website_news:20172606005

ជនជាប់ចោទរឿងនាំស្ដ្រីខ្មែរ ទៅការប្ដីចិន អាចនឹងចេញពីពន្ធនាគារឆាប់ៗ

http://www.phnompenh-post-news.html Mon, 26 June 2017 នៀម ឆេង

ភ្នំពេញៈ ជនជាប់ចោទ ៣ នាក់ជាប់ចោទរឿងនាំស្ត្រីខ្មែរ ៤ នាក់ទៅការប្តីចិននឹងចេញពីពន្ធនាគារឆាប់ៗនេះក្រោយពេលតុលាការកាត់ទោសពួកគេពីបទមជ្ឈិមឲ្យជាប់ពន្ធនាគារកំណត់ ២ ឆ្នាំ តែព្យួរទោស ១ ឆ្នាំ ខណៈជនជាប់ចោទក្នុងសំណុំរឿងមួយទៀតដែលពាក់ព័ន្ធគ្នាត្រូវជាប់ទោស ១០ ឆ្នាំ។ ជនជាប់ចោទ ៣ នាក់ត្រូវជាកូន ម្តាយ និងម្តាយមីងត្រូវបានលោក អ៊ី ឋាវរៈ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញប្រកាសផ្តន្ទាទោសកាលពីថ្ងៃសុក្រ ដោយសម្រេចដាក់ពន្ធនាគារម្នាក់ៗកំណត់ ២ ឆ្នាំ ប៉ុន្តែត្រូវអនុវត្តទោសតែ ១ ឆ្នាំប៉ុណ្ណោះ។ ជនដែលតុលាការរកឃើញថាមានពិរុទ្ធទាំង ៣ នាក់មានឈ្មោះ ឃឹម ចន្ទ្រា ហៅ ឆាយ ភេទប្រុសត្រូវជាកូនរបស់ជនជាប់ចោទឈ្មោះ ប៊ុន ហូរ និង ម្នាក់ទៀតឈ្មោះ ប៊ុន ស៊ីម ម្តាយមីងរបស់ ចន្ទ្រា ។

នេះបើយោងតាមលោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ជនទាំង ៣ នាក់ជាប់ចោទបទមជ្ឈិមគឺ «ការទទួលយកមនុស្សដោយមានគោលដៅជួយដល់ជនល្មើស» តាមមាត្រា ២០ នៃច្បាប់ប្រឆាំងការជួញដូរមនុស្សដែលត្រូវជាប់ពន្ធនាគារចន្លោះពី ២ ឆ្នាំទៅ ៥ ឆ្នាំ។ ក្រៅពីជាប់ពន្ធនាគារ ១ ឆ្នាំជនជាប់ចោទទាំង ៣ នាក់ក៏តម្រូវឲ្យបង់ប្រាក់ពិន័យម្នាក់ៗចំនួន ៤ លានរៀលចូលថវិការដ្ឋ ប៉ុន្តែមិនបាននិយាយរឿងសំណងដល់ជនជាប់ចោទឡើយ។ ក៏ប៉ុន្តែកាលពីសវនាការនៅថ្ងៃទី ១៥ ខែមិថុនាកន្លងទៅជនរងគ្រោះ ២ នាក់បានប្រាប់តុលាការថាគេបានទទួលប្រាក់ម្នាក់ ២០០០ ដុល្លារក្រៅប្រព័ន្ធតុលាការជាថ្នូរនឹងការដកពាក្យបណ្តឹងលើជនជាប់ចោទ។

ដោយឡែកជនជាប់ចោទម្នាក់ទៀតដែលត្រូវបានបំបែកចេញពីសំណុំរឿងនេះ មានឈ្មោះ ចាន់ សុខឃីម អាយុ ៤៦ ឆ្នាំជាប់ចោទពីបទឧក្រិដ្ឋគឺបទ «ការជ្រើសរើសដោយមិនស្របច្បាប់សម្រាប់កេងប្រវ័ញ្ច» ដែលត្រូវជាប់ពី ៧ ទៅ ១៥ ឆ្នាំ។ លោក លី សុផាណា បានបញ្ជាក់ថាជនជាប់ចោទរូបនេះត្រូវបានកាត់ទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ ប៉ុន្តែមិនមានការផាកពិន័យ ឬសំណងដល់ជនរងគ្រោះទេ បើទោះបីជនជាប់ចោទម្នាក់ៗទាមទារ ១០០០ ដុល្លារពីជាប់ចោទក្តី។

កាលពីសវនាការនៅថ្ងៃទី ១៥ ខែមិថុនាជនរងគ្រោះពីរនាក់ក្នុងចំណោម ៤ នាក់បានរៀបរាប់ថាពួកគេ ៤ នាក់ត្រូវបានឈ្មោះ ចាន់ សុខឃីម ប្រាប់ថាយកទៅធ្វើការនៅប្រទេសសិង្ហបុរីដោយទទួលបានប្រាក់ខែ ៥០០ ដុល្លារក្នុងមួយខែ។ ប៉ុន្តែពួកគេត្រូវបានគេនាំទៅប្រទេសវៀតណាមហើយបន្តទៅប្រទេសភូមាក្នុងបំណងចេញទៅប្រទេសចិនដើម្បីរៀបការជាមួយបុរសចិន។

ពួកគេថ្លែងថា ការធ្វើដំណើរតាមយន្តហោះពីវៀតណាមទៅប្រទេសភូមា និងត្រឡប់មកវៀតណាមវិញគឺមានឈ្មោះ ឃឹម ចន្ទ្រា ឈ្មោះ ប៊ុន ហួរ និង ប៊ុន ស៊ីម ជាអ្នកជូនដំណើរព្រមទាំងបានប្រាប់ពួកគេថាពួកគេត្រូវធ្វើដំណើរទៅប្រទេសចិនដោយឡានក្រុងក្រោយពេលមិនអាចរកទិដ្ឋាការទៅតាមយន្តហោះបាន។ ក៏ប៉ុន្តែពួកគេត្រូវបានស្ត្រីខ្មែរអ៊ិស្លាមម្នាក់ជួយសង្គ្រោះឲ្យរត់គេចពីជនទាំង ៣ នាក់នៅព្រលានយន្តហោះក្នុងក្រុងហាណូយ។

ទាក់ទងកាលពីម្សិលមិញទាំងមេធាវីជនជាប់ចោទ និងមេធាវីជនរងគ្រោះបានអះអាងថាពួកគាត់មិនទាន់បានដឹងពីសាលក្រមរបស់តុលាការនៅឡើយ។ ប៉ុន្តែលោកមេធាវី សន គីណាល់ ដែលការពារឲ្យឈ្មោះ ឃឹម ចន្ទ្រា, ប៊ុន ហួរ និង ប៊ុន ស៊ីម បានអះអាងជាថ្មីថាកូនក្តីរបស់លោកមិនបានប្រព្រឹត្តកំហុសទេ តែផ្ទុយទៅវិញបានជួយដល់ជនរងគ្រោះដែលមិនចេះបំពេញបែបបទក្នុងការធ្វើដំណើរតាមយន្តហោះ។ លោកថ្លែងថា៖ «ខ្ញុំបានស្នើឲ្យតុលាការលើកលែងបទចោទ។ គាត់ទៅលេងភូមាហើយបានជួយបំពេញហ្វមឲ្យគេ។ បើគ្រាន់តែជួយបំពេញហ្វមឲ្យគេជួយមើលគេ ហើយមានទោសដែរ អាហ្នឹងមិនដឹងថាយ៉ាងម៉េចទេផ្លូវច្បាប់? ទុកឲ្យតុលាការគេរកទៅ។ បើជនរងគ្រោះថាកូនក្តីខ្ញុំចាប់ ឬពង្រត់យកទៅលក់អីណា កេងប្រវ័ញ្ចអីណាខុសច្បាប់ ចុះទៅដើរលេងនៅភូមាគាត់មានឱកាសរត់តើ។ បើកូនក្តីខ្ញុំចាប់មែន គាត់រត់ទៅប្តឹងប៉ូលិសភូមាឲ្យចាប់ទៅ»។ ការអះអាងរបស់លោកស្រដៀងទៅនឹងព្រះរាជអាជ្ញា ចែ សុង ដែលបានថ្លែងកាលពីថ្ងៃសវនាការ។

ទោះបីយ៉ាងណាជនរងគ្រោះម្នាក់ឈ្មោះ គៀន នី បានរៀបរាប់ប្រាប់សនវនាការសាធារណៈថាជនជាប់ចោទទាំង ៣ នាក់ពិតជាបានយកពួកគេពីវៀតណាមទៅភូមារៀបចំការស្នាក់នៅហូបចុក និងបានបង្ខំមិនឲ្យពួកគេចេញពីព្រលានយន្តហោះនៅទីក្រុងហាណូយពិតប្រាកដមែន។ ជនជាប់ចោទទាំងអស់ត្រូវបានឃុំខ្លួននៅថ្ងៃទី ៦-៧ កក្កដា ២០១៦ ។ ដូច្នេះជនជាប់ចោទ ៣ នាក់គឺ ឃឹម ចន្ទ្រា, ប៊ុន ហួរ និង ប៊ុន ស៊ីម ដែលផ្តន្ទាទោស ២ ឆ្នាំ និងព្យួរ ១ ឆ្នាំនឹងត្រូវចេញពីពន្ធនាគារនៅដើមខែក្រោយនេះ បើមិនមានបណ្ដឹងឧទ្ធរណ៍ពីជនរងគ្រោះ៕

website_news/20172606005.txt · Last modified: 2017/06/26 14:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki