website_news:2017260410

អាមេរិកឯកភាព តាមសំណើកម្ពុជា ចំពោះការស្នើ ធ្វើវិសោធនកម្ម MOU បញ្ជូនពលរដ្ឋខ្មែរមកវិញ

at: http://www.dap-news.com/index.php/kh អង្គារ, ២៥ មេសា ២០១៧ 18:14 ដោយ: ខា ដា ID:014

ភ្នំពេញ៖សហរដ្ឋអាមេរិក បានយល់ព្រម និងឯកភាពចំពោះសំណើរបស់កម្ពុជា ដែលបានស្នើសុំធ្វើវិសោធនកម្ម លើការចុះអនុស្សារណៈយោគយល់គ្នា (MOU) ស្តីពីការបញ្ជូនពលករខ្មែរ ពីអាមេរិកមកមាតុភូមិវិញ។

ពលរដ្ឋខ្មែរ៣៦នាក់ នៅអាមេរិក ត្រូវបានរដ្ឋាភិបាលអាមេរិកប្រកាសថា នឹងបញ្ជូនមកប្រទេសកំណើតវិញ ក្នុងពេលឆាប់ៗ ខណៈមានពលរដ្ឋខ្មែរ៥នាក់ បានមកដល់កម្ពុជា កាលពីថ្ងៃទី២៩មីនា។ រាជរដ្ឋាភិបាលកម្ពុជា និងអាមេរិកបានចុះអនុស្សារណៈ(MOU) ស្តីពីការធ្វើមាតុភូមិនិវត្តន៍ របស់ពលរដ្ឋខ្មែរពីអាមេរិក កាលពីឆ្នាំ២០០២ ។

លោកជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានថ្លែងឲ្យដឹងក្រោយបញ្ចប់កិច្ចជំនួបរវាង លោកទេសរដ្ឋមន្រ្តីប្រាក់ សុខុនរដ្ឋមន្រ្តីក្រសួងការបរទេសខ្មែរ និង លោក Patrick Murphy ឧបការីរងរដ្ឋមន្រ្តីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៅរសៀលថ្ងៃទី២៥ ខែមេសាឆ្នាំ២០១៧ថា កម្ពុជាយល់ឃើញថា ចាំបាច់ត្រូវពិនិត្យ និងស្នើសុំធ្វើវិសោធនកម្ម ទៅលើការចុះអនុស្សារណៈយោគយល់គ្នា ស្តីពីការបញ្ជូនពលករខ្មែរពីអាមេរិក មកមាតុភូមិវិញ។ លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជានៅតែមានឆន្ទៈ ក្នុងការទទួលពលរដ្ឋខ្មែរនៅអាមេរិក ដែលមានទោសកំហុស និងបន្តដោះស្រាយបញ្ហាជាមួយអាមេរិក។

លោកបញ្ជាក់ថា “យើងយល់ឃើញថា ចាំបាច់ត្រូវធ្វើវិសោធនកម្ម ដើម្បីធានាបាននូវការអនុវត្តន៍ ឲ្យបានត្រឹមត្រូវតាមស្មារតីដើមនៃ MOU ដែលសំដៅធានាឲ្យបាននូវទិដ្ឋភាពមនុស្សធម៌ និងមេត្តាករុណា ក្នុងការអនុវត្តនូវកិច្ចព្រមព្រៀងនេះ”។ អ្នកនាំពាក្យបន្ថែមទៀតថា ក្រោយពីទទួលយកពលរដ្ឋទាំង៣៤នាក់ លើកក្រោយនេះហើយ គឺផ្អាកបណ្តោះអាសន្នមិនទទួលយកបន្តទៀតទេ។ លោក ជុំ សន្ទរី ថា “លោកឧបការីរងអាមេរិក បានឯកភាពចំពោះការលើកឡើង របស់ឯកឧត្តមទេសរដ្ឋមន្រ្តី ដែលចាំបាច់ត្រូវធ្វើការពិភាក្សាគ្នាឡើងវិញ អំពីការធ្វើវិសោធនកម្មទៅលើ MOUនោះ” ។

លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បន្តថា កម្ពុជាបានបញ្ចប់ ការតាក់តែងពង្រាងថ្មីនៃកិច្ចព្រមព្រៀងនេះ ហើយនឹងបញ្ជូនទៅស្ថានទូតអាមេរិក ក្នុងពេលឆាប់ៗខាងមុខ។ បន្តទៀតភាគីទាំងពីរ នឹងពិភាក្សាឡើងវិញលើពង្រាងថ្មីនេះ។

បើយោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ប្រចាំឆ្នាំ២០១៦ មានពលរដ្ឋខ្មែរ ធ្វើមាតុភូមិនិវត្តន៍ពីអាមេរិក ចំនួន២៥លើក មានមនុស្ស ៤១នាក់ ។ គិតត្រឹមឆ្នាំ២០១៧ ពលរដ្ឋខ្មែរនៅអាមេរិក ដែលបានធ្វើមាតុភូមិនិវត្តន៍ មានចំនួន ២២៦លើក ក្នុងនោះមានពលរដ្ឋ ៥៤៤នាក់ ស្រី១៤នាក់ ៕

website_news/2017260410.txt · Last modified: 2017/04/26 14:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki