website_news:2017250901

វិចារណកថាៈ ឈើគ្រញូង និងគ្រោះថ្នាក់ សម្រាប់ពលរដ្ឋខ្មែរ

https://www.dap-news.com/kh/ ថ្ងៃច័ន្ទ, ២៥ កញ្ញា ២០១៧ 11:14 ដោយ: វាសនាដារ៉ាវិជ័យ ID:012

សេចក្ដីរាយការណ៍ ពីសមត្ថកិច្ចតាមព្រំដែន ក្នុងខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា កាលពីថ្ងៃទី១៨ ថ្ងៃទី២០ និងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ សមត្ថកិច្ចថៃ បានចាប់ខ្លួនពលករខ្មែរ ជាបន្តបន្ទាប់ចំនួន១៨នាក់ នៅពេល ពួកគេចូលកាប់ឈើគ្រញូង ក្នុងតំបន់ឧទ្យានជាតិ នៃខេត្តនគររាជសីមា ប្រទេសថៃ ។ នៅក្នុងការឃាត់ខ្លួន ជនជាតិខ្មែរ ដែលចូលកាប់ឈើគ្រញូង លើទឹកដីថៃនោះ គឺសមត្ថកិច្ចថៃ រឹបអូសបានវត្ថុតាងជាច្រើន ជាពិសេសឈើគ្រញូងនិងសម្ភារៈប្រើប្រាស់ជាច្រើនទៀត។ ប្រការនេះបង្ហាញឲ្យឃើញថា ប្រជាពលរដ្ឋខ្មែរនៅតែរងគ្រោះដោយសារការលួចឆ្លងដែន ចូលកាប់ឈើគ្រញូងលើទឹកដីថៃ ហើយឈ្មួញធំមួយចំនួន គឺជាអ្នកជំរុញ ឲ្យពលរដ្ឋខ្មែរចូលកាប់ឈើគ្រញូង លើទឹកដីថៃ យកមកលក់ឲ្យពួកគេ។ ដូច្នេះមន្ត្រីអាជ្ញាធរខេត្តបន្ទាយមានជ័យ ក៏ដូចជាសមត្ថកិច្ចតាមព្រំដែនក្នុងខេត្តបន្ទាយមានជ័យ គួរទប់ស្កាត់ប្រកប ដោយប្រសិទ្ធភាពកុំឲ្យ ពលករខ្មែរ បន្តរងគ្រោះដោយសារក្រុមឈ្មួញ ជួញដូរឈើគ្រញូងខុសច្បាប់តទៅទៀត។

ប្រភពពីសមត្ថកិច្ច តាមព្រំដែនបានឲ្យដឹងថា ពលរដ្ឋខ្មែរចំនួន១៨នាក់ នោះត្រូវបានសមត្ថកិច្ចថៃ ចាប់ខ្លួនពេល ពួកគេកំពុងធ្វើសកម្មភាព កាប់ឈើនៅក្នុងតំបន់ឧទ្យានជាតិ ថាប់ឡានទី៣ ខ្លងម៉ាន់ ស្រុកខនបុរី ខេត្តនគរ រាជសីមា ប្រទេសថៃ ។ ក្រោយពេលចាប់ខ្លួននិងរឹបអូសវត្ថុតាង ជាច្រើន គឺពលរដ្ឋខ្មែរទាំង១៨នាក់នោះ ត្រូវបាន សមត្ថកិច្ចថៃអនុវត្តន៍តាមច្បាប់របស់ថៃ។ ហេតុនេះហើយ ទើបមានការអំពាវនាវយ៉ាងទទូច ឲ្យមន្ត្រីអាជ្ញាធរ និង សមត្ថកិច្ចខេត្តបន្ទាយមានជ័យ ចាត់វិធានការទប់ស្កាត់ធ្វើយ៉ាងណា កុំឲ្យមានពលរដ្ឋខ្មែរ ឆ្លងដែនខុសច្បាប់ ចូលកាប់ឈើគ្រញូង លើទឹកដីថៃបន្តទៀត ហើយត្រូវវែកមុខមេខ្លោង ដែលនៅពីក្រោយបញ្ហានេះ យកទៅ ផ្ដន្ទាទោសតាមច្បាប់ ។ បើមិនដូច្នេះទេប្រជាពលរដ្ឋខ្មែរ នៅតែប្រឈមនឹងគ្រោះថ្នាក់ ដោយសារការលួចឆ្លង ដែនចូលកាប់ឈើគ្រញូង លើទឹកដីថៃ ហើយករណីខ្លះត្រូវស្លាប់បាត់បង់ជីវិតគួរឲ្យរន្ធត់ទៀតផង ។

បើតាមរបាយការណ៍ របស់សមត្ថកិច្ចអាវុធហត្ថស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងកាល ពីព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ ថាកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ សមត្ថកិច្ចថៃ បានចាប់ខ្លួនពលរដ្ឋខ្មែរ ចំនួន៨នាក់នៅចំណុចឧទ្យានជាតិ ក្នុងខេត្តនគររាជសីមា ពេលដែលពលរដ្ឋខ្មែរ ទាំងនោះកំពុងតែកាប់ឈើ និងដឹកជញ្ជូនឈើ នៅក្នុងឧទ្យានជាតិថាប់ឡានទី៣ ខ្លងម៉ាន់ ។ ប្រភពបានឲ្យដឹងទៀតថា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ សមត្ថកិច្ចថៃចាប់ខ្លួនពលរដ្ឋខ្មែរចំនួន៩នាក់បន្ថែមទៀត នៅចំណុចឧទ្យានជាតិដដែល ហើយ ពលរដ្ឋ ខ្មែរ ដែលត្រូវសមត្ថកិច្ចថៃចាប់ខ្លួនបានឆ្លើយសារភាព នៅចំពោះមុខសមត្ថកិច្ចថៃរួចទៅហើយ ។ ពលរដ្ឋខ្មែរដែលត្រូវសមត្ថកិច្ចថៃ ចាប់ខ្លួននៅក្នុងខេត្តនគររាជសីមា ពួកគេបានឆ្លងដែន ចូលទឹកដីថៃ តាម ច្រកសេះងាប់ តំបន់ភ្នំឆ័ត្រ ភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលជាប់ព្រំ ប្រទល់ភូមិខ្វៅរ៉ៃ ឃុំតាប្រាយ៉ា ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ។ ប្រភពបានឲ្យដឹងទៀតថា មានមេខ្យល់ជាអ្នកដឹក ជញ្ជូនពលរដ្ឋខ្មែរឲ្យចូលកាប់ឈើគ្រញូងលើទឹកដីថៃ យកមកលក់ឲ្យឈ្មួញ នៅតាមព្រំដែន ហេតុនេះមន្ត្រី អាជ្ញាធរ និងសមត្ថកិច្ចនៅខេត្តបន្ទាយមានជ័យ គួរវែកមុខមេខ្លោងធំៗ និងវែកមុខឈ្មួញឈើគ្រញូង យកទៅ ផ្ដន្ទាទោសតាមច្បាប់។

គួររំលឹកដែរថា នៅតាមតំបន់ព្រំដែនក្រុងសំរោង ស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ក៏នៅតែមានសេចក្ដីរាយការណ៍ ពីករណីពលរដ្ឋខ្មែរលួចឆ្លងដែន ចូលកាប់ឈើគ្រញូងលើទឹកដីថៃ ផងដែរ ដោយសារមានការឃុបឃិតបើកដៃពីសមត្ថកិច្ចឈរជើងតាមព្រំដែន។ ឈ្មួញឈើគ្រញូងក្នុងខេត្តឧត្ដរមានជ័យ ភាគច្រើនជាមន្ត្រីយោធា និងមន្ត្រីនគរបាល ហើយអត្តសញ្ញាណរបស់ពួកគេត្រូវបានលាតត្រដាងជាបន្តបន្ទាប់។ ក៏ប៉ុន្តែរហូតមកដល់ពេលនេះមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចក្នុងខេត្តឧត្ដរមានជ័យ មិនទាន់ចាត់វិធានការ បង្ក្រាប ឈ្មួញឈើគ្រញូងទាំងនោះទេ ដែលជាហេតុធ្វើឲ្យពួកគេគាបសង្កត់ កាន់តែខ្លាំងទៅលើពលរដ្ឋ ដែលឆ្លងដែន ខុសច្បាប់ចូលកាប់ឈើ គ្រញូងលើទឹកដីថៃ ។ ប្រជាពលរដ្ឋខ្មែរមួយចំនួន ត្រូវបានសមត្ថកិច្ចថៃ បាញ់សម្លាប់ និងចាប់ខ្លួនជាបន្តបន្ទាប់នៅ តាមតំបន់ព្រំដែនក្នុងខេត្តសុរិន្ទ និងខេត្តស៊ីសាកេត ប្រទេសថៃ ធ្វើឲ្យមាន សោកនាដកម្មឈើគ្រញូងប្រឡាក់ឈាមគួរឲ្យរន្ធត់។

តាមតំបន់ព្រំដែនក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានមន្ត្រីយោធា ជាច្រើននាក់ ឃុបឃិតឲ្យពលរដ្ឋខ្មែរឆ្លងដែន តាមច្រករបៀងចូលកាប់ឈើគ្រញូងលើទឹកដីថៃ យកមកលក់ឲ្យពួកគេហើយ ពួកគេលក់បន្តទៅឲ្យឈ្មួញ។ ថ្មីៗ នេះអត្តសញ្ញាណមន្ត្រីយោធា ដែលជាប់ពាក់ព័ន្ធបទល្មើសព្រៃឈើ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបាន លាតត្រដាងជាសាធារណៈ ហើយក៏មានមន្ត្រីនគរបាលជាប់ពាក់ព័ន្ធទៅនឹងបទល្មើសនោះដែរ។ ដូច្នេះអាជ្ញាធរ ខេត្តព្រះវិហារ និងសមត្ថកិច្ចខេត្តព្រះវិហារ គួរចាត់វិធានការលើមន្ត្រីយោធា និងមន្ត្រីនគរបាល ដែលជាប់ពាក់ព័ន្ធ បទល្មើសឈើគ្រញូង ក្នុងស្រុកជាំក្សាន្តជាបន្ទាន់ ដើម្បីកុំឲ្យមានប្រជាពលរដ្ឋខ្មែរ ត្រូវរងគ្រោះដោយសារជំនួញ ឈើគ្រញូងបន្តទៀត ៕

website_news/2017250901.txt · Last modified: 2017/09/25 14:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki