃអាចស្នើសុំឲ្យមានការទទួលស្គាល់បុគ្គលិកខ្លួនជាពលករស្របច្បាប់ជាផ្លូវការ ។ ប្រធាននាយកដ្ឋានការងារថៃលោក Waranont Pitiwan បាននិយាយថា ក្នុងរយៈពេល១៥ថ្ងៃនេះ រដ្ឋាភិបាលថៃនឹងជួយបញ្ជាក់ភាពស្របច្បាប់ដល់ពលករខ្មែរ មីយ៉ាន់ម៉ា និងឡាវ ពេលពួកគេបំរើការងារត្រឹមត្រូវ និងអាចបញ្ជាក់ពីអត្តសញ្ញាណខ្លួន។ ការផ្ទៀងផ្ទាត់រវាងនិយោជិក និងនិយោជកនឹងធ្វើឡើងក្នុងរយៈពេល៣០ថ្ងៃចាប់ពីថ្ងៃទី៨សីហាដល់៩កញ្ញា ហើយគេសន្និដ្ឋានថាពលករប្រមាណប្រាំសែននាក់ ត្រៀមចុះឈ្មោះ។

ពាក់ព័ន្ធការកំណត់អត្តសញ្ញាណពលករ រដ្ឋាភិបាលមីយ៉ាន់ម៉ា និងកម្ពុជាក៏បានបញ្ជូនមន្ត្រីខ្លួនមកជួយធ្វើវិញ្ញាបនបត្រសម្គាល់អត្តសញ្ញាណដល់ប្រជាជនខ្លួនដែលមកធ្វើការនៅថៃ មុនពេលចាប់ផ្ដើមការផ្ទៀងផ្ទាត់អត្តសញ្ញាណពួកគេដែរ។ ប៉ុន្តែសម្រាប់ពលករឡាវដែលធ្វើការនៅថៃវិញត្រូវទាក់ទងទៅស្ថានទូតប្រទេសខ្លួនហើយត្រលប់ទៅឡាវវិញដើម្បីទទួលបានលិខិតឆ្លងដែនសិន ទើបអាចត្រលប់មកធ្វើការវិញបាន៕

website_news/2017250705.txt · Last modified: 2017/07/25 12:08 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki