website_news:20172606001

នាំមនុស្សទៅលក់នៅចិន ៤នាក់ តុលាការដាក់ទោស ម្នាក់២ឆ្នាំ អនុវត្តក្នុងគុកតែម្នាក់

http://www.a-n-n-news.html ដោយ: ឡុក សំរិត ថ្ងៃសៅរ៌ ទី២៤ ខែមិថុនា ឆ្នាំ២០១៧

រាជធានីភ្នំពេញ៖ ក្រោយពីបានបើកសវនាការកាលពីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅ នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ លោក អ៊ី ឋាវរៈ ចៅក្រមជំន៊ំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោស ជនជាប់ចោទទី១ ឈ្មោះ ឃីម ចន្ទ្រា ហៅ ឆាយ ភេទប្រុស ជាកូន ទី២ឈ្មោះ ប៊ុន ហួរ ភេទស្រី ជាម្តាយ និងទី៣ឈ្មោះ ប៊ុន ស៊ីម ភេទស្រី ជាអ៊ំស្រី ដាក់ពន្ធនាគារ ក្នុងម្នាក់ៗ ចំនួន ២ឆ្នាំ ដោយអនុវត្តទោសត្រឹម១ឆ្នាំក្នុងពន្ធនាគារ រាជធានីភ្នំពេញ PJ ទោសនៅសល់ត្រូវព្យួរធម្មតា និងពិន័យក្នុងម្នាក់ៗ ៤លានរៀលចូលជាថវិការដ្ឋ ពីបទ ការទទួលយកមនុស្សដោយខុសច្បាប់មានគោលដៅជួយដល់ជនល្មើស ប្រព្រឹត្តនៅប្រទេសវៀតណាម អំឡុងខែមិថុនា ឆ្នាំ២០១៦។

នៅក្នុសវនាការកាលពីពេលកន្លងទៅជនជាប់ចោទ ឈ្មោះ ឃីម ចន្ទ្រា ហៅ ឆាយបានបដិសេធថា ខ្លួនមិនបានយកជនរងគ្រោះ ស្ត្រីខ្មែរ ៤នាក់ទៅលក់នៅស្រុកចិនអីនោះទេ គឺមានស្ត្រីជនជាតិវៀតណាមម្នាក់ពឹងឱ្យខ្លួនជួយបំពេញឯកសារនៅព្រលានយន្ត ហោះនៅប្រទេសវៀតណាម និងសុំជនរងគ្រោះរួមដំណើរជាមួយខ្លួនទៅប្រទេសភូមា តែប៉ុណ្ណោះ។ ជនជាប់ចោទនិយាយថា ស្ត្រីវៀតណាម ប្រាប់ខ្លួនថា ពេលទៅដល់ប្រភូមា មានបុរសម្នាក់ចាំទទួលស្ត្រីខ្មែរ ទាំង៤នាក់នោះហើយ។

ផ្ទុយពីការអះអាងរបស់ជនជាប់ចោទឈ្មោះឃីម ចន្ទ្រា ហៅ ឆាយ ជនរងគ្រោះ ២នាក់ (មិនអាចដាក់ឈ្មោះបាន) ក្នុងចំណោម ៤នាក់ដែលចូលរួមក្នុងសវនាការ បាននិយាយថា ការនិយាយរបស់ជនជាប់ចោទជារឿងប្រឌិតទាំងអស់ ពោលគឺដើម្បីដោះខ្លួនពីសំណាញ់ច្បាប់ ដោយដាក់កំហុសលើជនជាតិវៀតណាម និងភូមាទៅវិញ។ ការពិតនោះគឺ ពួកគេ ត្រូវបានឈ្មោះ ចាន់ សុខឃីម ហៅ សុភាព បានទៅបញ្ចុះបញ្ចូលថា គេត្រូវការអ្នកធ្វើការនៅប្រទេសសឹង្ហបុរី ទទួលបានប្រាក់ខែច្រើន ដោយជឿលើសម្តីជននោះ ទើបពួកគេទាំង ៤នាក់ព្រមទៅ។ ក្រោយមកឈ្មោះ ចាន់ សុខឃីម ហៅ សុភាព បានរៀបចំឱ្យពួកខ្លួនជិះឡានក្រុងពីភ្នំពេញទៅប្រទេសវៀតណាម។ លុះដល់ប្រទេសវៀតណាម គឺមានឈ្មោះ ឃីម ចន្ទ្រា ហៅ ឆាយ ឈ្មោះ ប៊ុន ហួរ និងឈ្មោះ ប៊ុន ស៊ីម អ្នករៀបចំឱ្យបុរសវៀតណាមយកម៉ូតូមកឌុបពួកខ្លួន ទៅស្នាក់នៅផ្ទះលក់អីវ៉ាន់ចាប់ហួយមួយរយៈពេល៧ថ្ងៃទើបក្រុមជនជាប់ចោទ នាំពួកគេទៅព្រលានយន្តហោះ ជិះទៅប្រទេសភូមា។ ជនរងគ្រោះបន្ថែមថា រាល់ការចំណាយទាំងអស់ និងឯកសារជាការរៀបចំរបស់ក្រុមជនជាប់ចោទ ពួកគេចាំតែធ្វើតាមក្រុមជនជាប់ចោទតែប៉ុណ្ណោះ គ្មានស្ត្រីជនជាតិវៀតណាម និងបុរសជនជាតិភូមា ទេ។

នៅពេលទៅដល់ប្រទេសភូមា ដោយសារមិនអាចជិះយន្តហោះទៅចិនបាន ក្រុមជនជាប់ចោទបាននាំពួកគេមកប្រទេសវៀតណាមវិញ ដោយបំរ៉ុងជិះពីយន្តហោះពីវៀតណាមទៅប្រទេសចិនតែម្តង ពេលនោះពួកខ្លួនបានដឹងរឿងថា គេបោកយកទៅលក់នៅចិន ទើបពួកខ្លួនបាននាំគ្នាព្យាយាមរត់ចេញពីព្រលានយន្ត ហោះ តែក្រុមជនជាប់ចោទ គំរាម និងទាញឱ្យរងចាំជិះយន្តហោះទៅចិន។ ក្រោយមកទើបរត់រួចទៅជួបជនជាតិខ្មែរ អ៊ីស្លាមម្នាក់ជួយរំដោះ ចេញ និងបញ្ជូនមកប្រទេសខ្មែរវិញ។ ក្រុមជនរងគ្រោះបានប្តឹងទាមទារសំណងជំងឺចិត្ត សរុប ១២,០០០ដុល្លារ ពីក្រុមជនជាប់ចោទ។ ទោះជាយ៉ាងណាក្តីអង្គសវនាការបានកត់សម្គាល់ឃើញថា តំណាងអយ្យការបានព្យាយាមសួរសំនួរដោះបន្ទុកជនជាប់ចោទខណៈខ្លួនជាដើមបណ្ដឹងអាជ្ញា ដោយប្រើសំនួរ តើអ្នក (ជនជាប់ចោទ) ជួយយកអាសារគេ ដោយមិនមែនមានបំណង យកពួកគេទៅណាទេមែនទេ? ខ្ញ៊ំ (តំណាងអយ្យការ) ក៏ធ្លាប់ជួយ បំពេញបែបបទឱ្យគេដែរ ជាការជួយគេពេលគេមិនចេះភាសាបរទេស។ លោក ចែ សុង បានអះអាងថា ជងរងគ្រោះមិនមានភស្តុតាងដើម្បីដាក់បន្ទុកលើជនជាប់ទេ ហើយជនរងគ្រោះក៏បានទទួលសំណងពីជនជាប់ចោទរួចហើយដែរ។

ជាការឆ្លើយតបក្រុមមេធាវី ការពារសិទ្ធិជនរងគ្រោះ បានអះអាងថា ពួកគេមានវីដេអូ បញ្ជាក់ច្បាស់ថា ជនជាប់ចោទពិតជាបានប្រព្រឹត្តបទល្មើសដូចជនរងគ្រោះចោទប្រកាន់មែន៕

website_news/20172606001.txt · Last modified: 2017/06/25 15:29 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki