website_news:2017251205

មន្ត្រីសង្គមស៊ីវិលស្នើឲ្យរដ្ឋាភិបាលបង្កើតគណៈកម្មការតាមដានពលករចំណាកស្រុក

http://www.rfa.org/khmer/news/ ដោយ ទីន ហ្សាការីយ៉ា 2017-12-24

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានប្រកាសថា ស្ថានទូតនៅប្រទេសម៉ាឡេស៊ី និងស្ថានកុងស៊ុលខ្មែរ នៅប្រទេសចិន បានរៀបចំបញ្ជូនពលករមកកម្ពុជា វិញនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧។ ប៉ុន្តែ មន្ត្រីអង្គការសង្គមស៊ីវិលដែលធ្វើការទាក់ទងនឹងពលករចំណាកស្រុកទៅក្រៅប្រទេសនេះ បានទទូចឲ្យអាជ្ញាធរពាក់ព័ន្ធរបស់រដ្ឋាភិបាលកម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបង្កើតប្រព័ន្ធតាមដានសុវត្ថិភាពរបស់ពលករទាំងនោះនៅក្រៅប្រទេស ដើម្បីងាយជួយសង្គ្រោះទាន់ពេលវេលា។

មន្ត្រីអង្គការសង្គមស៊ីវិល ដែលធ្វើការទាក់ទងនឹងពលករចំណាកស្រុកបានថ្លែងឲ្យដឹងថា រដ្ឋាភិបាលកម្ពុជា គួរបង្កើតប្រព័ន្ធតាមដាន ឬមានគណៈកម្មការចម្រុះ ដើម្បីត្រួតពិនិត្យ និងតាមដានពលករកម្ពុជា ដែលចេញទៅបំពេញការងារនៅក្រៅប្រទេស ដើម្បីជៀសផុតពីគ្រោះថ្នាក់ផ្សេងៗ។ លោក ឌី ថេហូយ៉ា មន្ត្រីកម្មវិធីផ្នែកសិទ្ធិពលករចំណាកស្រុក នៃមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (CENTRAL) បានថ្លែងឲ្យដឹងនៅថ្ងៃទី២៣ ធ្នូ ថា ប្រព័ន្ធការពារសុវត្ថិភាពជូនដល់ពលករដែលធ្វើចំណាកស្រុក ទាំងទៅប្រទេសចិន ឬប្រទេសម៉ាឡេស៊ី ជាដើមនោះ គឺនៅមានភាពចន្លោះប្រហោង ដែលធ្វើឲ្យពលករធ្វើចំណាកស្រុកទាំងនោះប្រឈមនឹងហានិភ័យខ្ពស់លើកការកេងប្រវ័ញ្ច និងការជួញដូរ៖ «នៅពេលដែលមានការកេងប្រវ័ញ្ច ការជួញដូរហើយហានិភ័យ ឬបញ្ហាប្រឈមដ៏ធំធេងមួយទៀតនោះគឺថា យន្តការនៃការជួយសង្គ្រោះពួកគាត់នោះពិបាក ហើយមិនងាយបានចូលទៅដល់ជួបជនរងគ្រោះ មិនដឹងថា កាត់នៅទីតាំងណា មានទំនាក់ទំនងយ៉ាងណាអ៊ីចឹង ដែលនេះជាបញ្ហាដែលយើងមើលឃើញថា មិនទាន់បានប្រសើរនៅឡើយទេ»។

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ជុំ សុន្ទរី បានប្រកាសពីថ្ងៃទី២២ ខែធ្នូ ថ្មីៗនេះថា ស្ថានទូតកម្ពុជា នៅពីរប្រទេសបានអន្តរាគមន៍ជួយធ្វើមាតុភូមិនិវត្តន៍ដល់ស្ត្រីខ្មែរ ៣នាក់នៅប្រទេសចិន និងពលករខ្មែរ ២៧នាក់នៅប្រទេសម៉ាឡេស៊ី។ ក្រសួងការបរទេសបញ្ជាក់ថា ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់ម៉ាឡេស៊ី ដោះស្រាយបញ្ហា និងរៀបចំបញ្ជូនរបស់ពលករ-ពលការិនីខ្មែរ ចំនួន ២៧នាក់ដែលមកដល់កម្ពុជា ក្នុងចន្លោះថ្ងៃទី០៨ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧។ ចំណែកឯ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងក្វាងចូវ និងប្រចាំទីក្រុងសៀងហៃ ប្រទេសចិន បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចចិន ជួយសង្គ្រោះស្ត្រីខ្មែរ ៣នាក់ ដែលចាញ់បោកមេខ្យល់នាំទៅរៀបការជាមួយបុរសជនជាតិចិន ហើយបានរៀបចំមាតុភូមិនិវត្តន៍មកដល់កម្ពុជា វិញនៅថ្ងៃទី០៨ និងទី១៤ ខែធ្នូ ឆ្នាំ២០១៧។ ពលការិនីម្នាក់ដែលបានធ្វើមាតុភូមិនិវត្តន៍កាលពីឆ្នាំ២០១៦ កញ្ញា ថុនា មានស្រុកកំណើតនៅខេត្តកំពង់ចាម បានថ្លែងឲ្យដឹងថា នាងបានទៅធ្វើការជាអ្នកបម្រើតាមផ្ទះតាមរយៈក្រុមហ៊ុនឯកជនមួយអស់រយៈពេលប្រមាណ ១ឆ្នាំកន្លះ ប៉ុន្តែនាងមិនទទួលបានកម្រៃ ឬប្រាក់ខែត្រឡប់មកវិញឡើយ។ នាងបានរត់មករកអង្គការ និងស្ថានទូតខ្មែរ នៅទីនោះបានត្រឡប់មកវិញដោយខ្លួនទទេនេះ៖ «ការងារនៅតាមផ្ទះលំបាកដោយសារតែប្រើប្រាស់កម្លាំងយើងខ្លាំង យើងក្រោកម៉ោង៥ ហើយយកទៅធ្វើការចាប់ពីម៉ោង ៦ព្រឹក រហូតដល់ម៉ោង៩យប់ ពេលខ្លះដល់ម៉ោង ១២យប់ក៏មាន។ ការងារនាងខ្ញុំធ្វើ គឺការងារផ្ទះ បោកខោអាវ អ៊ុតខោអាវ បោសជូតផ្ទះ និងលាងបន្ទប់ទឹកជាដើមហ្នឹង»។ នាងបានថ្លែងថា នាងរាងចាល និងទទួលបានបទពិសោធន៍យ៉ាងជូរចត់ធ្វើចំណាកស្រុកទៅធ្វើការងារនៅក្រៅប្រទេស ដោយសារតែចាញ់បោកក្រុមហ៊ុនឯកជនឃោសនាថា ទទួលបានប្រាក់ខែ ៣រយដុល្លារក្នុងមួយខែ ប៉ុន្តែក្រៅពីក្រុមហ៊ុនកាត់ប្រាក់ខែនាងអស់ ៥ខែ គឺនាងមិនបានទទួលមួយរៀលត្រឡប់មកវិញឡើយ។

លោក ឌី ថេហូយ៉ា បានថ្លែងឲ្យដឹងដែរថា រដ្ឋាភិបាលគួរតែផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ពលរដ្ឋកម្ពុជា អំពីសុវត្ថិភាពនៃការធ្វើចំណាកស្រុកដូចនៅប្រទេសចិន ជាដើមថា រដ្ឋាភិបាលប្រទេសទាំងពីរមិនទាន់បានចុះអនុស្សរណៈយោគយល់គ្នាពីការបញ្ជូនពលករនៅឡើយទេ។ ដូច្នេះហើយតើពលរដ្ឋគួរសម្រេចចិត្តថា គួរចំណាកស្រុកទៅប្រទេសនោះ ឬមិនគួរ ឬត្រៀមលក្ខណៈសម្បត្តិអ្វីខ្លះដើម្បីធ្វើចំណាកស្រុក។ លោកកត់សម្គាល់ឃើញថា ពលករចំណាកស្រុក ឬរៀបការទៅប្រទេសចិន បានធ្វើឡើង ឬឆ្លងកាត់តាមប្រទេសវៀតណាម ចំណែកឯពលករដែលទៅប្រទេសម៉ាឡេស៊ី វិញគឺឆ្លងកាត់តាមប្រទេសថៃ ទាំងពលករធ្វើការនៅផ្ទះ ឬពលករផ្សេងៗទៀត ហើយបញ្ហានេះសមត្ថកិច្ចពាក់ព័ន្ធគួរមានវិធានការតឹងរ៉ឹង៖ «ស្ថាប័នរដ្ឋគួរតែចាត់វិធានការចំពោះមេខ្យល់ក្ដី ឬក្រុមហ៊ុនទុច្ចរិតទាំងឡាយណាដែលបញ្ជូនពលករទៅក្រៅប្រទេសដោយមិនបានគោរពសិទ្ធិការងារ ឬមិនបានគោរពសិទ្ធិមនុស្សជាដើម ត្រូវតាមដាន ហើយចាត់វិធានការឲ្យបានម៉ឺងម៉ាត់ ហើយកុំបណ្ដោយឲ្យមេខ្យល់ ឬជនទុច្ចរិត ក៏ដូចជាក្រុមហ៊ុនមួយចំនួននោះ ចេះតែបញ្ជូនទៅដោយមិនបានធានាដល់សុវត្ថិភាពដល់ពលករ ពលការិនីកម្ពុជាយើងនោះ»។

លោកថ្លែងទៀតថា អាជ្ញាធរពាក់ព័ន្ធគួរតែធ្វើប្រព័ន្ធទិន្នន័យដើម្បីគ្រប់គ្រងពលករចំណាកស្រុក ហើយមានប្រព័ន្ធ ឬរបៀបការងារដើម្បីតាមដានមើលស្ថានភាពពលករ និងជួយសង្គ្រោះពេលពលករត្រូវការជំនួយសង្គ្រោះបន្ទាន់ណាមួយនោះ ហើយពលករមិនគួរត្រូវបានម្ចាស់ឈ្នួល ឬក្រុមហ៊ុនដកហូតឯកសារផ្ទាល់ខ្លួនណាមួយទេ។ លោកអង្កេតឃើញដែរថា ពលករដែលធ្វើចំណាកស្រុករកការងារនៅក្រៅប្រទេសគួរទទួលការបណ្ដុះបណ្ដាលជាមុនសិន ដូចជាភាសាប្រទេសដែលគ្រោងធ្វើចំណាកស្រុកទៅ វប្បធម៌របៀប ប្រពៃណី រស់នៅរបស់ប្រទេសនោះជាដើម ព្រោះថា ស្ត្រីដែលរងការធ្វើបាប ឬរំលោភបំពានពីថៅកែ ភាគច្រើនមិនចេះភាសារបស់ប្រទេសនោះទេ។

សេចក្ដីជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយកាលដើមឆ្នាំ២០១៧ បានបង្ហាញថា គិតពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ក្នុងឆ្នាំ២០១៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានស្ថានទូត និងស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅក្រៅប្រទេសបានជួយដោះស្រាយបញ្ហាជូនពលរដ្ឋ ពលករ-ពលការិនី និងស្ត្រីខ្មែរ ដែលរងគ្រោះដោយការធ្វើបាបពីថៅកែ ការជួញដូរ និងផលលំបាកក្នុងការងារ ឲ្យបានត្រលប់មកកាន់គេហដ្ឋានពួកគេវិញ បានចំនួន ៨១៦នាក់៕

website_news/2017251205.txt · Last modified: 2017/12/25 14:10 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki