website_news:201726050៥

ស្ថានភាពបម្រាមលើការបញ្ជូនស្ត្រីជំនួយការមេផ្ទះទៅធ្វើការនៅម៉ាឡេស៊ី មិនទាន់ច្បាស់លាស់

http://www.cambodiadailykhmer.html ដោយ ឆន ភារុណ ថ្ងៃសុក្រ ទី26 ខែឧសភា ឆ្នាំ2017

មានការភាន់ច្រឡំជំុវិញការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ីថា ប្រទេសកម្ពុជាបានដកជាផ្លូវការនូវបម្រាមរយៈពេល៦ឆ្នាំលើការបញ្ជូនស្ត្រីជំនួយការមេផ្ទះទៅប្រទេសម៉ាឡេស៊ី ហើយអាចមានការបញ្ជូនក្រុមថ្មីជាលើកដំបូងទៅទីនោះដោយស្របច្បាប់នៅដំណាច់ខែក្រោយ។

ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានម៉ាឡេស៊ី The Star Online បានចុះផ្សាយថា បម្រាមនេះបានដកចេញហើយ បន្ទាប់ពីជំនួបពិភាក្សារវាងប្រទេសទាំងពីរក្នុងរាជាធានីភ្នំពេញកាលពីថ្ងៃទី១១ ខែឧសភា។ ប៉ុន្តែ ក្រុមមន្ត្រីកម្ពុជាបានលើកឡើងផ្ទុយគ្នាជុំវិញថាតើរដ្ឋាភិបាលពិតជាបានដកចេញមែនឬចំពោះបម្រាមនេះ ដែលបានដាក់ក្នុងឆ្នាំ២០១១ ចំពេលមានសេចក្តីរាយការណ៍កាន់តែច្រើនឡើងថា ស្រីជំនួយការមេផ្ទះរងការរំលោភបំពានរូបរាងកាយ និងផ្នែកហិរញ្ញវត្ថុពីសំណាក់ទីភ្នាក់ងារជ្រើសរើសពលករដែលបានបញ្ជូនពួកគេទៅប្រទេសម៉ាឡេស៊ី និងក្រុមគ្រួសារដែលពួកគេទៅធ្វើការឱ្យ។ ប្រទេសម៉ាឡេស៊ី និងប្រទេសកម្ពុជាបានព្រមព្រៀងជាគោលការណ៍ដកបម្រាមនេះក្នុងខែធ្នូ ឆ្នាំ២០១៥ ប៉ុន្តែពួកគេបានធ្វើការចរចាតាំងពីពេលនោះមក ជំុវិញព័ត៌មានលម្អិតពីការរៀបចំថ្មីធ្វើយ៉ាងណាឱ្យស្ត្រីជំនួយការមេផ្ទះទាំងអស់មានសុវត្ថិភាព និងទទួលបានប្រាក់ខែសមរម្យ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន The Star បានឱ្យដឹងថា លោក Ricardo Riot Jaem រដ្ឋមន្ត្រីក្រសួងធនធានមនុស្សរបស់ប្រទេសនេះបានមានប្រសាសន៍ថា លោកនិងលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារព្រមព្រៀងគ្នាថានឹងបញ្ចប់បម្រាមនេះ នៅពេលលោកទាំងពីរជួបប្រជុំពិភាក្សាគ្នានៅកម្ពុជា។

ទោះជាយ៉ាងណា នៅក្នុងសេចក្ដីថ្លែងការណ៍មួយបន្ទាប់ពីជំនួប រដ្ឋមន្ត្រីក្រសួងការងាររូបនេះមិនបានលើកឡើងថា បម្រាមនេះចប់ឡើយ។ សេចក្ដីថ្លែងការណ៍ដដែលនេះបន្តថា លោកទាំងពីរសង្ឃឹមថានឹងមានព័ត៌មានលម្អិតស្ដីពីកិច្ចព្រមព្រៀងថ្មី ដែលត្រូវបានព្រាងបញ្ចប់នៅដំណាច់ខែឧសភានេះ។

នៅពេលទាក់ទងកាលពីម្សិលមិញតាមរយៈសារជាអក្សរ លោក ហេង សួគ៌ អ្នកនាំពាក្យក្រសួងការងារបានមានប្រសាសន៍ថា បម្រាមនេះមិនទាន់ត្រូវបានដកនៅឡើយទេ។ លោកបានថ្លែងថា “យើងជិតឈានដល់ដំណើរការចុងក្រោយក្នុងការបើកទីផ្សារនេះឡើងវិញ។ មួយវិញទៀត វាអាស្រ័យលើជម្រើសរបស់ពលរដ្ឋយើង ថាតើពួកគាត់ចង់ទៅធ្វើការនៅទីនោះទៀតឬក៏អត់”។ លោកបានបន្ថែមថា “វាក៏អាស្រ័យលើតម្រូវការរបស់និយោជកក្នុងប្រទេសម៉ាឡេស៊ីផងដែរ”។

សហសេវិករបស់លោកនៅក្រសួងនេះ គឺលោក អូស្មាន ហាស្សាន់ រដ្ឋលេខាធិការក្រសួងការងារបានមានប្រសាសន៍ថា បម្រាមនេះត្រូវបានដកចេញកាលពីខែមករា។ លោកបានថ្លែងថា “ប្រទេសម៉ាឡេស៊ីបានយល់ព្រមការពារពលករ។ វាផ្លូវការហើយ”។

លោក ពិន វីរៈ ប្រធានសមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជាក៏បានមានប្រសាសន៍ផងដែរថា បម្រាមនេះត្រូវបានដកចេញកាលពីខែមករា។ លោកថ្លែងថា “រដ្ឋាភិបាលរបស់យើងបានចេញលិខិតបញ្ជូនស្ត្រីជំនួយការមេផ្ទះទៅកាន់ប្រទេសម៉ាឡេស៊ីវិញរួចហើយ”។ ប៉ុន្តែលោក ពិន វីរៈ ថ្លែងថា មិនទាន់មានស្ត្រីជំនួយការមេផ្ទះកម្ពុជាទៅដល់ប្រទេសម៉ាឡេស៊ីស្របច្បាប់នៅឡើយទេ ពីព្រោះកំពុងរង់ចាំសេចក្ដីលម្អិតនៃកិច្ចព្រមព្រៀងនេះ ហើយចាំបាច់ត្រូវមានការជួបប្រជុំគ្នាបន្ថែមទៀតដើម្បីដោះស្រាយសេចក្ដីលម្អិតនេះ។

ស្ត្រីកម្ពុជាជាច្រើននាក់បន្តទៅប្រទេសម៉ាឡេស៊ី ធ្វើការជាស្ត្រីជំនួយការមេផ្ទះដោយខុសច្បាប់ ទាំងទៅដោយខ្លួនឯង ឬដោយមានជំនួយពីក្រុមហ៊ុនមួយចំនួនដែលរដ្ឋាភិបាលកម្ពុជាបានបដិសេធមិនបង្ហាញអត្តសញ្ញាណ។ ស្ត្រីភាគច្រើនបានសម្រេចចិត្តរត់ចេញពីនិយោជករបស់ខ្លួន ដោយអះអាងថា មានការរំលោភបំពាន ហើយកំពុងស្វែងរកជំនួយពីស្ថានទូតកម្ពុជាឱ្យបញ្ជូនពួកគេមកប្រទេសកំណើតវិញ។ ប៉ុន្តែប្រសិនបើ  ឬនៅពេលបម្រាមនេះដកមែននោះ លោក ពិន វីរៈ មានប្រសាសន៍ថា លោកគិតថា នឹងមិនមានអ្នកដាក់ពាក្យភ្លាមៗទេ។ លោកបានថ្លែងថា “វាលំបាកក្នុងការជ្រើសរើសពលករណាស់ ព្រោះប្រាក់ខែនៅប្រទេសម៉ាឡេស៊ីមិនជាខ្ពស់ប៉ុន្មានទេ”។ ហើយស្ត្រីជំនួយការមេផ្ទះក៏មានបទពិសោធន៍ខ្លះៗនៅក្នុងប្រទេសម៉ាឡេស៊ីដែរ”។ លោកបានថ្លែងថា លោកមិនអាចព្យាករថាតើពេលណានឹងចាប់ផ្ដើមបញ្ជូនស្ត្រីជំនួយការមេផ្ទះកម្ពុជាទៅកាន់ប្រទេសម៉ាឡេស៊ីដោយស្របច្បាប់ជាថ្មីម្ដងទៀតនោះឡើយ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន The Star លោក Riot បានថ្លែងថា លោកគិតថាក្រុមទី១នឹងមកដល់បន្ទាប់ពីពិធីបុណ្យសាសនាអុិស្លាមហារី រ៉ាយ៉ា អៃឌីលហ្វីទ្រី (Hari Raya Aidilfitri) ដែលនៅឆ្នាំនេះបញ្ចប់អំឡុងថ្ងៃទី២៦ ខែមិថុនា។ រដ្ឋាភិបាលមិនបានផ្ដល់ព័ត៌មានលម្អិតអំពីថាតើត្រូវអនុវត្តការការពារថ្មីយ៉ាងដូចម្ដេចដើម្បីការពារស្ត្រីជំនួយការមេផ្ទះនៅពេលអនាគត។

អង្គការសិទ្ធិការងារនៅក្នុងប្រទេសកម្ពុជាបានឱ្យដឹងថា  ពួកគេមិនឃើញមានសញ្ញាកែលម្អឡើយ ហើយនៅតែមានការបារម្ភថាទំនាក់ទំនងក្រុមគ្រួសាររវាងទីភ្នាក់ងារជ្រើសរើសពលករមួយចំនួន និងក្រុមមន្ត្រីការងារនិងអន្តោប្រវេសន៍ជាន់ខ្ពស់នឹងធ្វើឱ្យការធ្វើកំណែទម្រង់ពិតប្រាកដទៅមិនរួច៕ សារុន (រាយការណ៍បន្ថែមដោយ Zsombor Peter)

website_news/201726050៥.txt · Last modified: 2017/05/26 15:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki