website_news:2017250803

អាជ្ញាធរឃាត់ខ្លួន ពលរដ្ឋ១១នាក់ ឆ្លងដែនចូល កាប់ឈើក្រញ៉ូង នៅក្នុងទឹកដីថៃ

https://www.dap-news.com/kh/ ព្រហស្បតិ៍, ២៤ សីហា ២០១៧ 18:29 ដោយ: ឃី ឃុន ID:030

ឧត្តរមានជ័យ៖ កម្លាំងនគរបាលខេត្ត ឧត្តរមានជ័យ បានឃាត់ខ្លួនពលរដ្ឋ ខ្មែរចំនួន១១នាក់ ខណៈឆ្លងដែលចូលកាប់ ឈើក្រញ៉ូង នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧នេះ ស្ថិតនៅចំណុចបង្គោលសីម៉ាលេខ១២ ក្នុងភូមិសាស្រ្តភូមិដងទង់ សង្កាត់កូនគ្រៀល ក្រុងសំរោង។

បើតាមលោកឧត្តមសេនីយត្រី ហង្ស បូ ស្នងការរងនគរបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ពលករខ្មែរទាំង១១នាក់ ត្រូវបានឃាត់ខ្លួនខណៈស្ពាយឈើក្រញ៉ូងចំនួន៤០០គីឡូក្រាម ចុះពីលើភ្នំ ត្រូវចំណុចបង្គោលសីម៉ាលេខ១២។ លោកឧត្តមសេនីយ៍ត្រី ហង្ស បូ បានបញ្ជាក់ទៀតថា ក្នុងចំណោមពលរដ្ឋខ្មែរ១១នាក់ ដែលត្រូវឃាត់ខ្លួន ៩នាក់រស់នៅក្នុងភូមិដងទង់ សង្កាត់កូនគ្រៀល ក្រុងសំរោង ឯពីរនាក់ផ្សេងទៀតរស់នៅក្នុងភូមិជ្រឹងខាងលិច និងភូមិសណ្តែក សង្កាត់សំរោង។

ក្រោយពីកម្លាំងសមត្ថកិច្ចធ្វើការសួរនាំ ពលរដ្ឋខ្មែរទាំង១១នាក់ បានបញ្ជាក់ថា សកម្មភាពលើភ្នំក្នុងទឹកដីថៃ ចូលទៅកាប់ឈើក្រញ៉ូងនេះ គឺពុំមានមេខ្លោង ឬអ្នកជួលនោះទេ ពោលគឺនាំគ្នាចូលទៅរកដោយខ្លួនឯង បន្ទាប់មកយកទៅលក់ឲ្យឈ្មោះ ម៉ៅ នៅភូមិដងទង់ ដែលជាអ្នកចាំប្រមូលទិញផ្តាច់មុខ។ ជាមួយនិងការឃាត់ខ្លួននេះដែរ កម្លាំងសមត្ថកិច្ចបានដកហូត ពូថៅចំនួន១១ ដែករណាចំនួន៣ ឈើក្រញ៉ូងចំនួន១១សំពាយ ទម្ងន់ប្រមាណ៤០០គីឡូក្រាម ឯពលរដ្ឋខ្មែរដែលត្រូវឃាត់ខ្លួននោះ ពួកគាត់មានប្រើប្រាស់សារធាតុញៀន៕

website_news/2017250803.txt · Last modified: 2017/08/29 10:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki