website_news:2017251217

ពលករខ្មែរនៅប្រទេសកូរ៉េ ផ្ញើលុយមកស្រុកកំណើតមិនតិចជាង៣០០លានដុល្លារក្នុងមួយឆ្នាំៗ

https://kohsantepheapdaily.com.kh/ ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៧ ម៉ោង ១៥:០២ ចន ណារិទ្ធ

រាជធានីភ្នំពេញ ៖ មន្ត្រីស្ថានទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង បានអះអាងថា ពលករខ្មែរដែលទៅធ្វើការងារនៅសាធារណរដ្ឋកូរ៉េប្រមាណ៥ម៉ឺននាក់ ដែលបានផ្ញើលុយមកស្រុកកំណើត មិនតិចជាង៣០០លានដុល្លារក្នុងមួយឆ្នាំៗ ។

លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថា ពលករខ្មែរដែលទៅធ្វើការងារស្របច្បាប់នៅសាធារណរដ្ឋកូរ៉េ មានប្រមាណជាង៥ម៉ឺននាក់ និងពលករខ្មែរដែលទៅធ្វើការងារមិនស្របច្បាប់មានប្រមាណ៥ភាគរយ ហើយចំនួនពលករខ្មែរមិនស្របច្បាប់នេះបាននឹងកំពុងថយចុះជាបន្តបន្ទាប់ផងដែរ ។ លោកបន្តថា ទាំងពលករខ្មែរស្របច្បាប់ និងមិនស្របច្បាប់ ពួកគាត់ទទួលបានប្រាក់ខែយ៉ាងតិច ១,២០០ដុល្លារ ក្នុង១ខែ ហើយពួកគាត់តែងតែផ្ញើប្រាក់ទាំងនេះមកស្រុកកំណើតវិញ ក្នុងម្នាក់ៗមិនតិចជាង៨០០ទៅ១,០០០ដុល្លារឡើយ ហើយបើគិតពីទូរលេខនេះ ចំនួនទឹកប្រាក់ដែលពលករខ្មែរត្រូវផ្ញើមកស្រុកកំណើត មានប្រមាណជាង៣០០លានដុល្លារក្នុងមួយឆ្នាំ ។

គួរកត់សម្គាល់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេបានសង្កេតឃើញទាំងមន្ត្រីស្ថានទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង និងពលករខ្មែរដែលបម្រើការងារទីនោះហាក់មានការរាក់ទាក់ស្និទ្ធស្នាលជាមួយគ្នាយ៉ាងខ្លាំង តាមរយៈការយកចិត្តទុកដាក់ពីលោក ឡុង ឌីម៉ង់ ជាអគ្គរាជទូត ដូចជាការដោះស្រាយបញ្ហាផ្សេងៗជូនពលករពេលដែលពួកគាត់ជួបបញ្ហា ការបង្កើតឲ្យមានការពិនិត្យសុខភាពពលករ ការចុះសួរសុខទុក្ខការជួបជុំគ្នាហូបបាយសាមគ្គី រួមទាំងការប្រារព្ធពិធីជាប្រពៃណីជាតិជាដើម ៕

website_news/2017251217.txt · Last modified: 2017/12/25 14:59 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki