website_news:2017251216

ថៃទុកពេល៣ទៅ៦ខែទៀត ឲ្យកម្ពុជា ផ្ដល់ភាពស្របច្បាប់ ដល់ពលករខ្មែរ គ្រប់ៗគ្នា

https://www.dap-news.com ថ្ងៃច័ន្ទ, ២៥ ធ្នូ ២០១៧ 10:40 ដោយ: អេង ប៊ូឆេង ID:013

ភ្នំពេញ ៖ រដ្ឋមន្ដ្រីក្រសូងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានឲ្យដឹងថា ថៃនឹងពន្យាពេល ៣ខែទៅ ៦ខែទៀត រហូតដល់កម្ពុជា បានផ្តល់ភាពស្របច្បាប់ ដល់ពលករកម្ពុជាគ្រប់ៗគ្នា និងអនុញ្ញាតឲ្យពលករកម្ពុជា ដែលកាន់ប័ណ្ណស៊ីជម្ពូ និងលិខិតបញ្ជាក់ទំនាក់ទំនង រវាងនិយោជក និងពលករ។

សូមរំលឹកថា លោក អ៊ិត សំហេង នាពេលថ្មីៗនេះ បានដឹកនាំប្រតិភូកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសថៃ ដើម្បីជួបប្រជុំជាមួយ លោក អាឌុប សាំងស៊ីងកែវ រដ្ឋមន្ដ្រីក្រសួងការងារថៃ និងបានចុះទៅពិនិត្យមណ្ឌល ផ្ដល់សេវារបស់ក្រុមការងារកម្ពុជា នៅទីក្រុងបាងកក និងខេត្តរ៉ាក់យ៉ង ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឲ្យដឹងថា ភាគីថៃនឹងពន្យាពេលពី ៣ខែ ទៅ៦ខែទៀត រហូតដល់ភាគីកម្ពុជា បានផ្តល់ភាពស្របច្បាប់ ដល់ពលករកម្ពុជាគ្រប់ៗគ្នា និងអនុញ្ញាតឲ្យពលករកម្ពុជា ដែលកាន់ប័ណ្ណស៊ីជម្ពូ និងលិខិតបញ្ជាក់ទំនាក់ទំនង រវាងនិយោជក និងពលករ ធ្វើការស្នើសុំលិខិតអនុញ្ញាត ធ្វើដំណើរទៅមក កម្ពុជា-ថៃ ពីមន្ទីរការងារនៅតាមបណ្ដាថៃ ដោយមិនមានបង់កម្រៃសេវាដើម្បី ទៅធ្វើ លិខិតឆ្លងដែន លិខិតធ្វើដំណើរ(TD) និងប័ណ្ណពលករកម្ពុជា ធ្វើការនៅបរទេស(OCWC) ឬឯកសារពាក់ព័ន្ធ ពីអាជ្ញាធរកម្ពុជា។

កម្ពុជា-ថៃ បង្កើតក្រុមការងារផ្ដល់ទិដ្ឋាការស្នាក់នៅ និងប័ណ្ណការងារ នៅជិតក្រុមការងារកម្ពុជា និងបង្កើនក្រុមការងារអន្តរក្រសួង បន្ថែមទៀត និងបង្កើតឲ្យមានក្រុមចល័ត តាមសំណើររបស់ភាគីថៃ ដើម្បីធ្វើ TD និងOCWC បានកាន់តែលឿន។ កម្ពុជា-ថៃ បានវាយតម្លៃ កិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរ ក្នុងការដោះស្រាយបញ្ហាពលករ កម្ពុជាបានធ្វើលិខិតធ្វើដំណើរ TD ប័ណ្ណ OCWC ដែលបានផ្ដល់ជូនពលកររួចហើយ ចំនួនជាង១៧ម៉ឺននាក់។ នៅសល់ប្រហែល ៤២ម៉ឺននាក់ទៀត ក្នុងនោះ ១៤ម៉ឺននាក់ បានធ្វើរួចហើយត្រូវបន្តចែកជូន និងពលករ ដែលមានប័ណ្ណស៊ីជម្ពូ និង លិខិតចុះបញ្ជីថ្មី ២៨ម៉ឺននាក់។ កម្ពុជា-ថៃ ខិតខំបន្ថែមទៀត ដោយបន្តកិច្ចសហប្រតិបត្តិការ និងទាមទារពេលវេលា បន្ថែមទៀត៣ខែទៅ៦ខែ។ ភាគីទាំង២ ធានាសុវត្ថិភាពជូនពលករកម្ពុជា គ្រប់ប្រភេទ ដែលកំពុងធ្វើការនៅប្រទេសថៃ។ កម្ពុជា-ថៃ បន្តអនុវត្តMOU បង្កើតក្រុមការងារបច្ចេកទេស នៃក្រសួងទាំងពីរ ដើម្បីបង្កើតប្រព័ន្ធ(IT) បញ្ជូនពលករកម្ពុជា មកធ្វើការនៅប្រទេសថៃ តាមMOU ដើម្បីកាត់បន្ថយពេលវេលា និងការចំណាយ។ បន្តកិច្ចសហការ ទទួលស្គាល់ជំនាញវិស័យសំណង់ និងវិស័យផ្សេងៗទៀត ដែលពលករកំពុងធ្វើការ និងមានជំនាញស្រាប់។

កម្ពុជា-ថៃបន្តផ្ដល់កិច្ចគាំពារសង្គម របបសន្តិសុខសង្គម ផ្នែកគ្រោះថ្នាក់ការងារ ផ្នែកថែទាំសុខភាព ធានារ៉ាប់រងជីវិត និងបន្តសហការ អនុវត្តរបបសោធនិវត្តន៍ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ការកេងប្រវ័ញ្ចពលករខុសច្បាប់, ការទប់ស្កាត់មេខ្យល់ជួញដូមនុស្សខុសច្បាប់ , ការអនុវត្តMOU ទាំង២ ដែលមានស្រាប់។ ជាមួយគ្នានេះដែរ លោក អ៊ិត សំហេង ក៏បានអញ្ជើញ រដ្ឋមន្ត្រីក្រសួងការងារថៃ និងក្រុមការងារ បច្ចេកទេសមកទស្សនកិច្ចនៅកម្ពុជា នៅខែមិនា ឆ្នាំ២០១៨ ខាងមុខ៕

website_news/2017251216.txt · Last modified: 2017/12/25 14:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki