website_news:2017260402

អាណិតណាស់! ជិះកង់៤ថ្ងៃទើបដល់ព្រំដែន ព្រោះស្រុកគេពិបាកពេក

https://kohsantepheapdaily.com.kh ៖ ម៉ុត សារុន ថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០១៧ ម៉ោង ១៦:៥៥

ខេត្តបន្ទាយមានជ័យ ៖ ពលករ2នាក់បងប្អូនជីដូនមួយ ព្រោះតែជួបការកង្វះខាតផ្នែកថវិកាបានជិះកង់ដឹកគ្នាពីខេត្តឈុនបូរី ប្រទេសថៃ វិលត្រឡប់មកកម្ពុជាវិញ រយៈពេល4ថ្ងៃទើបដល់ព្រំដែន ហើយឆ្លងដែនដោយខ្លួនឯងក្រោមស្ពានតភ្ជាប់ផ្លូវរថភ្លើខាងជើងជាប់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត នារសៀលថ្ងៃទី25 ខែមេសា ឆ្នាំ2017 មើលទៅគួរឲ្យសង្វែគ និងអាណិតជាពន់ពេក។ ពលករទាំង2ម្នាក់ខាងលើនេះ ម្នាក់ឈ្មោះ គឹម ហ័រ ភេទប្រុស អាយុ32ឆ្នាំ និងម្នាក់ទៀតឈ្មោះ កោត រក្សា ភេទស្រី អាយុ14ឆ្នាំ មានទីលំនៅភូមិរំចេក ឃុំចំប៉ា ស្រុកព្រៃកបាស់ ខេត្តតាកែវ ជាមួយនឹងកាបូបខោអាវ២ការ៉ុង និងអីវ៉ាន់១ ។ ពលករទាំង2នាក់អះអាងថា ដំបូងបានចូលទៅប្រទេសថៃជាមួយអ្នកស្រុក-ភូមិជាមួយគ្នាមួយក្រុមតាមច្រករបៀង កាលពីថ្ងៃទី14 មករា 2017 ដោយទៅធ្វើការជាសន្តិសុខ។

ចំណែកពលករឈ្មោះគឹមហ័រ បានបន្តថា ប្អូនជីដូនមួយគឺកោត រក្សា បានធ្វើការជាអ្នកបាញ់ថ្នាំស្មៅចំការឲ្យគេ។ ដោយសារប្អូនជីដូនមួយត្រូវគេឈប់ទទួលយកទៅធ្វើការ ហើយណាមួយសង្កេតឃើញថា ការងារពិបាកផងនោះ ក៏នាំគ្នាជិះកង់ត្រឡប់មកវិញពីខេត្តឈុនបូរី ពេលនោះឱ្យតែយប់ត្រង់ណា គឺដេកត្រង់ហ្នឹង។ ពួកគេបន្តទៀតថា ការធ្វើដំណើរមកតាមផ្លូវនោះ ត្រូវសមត្ថកិច្ចថៃឃាត់សួរម្តង តែពេលប្រាប់ថា ជាខ្មែរ និងវិលត្រឡប់មកប្រទេសវិញ សមត្ថកិច្ចថៃក៏ឲ្យបន្តដំណើរទៀត ។ ការបន្តនេះរហូតដល់4ថ្ងៃទើបដល់ព្រំដែន ដោយដំបូងមានប្រាក់តែ12បាតតែប៉ុណ្ណោះ ប៉ុន្តែតាមផ្លូវមានពលរដ្ឋថៃជាអ្នកចិត្តបុណ្យបានឲ្យបាយម្ហូបខ្លះ ជួយដូរសំបក និងពោះវៀនកង់ឲ្យថែមទៀតផង។

ប្រភពដដែលបន្តថា ពលករទាំង2នាក់ពេលមកដល់ព្រំដែន ខណៈកំពុងឆ្លងទឹកអូរដ៏ខ្មៅកខ្វក់នោះ ស្រាប់តែទាហានឈុតខ្មៅថៃហៅមកសួរនាំ ប៉ុន្តែមិនចាប់ឃាត់ខ្លួនទេ ថែមទាំងទាក់ទងប្រាប់កងសន្តិសុខខ្មែរប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែតឲ្យដឹងទៀតផង។ ចំណែកពលករទាំង2នាក់គ្រោងធ្វើដំណើរដោយជិះកង់ទៅដល់ស្រុកកំណើតនៅឯខេត្តតាកែវ ប៉ុន្តែដោយមើលឃើញពីទុក្ខលំបាក ក្រុមអ្នកម៉ូតូឌុបចិត្តធម៌ និងអ្នកស្រុកបានរៃអង្គាសប្រាក់គ្នាជួយដល់ពលករកំសត់ទាំ2នាក់បានថវិកាមួយចំនួន។ មិនតែប៉ុណ្ណោះលោកឧត្តមសេនីយ៍ត្រី ស៊ឹម សំអាត នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក៏បានជួយឧបត្ថម្ភពលករទាំង2 ដោយម្នាក់បាន10ម៉ឺនរៀល (សរុប20ម៉ឺនរៀល) ដើម្បីបានថវិកាជិះរថយន្តត្រឡប់ទៅស្រុកកំណើតវិញ៕

website_news/2017260402.txt · Last modified: 2017/08/24 15:20 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki