website_news:2017251204

ខែធ្នូ៖ ពលករ៣០នាក់នៅម៉ាឡេស៊ី និងចិន ត្រូវស្ថានទូតជួយឲ្យត្រឡប់មកកម្ពុជាវិញ

https://thmeythmey.com/ 23, Dec 2017 , 10:00 pm ដោយ: ថាន រស្មី

យ៉ាងហោចណាស់ពលករចំណាកស្រុកចំនួន៣០នាក់ ត្រូវបានស្ថានទូតកម្ពុជាជួយឲ្យត្រឡប់មកមាតុភូមិវិញបន្ទាប់ពីចាញ់បោកមេខ្យល់យកទៅលក់នៅប្រទេសម៉ាឡេស៊ី និងចិន។ ក្នុងចំណោមពលករ ៣០នាក់នេះ មាន២៧នេះជាពលករចំណាកស្រុកទៅកាន់ប្រទេសម៉ាឡេស៊ី និង ៣នាក់ជាស្ត្រី ដែលរៀបការជាមួយបុរសជនជាតិចិន។

ពលករចំនួន ៣០នាក់បានត្រឡប់មកប្រទេសកម្ពុជាវិញ ក្នុងដំណាច់ខែធ្នូ ឆ្នាំ២០១៧នេះ ដោយក្រសួងការបរទេសកម្ពុជាបានជួយសង្គ្រោះ ក្នុងនោះមានពលករខ្មែរធ្វើការនៅប្រទេសម៉ាឡេស៊ី និងស្ត្រីខ្មែរដែលរៀបការជាមួយជនជាតិចិន ។ បើតាមសេចក្ដីប្រកាសរបស់ក្រសួងព័ត៌មានបានឲ្យដឹងថា ស្ត្រីខ្មែរ ៣រូបដែលរៀបការជាមួយជនជាតិចិន បានមកដល់ប្រទេសកម្ពុជាវិញកាលពីថ្ងៃទី៨ និងទី១៤ ខែធ្នូ។ ដោយមានការអន្តរាគមន៍ពីស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅទីក្រុងក្វាងចូវ និង ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅទីក្រុងសៀងហៃ សហការណ៍ជាមួយសមត្ថកិច្ចចិន។

ចំណែកឯពលករចំនួន២៧នាក់ផ្សេងទៀតដែលចាញ់បោកមេខ្យល់ យកទៅលក់នៅប្រទេសម៉ាឡេស៊ី បានជួយអន្តរាគមន៍ពីប្រទេសម៉ាឡេស៊ីវិញនៅថ្ងៃទី៨ ដល់ថ្ងៃទី២៥ ខែធ្នូ នេះ។ ដោយបានស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី សហការណ៍ជាមន្ត្រីមានសមត្ថកិច្ចម៉ាឡេស៊ី ជួយសង្គ្រោះ។ លិខិតដដែលបានឲ្យដឹងទៀតថា ចំពោះការហូបចុក ស្នាក់នៅ និងធ្វើដំណើររបស់ពលករចំណាកស្រុកទាំង៣០នាក់នេះ គឺជាបន្ទុករបស់ស្ថានទូតកម្ពុជាទាំងអស់។

ជាការកត់សម្គាល់ស្ទើរតែរៀងរាល់ខែ ស្ថានទូតកម្ពុជាតែងតែជួយអន្តរាគមន៍ឲ្យមានមាតុភូមិនិវត្តន៍របស់ពលករខ្មែរដែលចំណាកស្រុកទៅធ្វើការក្រៅប្រទេសទាំងស្របច្បាប់និងមិនស្របច្បាប់ជានិច្ច។ ការជួយអន្តរាគមន៍នេះ គេសង្កេតឃើញថាភាគច្រើនជាពលករដែលចំណាកស្រុកតាមមេខ្យល់ទៅប្រទេសម៉ាឡេស៊ី និងរៀបការជាមួយជនជាតិចិនជាដើម។ យ៉ាងនាពេលកន្លងទៅប្រមុខរដ្ឋាភិបាលកម្ពុជាតែងតែអំពាវនាវឲ្យពលករចំណាកស្រុកទាំងអស់ត្រូវទៅធ្វើការតាមក្រុមហ៊ុនដែលស្របច្បាប់ ចៀសវាងការកេងចំណេញកម្លាំងពលកម្ម និងការជួញដូរមនុស្សជាដើម៕

website_news/2017251204.txt · Last modified: 2017/12/25 15:07 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki