website_news:2017260502

កម្មករនេសាទខ្មែរដែលគេសង្គ្រោះពីថៃ ដាក់ពាក្យប្តឹងឧទ្ធរណ៍

http://www.phnompenhpost.html Thu, 25 May 2017

ភ្នំពេញៈ ក្រុមដើមចោទជាជនជាតិកម្ពុជា ក្នុងសំណុំរឿងជួញដូរមនុស្សនៅប្រទេសថៃមួយ បានដាក់ពាក្យប្តឹងឧទ្ធរណ៍ ប្រឆាំងនឹងការសម្រេចរបស់តុលាការថ្នាក់ក្រោម ច្រានចោលរាល់បណ្តឹងទាំងអស់ ប្រឆាំងនឹងជនសង្ស័យ ដែលត្រូវបានពួកគេចោទប្រកាន់ថា បានបោកពួកគេឲ្យទៅធ្វើការដូចទាសករ។

ពលរដ្ឋខ្មែរចំនួន ៤ រូប ត្រូវបានសង្គ្រោះកាលពីឆ្នាំមុន និងបានអះអាងថា ខ្លួនត្រូវបានគេបង្ខំឲ្យធ្វើការ ២២ ម៉ោងក្នុងមួយថ្ងៃ។ តុលាការបានច្រានចោលពាក្យបណ្តឹងរបស់ពួកគេ ដោយលើកហេតុផលថា ដើមចោទបានដឹងហើយថា ខ្លួននឹងត្រូវទៅធ្វើការលើទូកនេសាទថៃ ហើយម៉ោងធ្វើការដែលពួកគេបានលើកឡើងនោះ វាមិនអាចទៅរួចនោះឡើយ ដោយយោងតាមសភាពនៃរាងកាយរបស់ពួកគេ។

យោងតាមសេចក្តីសង្ខេបរបស់បណ្តឹងឧទ្ធរណ៍ ដែលត្រូវបានផ្តល់ឲ្យដោយអង្គការមូលនីធិអភិវឌ្ឍន៍ និងសិទ្ធិមនុស្ស (HRDF) នៅប្រទេសថៃ កាលពីម្សិលមិញ ដើមចោទត្រូវបានគេបោកឲ្យឡើងទៅលើទូក។ សេចក្តីសង្ខេបបានពីអង្គការ HRDF ដែលផ្តល់នូវការគាំទ្រផ្នែកច្បាប់ទៅដល់ដើមចោទបានថ្លែងថា «ដើមចោទទាំងអស់មានបំណងចង់រត់ពីទីនោះ»។ សេចក្តីសង្ខេបបន្តថា៖ «ដើមចោទម្នាក់បានព្យាយាមរត់តាមទូកដែលចេញមកយកត្រីដែលនេសាទបាន។ គាត់បានរត់គេចតែត្រូវបានចាប់យកវិញមកទូកដដែល»។

លោក Kaori Kawarabayashi ប្រធានប្រចាំតំបន់របស់អង្គការសកម្មភាពសហប្រតិបត្តិការប្រឆាំងនឹងការជួញដូរមនុស្សរបស់អង្គការសហប្រជាជាតិ បានឲ្យដឹងតាមរយៈអ៊ីមែលមួយថា ការស្ទង់មតិនៅឆ្នាំ ២០១៣ របស់អង្គការ ILO ទៅលើអ្នកនេសាទចំនួន ៦០០ នាក់ បានរកឃើញថា ៩ ភាគរយនៃ «ជនជាតិកម្ពុជាដែលត្រូវបានសម្ភាសន៍ស្ថិតនៅក្នុងស្ថានភាពដែលត្រូវគេបង្ខំឲ្យធ្វើការ»។ លោកបានលើកទឡ្ហីករណ៍ថា ប្រទេសកម្ពុជាត្រូវតែ «ផ្តោតគោលដៅលើបុគ្គលឬស្ថាប័នចម្បងដែលទទួលផលប្រយោជន៍ពីការកេងប្រវ័ញ្ញលើមនុស្ស» និង កាត់បន្ថយការចំណាយលើសម្រាប់ការជួលមនុស្សធ្វើការ ដោយបានកត់សម្គាល់ថា «សោហុយខ្ពស់ ជាទូទៅ នាំទៅរកការជំពាក់បំណុល ដែលអាចក្លាយជាមធ្យោបាយបង្ខិតបង្ខំឲ្យមនុស្សនៅតែស្ថិតនៅក្នុងបរិស្ថានដែលពោរពេញទៅដោយការកេងប្រវ័ញ្ញ»៕ Leonie Kijewski/TN

website_news/2017260502.txt · Last modified: 2017/05/26 14:55 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki