website_news:2017260503

កម្ពុជាប្ដេជ្ញាលុបបំបាត់ពលកម្មកុមារក្នុងទម្រង់ធ្ងន់ធ្ងរឲ្យអស់នៅត្រឹមឆ្នាំ២០២៥

http://www.rfa.org/khmer/news/ ដោយ ហង្ស សាវយុត 2017-05-25

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង ថ្លែងនៅក្នុងពេលបើកសិក្ខាសាលាចែករំលែកចំណេះដឹងផ្នែកអធិការកិច្ចការងារ និងលុបបំបាត់ពលកម្មកុមារ នាខេត្តសៀមរាប ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧។ រដ្ឋមន្ត្រីក្រសួងការងារនៃប្រទេសកម្ពុជា មើលឃើញថា បច្ចុប្បន្ន ដោយសារតែលំហូរសេរីផ្នែកពាណិជ្ជកម្ម បច្ចេកវិទ្យា និងមូលធននៅក្នុងបណ្ដារដ្ឋនៃសមាជិកអាស៊ាន បានជះឥទ្ធិពលធ្ងន់ធ្ងរដល់កុមារ ដោយសារតែតម្រូវការកម្លាំងការងារ និងការគ្រប់គ្រងនៃសង្វាក់ផលិតកម្មនានា។ ការលុបបំបាត់ពលកម្មកុមារក្នុងទម្រង់ធ្ងន់ធ្ងរ គឺជាការទទួលខុសត្រូវរបស់រដ្ឋដែលជាសមាជិករបស់អាស៊ាននៅក្នុងបរិបទការងារស្តង់ដារថ្នាក់តំបន់ និងសកលផងដែរ។

ប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា អាស៊ាន (ASEAN) ទាំង១០ រួមនឹងអ្នកជំនាញផ្នែកការងារអន្តរជាតិជាច្រើនរូបទៀត បានចូលរួមសិក្ខាសាលាដើម្បីចែករំលែកចំណេះដឹងផ្នែកអធិការកិច្ចការងារ និងលុបបំបាត់ពលកម្មកុមារក្នុងវិស័យសេដ្ឋកិច្ចមិនរៀបរយនៅឯខេត្តសៀមរាប នៅព្រឹកថ្ងៃពុធ ទី២៤ ខែឧសភា។

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺលោក អ៊ិត សំហេង។ លោកថ្លែងនៅក្នុងពេលបើកសិក្ខាសាលានោះថា បច្ចុប្បន្ន ដោយសារតែលំហូរសេរីផ្នែកពាណិជ្ជកម្ម បច្ចេកវិទ្យា និងមូលធននៅក្នុងបណ្ដាប្រទេសជារដ្ឋនៃសមាជិកអាស៊ាន បានជះឥទ្ធិពលធ្ងន់ធ្ងរដល់កុមារដោយសារតែតម្រូវការកម្លាំងការងារ និងការគ្រប់គ្រងនៃសង្វាក់ផលិតកម្មនានា។ លោករដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ថ្លែងទៀតថា កម្ពុជា ប្ដេជ្ញាលុបបំបាត់ការប្រើប្រាស់ពលកម្មកុមារក្នុងទម្រង់ធ្ងន់ធ្ងរឲ្យអស់នៅត្រឹមឆ្នាំ២០២៥ ខាងមុខ។ ជាមួយគ្នានេះដែរ នៅក្នុងបណ្ដាប្រទេសដែលជាសមាជិកអាស៊ាន ក៏ត្រូវបានដោះស្រាយតាមរយៈសេចក្តីប្រកាសរបស់អាស៊ានស្ដីពីសិទ្ធិរបស់កុមារ និងផែនទីបង្ហាញផ្លូវក្នុងការលុបបំបាត់ពលកម្មកុមាររបស់អាស៊ានដែរ៖ «ការចូលរួមលុបបំបាត់ពលកម្មកុមារ គឺជាកត្តាចម្បងក្នុងការចូលរួមអភិវឌ្ឍនូវសេដ្ឋកិច្ចសង្គម នូវវឌ្ឍនភាពការងារ ដើម្បីពង្រឹងភាពប្រកួតប្រជែងការងាររបស់អាស៊ាន»។

អង្គការអន្តរជាតិខាងការងារ (ILO) និងអង្គការការងាររបស់សហរដ្ឋអាមេរិក កំពុងចូលរួមយ៉ាងសកម្មជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាន ក្នុងការលុបបំបាត់ពលកម្មកុមារនេះ។

មន្ត្រីជំនាញផ្នែករដ្ឋបាលការងារ និងអធិការកិច្ចរបស់អង្គការការងារអន្តរជាតិ ប្រចាំទីក្រុងបាងកក (Bangkok) លោក រ៉ូបឺត រ៉ឺនេ (Robert Rene) ថ្លែងថា ទាំងអង្គការអន្តរជាតិខាងការងារ និងរដ្ឋដែលជាសមាជិកអាស៊ាន ត្រូវតែធ្វើសកម្មភាពដ៏មានប្រសិទ្ធភាព ដើម្បីរួមគ្នាលុបបំបាត់ពលកម្មកុមារនៅក្នុងទម្រង់ធ្ងន់ធ្ងរ។ ទម្រង់ធ្ងន់ធ្ងរទាំងនោះមានដូចជា គ្រប់ទម្រង់នៃការបង្ខំឲ្យធ្វើការងារធ្ងន់ ការយកកុមារទៅធ្វើជាទាសករ ការយកកុមារទៅជួញដូរ រួមនឹងការប្រើកុមារនៅក្នុងអង្គភាពយោធា ជាដើម៖ «យើងពេញចិត្តយ៉ាងខ្លាំងក្នុងការបន្តនូវកិច្ចសហប្រតិបត្តិការរួមគ្នាដ៏ល្អជាមួយនឹងដៃគូអាស៊ាន ព្រមទាំងក្រុមការងារសង្គម ក្នុងអំឡុងពេលដែលចូលរួមរៀបចំគម្រោងការងារសម្រាប់លុបបំបាត់ការប្រើពលកម្មកុមារនេះ។ យើងក៏ថ្លែងអំណរគុណដល់អង្គការការងាររបស់សហរដ្ឋអាមេរិក ដែលជាអ្នកជួយជ្រោមជ្រែងដ៏សំខាន់សម្រាប់ការងារលុបបំបាត់ពលកម្មកុមារនៅក្នុងតំបន់នេះដែរ»។

របាយការណ៍របស់អង្គការសម្ព័ន្ធមិត្ត ៨.៧ ឲ្យដឹងថា បច្ចុប្បន្ន នៅទូទាំងពិភពលោក គឺមានកុមារចំនួន ១៦៨លាននាក់កំពុងធ្វើការនៅតាមកន្លែងនានា ហើយក្នុងចំណោមកុមារទាំងនោះ គឺមានចំនួន ៥,៥លាននាក់ ត្រូវបានគេបង្ខំឲ្យធ្វើការងារធ្ងន់ធ្ងរខុសពីអនុសញ្ញាអន្តរជាតិស្ដីពីសិទ្ធិរបស់កុមារ៕

website_news/2017260503.txt · Last modified: 2017/05/26 15:00 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki