website_news:2017260701

កម្ពុជាមិនបានយកទារកធ្វើជាឧបករណ៍សម្រាប់ធ្វើអាជីវកម្មទេ"

http://kleykley.sabay.com.kh/article/ ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៧ ម៉ោង 20:22

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រឆាំងការជួញដូរ បានដឹកនាំផ្សព្វផ្សាយគោលការណ៍ណែនាំស្តីពីបែបបទ និងនីតិវិធីសម្រាប់ការស្នើសុំទារក ករណីពពោះជំនួស ដើម្បីយកទៅចិញ្ចឹមនៅក្រៅប្រទេស។ កិច្ចប្រជុំផ្សព្វផ្សាយនេះ ធ្វើនៅក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ ដោយមានការចូលរួមពីឯកអគ្គរដ្ឋទូត និងតំណាងស្ថានទូតប្រចាំនៅកម្ពុជា និងមន្ត្រីក្រសួង ស្ថាប័នដែលពាក់ព័ន្ធ។

លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានមានប្រសាសន៍ថា នេះគឺជាកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលស្តីពីការរកដំណោះស្រាយក្នុងការផ្តល់សុវត្ថិភាពដល់ទារកដែលកើតឡើងពីការពពោះជំនួស ដែលកន្លងមកនេះ រាជរដ្ឋាភិបាលបានចេញជាគោលការណ៍ណែនាំមួយអនុញ្ញាតឲ្យនាំទារកចេញទៅចិញ្ចឹមក្រៅប្រទេស ប៉ុន្តែតម្រូវឲ្យអ្នកដែលជាឪពុកត្រូវបំពេញលក្ខខណ្ឌមួយចំនួន ដូចជា ត្រូវហ៊ានចេញមុខស្នើសុំ បញ្ជាក់អំពីគោលបំណង និងការធានាណាមួយថា គាត់មានលទ្ធភាពគ្រប់គ្រាន់នៅក្នុងការចិញ្ចឹមកូន និងយកកូននោះទៅចិញ្ចឹមជាកូនរបស់គាត់ពិតប្រាកដ។

លោកស្រី ជូ ប៊ុនអេង បានបញ្ជាក់ថា គោលបំណងសំខាន់ នៃកិច្ចប្រជុំនេះ គឺដើម្បីផ្សព្វផ្សាយដល់តំណាងស្ថានទូតប្រចាំនៅកម្ពុជា (ចំនួន១៩ ចូលរួមប្រជុំ) ឲ្យដឹងរឿងនេះ កុំឲ្យមានន័យថា ស្ថានទូតអត់ដឹងរឿង តែតាមពិតបានផ្សព្វផ្សាយរួចហើយតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ជាពិសេសនោះ គឺចង់ឲ្យស្ថានទូតនៃប្រទេសជាមិត្ត ឲ្យយល់ពីនីតិវិធីនៅកម្ពុជា និងសហការគ្នា នៅក្នុងគោលបំណងមួយ នៃការប្រឆាំងការជួញដូរមនុស្សទាំងអស់គ្នា៕ អត្ថបទ៖ ឈាង.

website_news/2017260701.txt · Last modified: 2017/07/26 13:25 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki