website_news:2017260501

របាយការណ៍ៈ កុមារនៅប៉ោយប៉ែត ប្រឈមនឹងការរំលោភបំពាន

http://www.phnompenhpost.html Thu, 25 May 2017 Erin Handley

ភ្នំពេញៈ របាយការណ៍ថ្មីមួយបានឲ្យដឹងថា និន្នាការសម្រុកទៅធ្វើការនៅប្រទេសថៃ របស់ពលករកម្ពុជាអាចនឹងមានឥទ្ធិពលអវិជ្ជមានខ្លាំងទៅលើក្រុមកុមារដែលរស់នៅតាមបណ្តោយព្រំដែនក្រុង ប៉ោយប៉ែត ជាកន្លែងដែលពួកគេប្រឈមមុខនឹងហានិភ័យផ្សេងៗ ដូចជា ការប្រើប្រាស់គ្រឿងញៀន ការរំលោភបំពានផ្លូវភេទ និងការបំពានលើរាងកាយ។

របាយការណ៍សិក្សាដែលមានចំណងជើងថា On the Border (តាមបណ្តោយព្រំដែន) ចេញដោយអង្គការប្រឆាំងអំពើហិង្សា up! International របស់ប្រទេស ស្វីស ដែលប្រើប្រាស់ទិន្នន័យទទួលបានពីការស្ទង់មតិលើកុមារ និងយុវជនចំនួន ៨០នាក់ដែលមានអាយុចន្លោះពី ៨ ទៅ ១៨ ឆ្នាំ ស្តីពីបទពិសោធន៍ជីវិតនៅលើដងផ្លូវរបស់ពួកគេក្នុងក្រុង ប៉ោយប៉ែត ជាតំបន់ដែលប្រជាជនភាគច្រើនបានធ្វើចំណាកស្រុកដើម្បីស្វែងរកឱកាសរកប្រាក់ ហើយភាគច្រើននៃពួកគេបានចេញទៅទាំងគ្រួសារ។

ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ក្រុមកុមារានៅក្រុងប៉ោយប៉ែត ងាយរងគ្រោះពីអំពើហិង្សាផ្លូវភេទជាងក្មេងស្រីដល់ ទៅ ៥ ដង បើទោះបីជាមនុស្សភាគច្រើនយល់ថា ក្មេងស្រីមានហានិភ័យខ្ពស់ជាងក៏ដោយ។ គ្រឿងញៀន ក៏ជាបញ្ហាធំមួយផងដែរសម្រាប់បណ្តាក្មេងប្រុសនៅតាមបណ្តោយព្រំដែន ដោយ ៤០ ភាគរយនៃគំរូសិក្សាបានឲ្យដឹងថា ពួកគេហិតកាវ ហើយស្ទើរ ៣០ ភាគរយប្រើប្រាស់ថ្នាំញៀនប្រភេទ ម៉ាទឹកកក។

លោក Jarrett Davis អ្នកសរសេររបាយការណ៍បានឲ្យដឹងថា ការសិក្សាស្រាវជ្រាវខ្នាតតូច ដែលត្រូវបានចេញនៅដើមសប្តាហ៍នេះ បានផ្តល់នូវព័ត៌មានលម្អិតស្តីពីទស្សនៈរបស់កុមារដែលរស់នៅ ឬ ធ្វើការតាមដងផ្លូវ និងរបៀបដែលកត្តានេះពាក់ព័ន្ធនឹងការពិតនៃហានិភ័យដែលពួកគេកំពុងតែប្រឈម។ លោកនិយាយថា៖ «សម្រាប់ក្មេងស្រី ការភ័យខ្លាចជាទូទៅរបស់ពួកគេគឺការចាប់រំលោភ ក៏ប៉ុន្តែសម្រាប់ក្មេងប្រុស គឺខ្លាចគេវាយដំ ឬឡានបុក។ ជាមូលដ្ឋាន គំរូដែលកើតចេញទស្សនៈហិង្សានេះ ត្រូវបានទទួលបន្ទាប់ពីបទដ្ឋាន ឬទម្លាប់ដែលមានមកពីមុនស្រាប់»។ លោកបន្តថា៖ «រឿងនេះផ្ទុយគ្នាទាំងស្រុងពីបទពិសោធន៍របស់ពួកគេ ដោយក្មេងប្រុសងាយបានរាយការណ៍ពីអំពើប្រទូស្តិ៍ផ្លូវភេទច្រើនជាងក្មេងស្រីដល់ទៅ ៤ ដង»។

ជាង ១ ភាគ ៣ (២៣ ភាគរយ) នៃកុមារនិងយុវជនដែលត្រូវបានគេស្ទង់មតិ គឺជាជនរងគ្រោះនៃការរំលោភបំពានផ្លូវភេទ ខណៈដែលចំនួនភាគច្រើន (៧០ ភាគរយ) បានឲ្យដឹងថា ពួកគេបានឃើញកុមារដទៃទៀតត្រូវបានគេវាយដំ ទះតប់ ច្របាច់ក ឬ ដុតនឹងភ្លើង។ ជាង ៧០ ភាគរយនៃកុមារនិងយុវជនទាំង ៨០នាក់ត្រូវឆ្លងព្រំដែនយ៉ាងទៀងទាត់ ដើម្បីស្វែងរកការងារ ឬទៅរកប្រាក់។ ធៀបនឹងកុមារ និងយុវជនដែលនៅតែក្នុងដែនកម្ពុជា កុមារ និងយុវជនដែលឆ្លងព្រំដែនងាយនឹងរងគ្រោះពីអំពើហិង្សាផ្លូវកាយជាងដល់ទៅទ្វេដង និងងាយរងគ្រោះ ឬរងការគំរាមដោយអាវុធដល់ទៅបួនដង។

អ្នកស្រី Iman Morooka អ្នកនាំពាក្យរបស់អង្គការ Unicef ថ្លែងថា «កុមារដែលធ្វើការបំលាស់ទីញឹកញាប់» ងាយរងគ្រោះដោយការរំលោភបំពាន ហើយពួកគេជាច្រើនមានប្រវត្តិ «ក្រីក្រខ្លាំង»។ លោកស្រីបានឲ្យដឹងតាមរយៈអ៊ីម៊ែលមួយថា៖ «កុមារពិការក៏ប្រឈមនឹងហានិភ័យនៃការជួញដូរផងដែរ ដោយពួកគេអាចនឹងត្រូវបានគេកេងប្រវ័ញ្ញឲ្យដើរសុំទាន ឬ លក់ផ្កាតាមផ្លូវ»។ លោកស្រីបន្តថា៖ «បច្ចុប្បន្ននេះ សេវាការពារកុមារដែលធ្វើការបំលាស់ទីញឹកញាប់ អាស្រ័យទៅលើសេវាដែលផ្តល់ឲ្យដោយអង្គការក្រៅរដ្ឋាភិបាល ដែលមិនមានចីវភាពនោះឡើយសម្រាប់រយៈពេលវែង»។ លោកស្រីបានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ធ្វើការពង្រឹងយន្តការសុវត្ថិភាពសម្រាប់ក្រុមកុមារដែលធ្វើចំណាកស្រុកដោយគ្មានមនុស្សធំនៅជាមួយ។

លោក ឌីថេ ហូយ៉ា មន្រ្តីកម្មវិធីរបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ បានឲ្យដឹងថា ខណៈដែលឪពុកម្តាយដែលមានជីវភាពក្រីក្រទៅស្វែងរកការងារនៅប្រទេសថៃ កូនៗរបស់ពួកគេត្រូវធ្លាក់ទៅក្នុងហានិភ័យសង្គមដែលកំពុងតែមានការកើនឡើង»។ លោកបន្ថែមថា៖ «ក្មេងតូចៗជាច្រើននៅតាមបណ្តោយព្រំដែនគឺជាក្មេងសុំទាន ហើយយើងមិនឃើញមានវិធានការអ្វី ត្រូវបានធ្វើឡើងដើម្បីថែទាំពួកគេនោះឡើយ»។ មិនអាចទាក់ទងក្រសួងសង្គមកិច្ច ដើម្បីសុំការអត្ថាធិប្បាយបានទេ កាលពីថ្ងៃម្សិលមិញ៕ TN

website_news/2017260501.txt · Last modified: 2017/05/26 14:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki