website_news:2017260704

រយៈពេល៦ខែ សមត្ថកិច្ច បង្ក្រាបអំពើជួញដូរមនុស្សនិងផ្លូវភេទ ជាង៦0ករណី

http://www.thmey-thmey-news.html 25, Jul 2017 , 7:19 pm

របាយការណ៍ពីការជួញដូរមនុស្សនិងអាជីវកម្មផ្លូវភេទ ត្រូវអគ្គស្នងការនគរបាលជាតិ ផ្សព្វផ្សាយក្នុងកិច្ចប្រជុំស្តីពី «ការបូកសរុបសភាពការណ៍ ការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំឆមាសទី១ និងទិសដៅការងារ ឆមាសទី២ ឆ្នាំ២០១៧»។

ភ្នំពេញ៖ ចាប់តាំងពីខែមករា ដល់ខែមិថុនា ឆ្នាំ២0១៧នេះ សមត្ថកិច្ច បានបង្ក្រាបអំពើជួញដូរមនុស្សចំនួន១៥ករណី និងអាជីវកម្មផ្លូវភេទ ចំនួន៤៨ករណី។ នេះបើតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ។ នៅព្រឹកថ្ងៃចន្ទនេះ អគ្គស្នងការនគរបាលជាតិ បានបើកកិច្ចប្រជុំ ដើម្បី «បូកសរុបសភាពការណ៍ ការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំឆមាសទី១ និងទិសដៅការងារ ឆមាសទី២ ឆ្នាំ២0១៧»។

របាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ក្នុងប្រតិបត្តិការនៃការបង្ក្រាបអំពើជួញដូរមនុស្សទាំង១៥ករណី សមត្ថកិច្ច បានចាប់ជនល្មើសចំនួន២២នាក់ (ជនបរទេស ៦នាក់) និងបានរំដោះជនរងគ្រោះចំនួន៤២នាក់។ ផ្អែកលើរបាយការណ៍ដដែល សមត្ថកិច្ច បានរំដោះជនរងគ្រោះចំនួន១0២នាក់ទៀត ដែលរងគ្រោះដោយសារអាជីវកម្មផ្លូវភេទទាំង៤៨ករណី ដោយចាប់បានជនល្មើសចំនួន៥0នាក់ (ជនបរទេស១នាក់)។

ប្រភេទបទល្មើសថ្មីចំនួន២ទៀត ទាក់ទងនឹងការជួញដូរមនុស្សនិងអាជីវកម្មផ្លូវភេទ ដែលទើបនឹងកើតមាន ក្នុងប្រទេសប្រទេសកម្ពុជា ក៏ត្រូវបានសមត្ថកិច្ច បង្ក្រាបដែរ។ បទល្មើសទាំង២នោះគឺ ការជួលស្ត្រីឲ្យពរពោះជំនួស ក្នុងតម្លៃពី ១ម៉ឺនដុល្លារ ទៅ១ម៉ឺន២ពាន់ដុល្លារ និងការជួញដូរសរីរាង្គ។ នៅក្នុងរបាយការណ៍ ដែលផ្សព្វផ្សាយនៅថ្ងៃនេះ អគ្គស្នងការនគរបាលជាតិ បានលើកឡើងដូច្នេះថា៖«ការជួញដូរមនុស្សនិងអាជីវកម្មផ្លូវភេទ គឺជាប្រភេទបទល្មើស ដែលនៅតែបន្តកើតមាន និងមានភាពស្មុគស្មាញ ដោយពិបាកក្នុងការទប់ស្កាត់»៕

website_news/2017260704.txt · Last modified: 2017/07/26 13:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki