website_news:2017260504

កម្ពុជាអនុញ្ញាតឲ្យនាំពលករទៅធ្វើការតាមផ្ទះនៅម៉ាឡេស៊ីឡើងវិញ

http://www.vodhotnews.html ដោយៈ ពៅ មេត្តា ថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០១៧ ម៉ោង 4:49 PM

កម្ពុជា បានព្រមព្រៀងដកបំរាមដែលបានដាក់ចេញ៦ឆ្នាំមកនេះ ហើយអនុញ្ញាតឲ្យបញ្ជូនពលករទៅធ្វើការតាមផ្ទះនៅប្រទេសម៉ាឡេស៊ីជាថ្មី។ រដ្ឋមន្ត្រីធនធានមនុស្សម៉ាឡេស៊ីលោក Richard Riot ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានម៉ាឡេស៊ី Bernama នៅថ្ងៃទី២៥ខែឧសភានេះថា លោកបានជួបជាមួយភាគីកម្ពុជារួចហើយ ពិភាក្សាពីការបញ្ជូនពលករខ្មែរទៅធ្វើការតាមផ្ទះនៅម៉ាឡេស៊ីជាថ្មីទៀត។ បើតាមលោក Richard Riot ថ្លែងថា ក្រោយពិធីបុណ្យសាសនាឥស្លាម ហៅបុណ្យស្រាយបួស នៅចុងខែមិថុនានោះ នឹងមានការបញ្ជូនពលករខ្មែរទៅធ្វើការតាមផ្ទះនៅម៉ាឡេស៊ីជាថ្មីទៀត។

កាលពីឆ្នាំ២០១១ កម្ពុជាបានសម្រេចផ្អាកការបញ្ជូនស្ត្រីខ្មែរទៅធ្វើការតាមផ្ទះនៅម៉ាឡេស៊ី ដោយសារមានបញ្ហាមួយចំនួនដូចជា ការរំលោភផ្លូវភេទ ការវាយដំធ្វើទារុណកម្ម និង ការបង្អត់អាហារ រហូតដល់ស្លាប់ក៏មាន។ ទង្វើហិង្សានិង ការរំលោភបំពានទាំងនេះគឺភាគច្រើនបង្កឡើងដោយម្ចាស់ផ្ទះជាថៅកែរបស់ពួកគេ។

សង្គមស៊ីវិលដែលសិក្សាពីសិទ្ធិពលករចំណាកស្រុកលើកឡើងថា មូលហេតុដែលពលករខ្មែរនៅម៉ាឡេស៊ីរងការធ្វើទារុណនោះភាគច្រើន ដោយសារបញ្ហា មិនយល់ពីភាសាទំនាក់ទំនង វប្បធម៌ប្រពៃណី ព្រោះពលករខ្មែរភាគច្រើនកាន់សាសនាព្រះពុទ្ធ ចំណែកនៅម៉ាឡេស៊ីភាគច្រើនកាន់សាសនាឥស្លាម៕

website_news/2017260504.txt · Last modified: 2017/05/26 15:02 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki