website_news:2017260705

រដ្ឋាភិបាលបើកផ្លូវឲ្យជនបរទេស នាំទារកកើតដោយការពពោះជំនួសចេញពីកម្ពុជា

http://www.phnompenh-post-news.html Wed, 26 July 2017 គង់ មេត្ដា and ឆាយ ច័ន្ទនីដា

ភ្នំពេញៈ ក្រសួងមហាផ្ទៃកាលពីម្សិលមិញបានបញ្ចេញនីតិវិធីតម្រូវឲ្យមានការបំពេញបែបបទដើម្បីអាចនាំទារកចេញពីកម្ពុជាតាមរយៈការជួលស្ត្រីខ្មែរឲ្យពពោះជំនួស ប៉ុន្តែនីតិវិធីនេះគឺអនុវត្តបានត្រឹមតែខែមករា ឆ្នាំ ២០១៨ តែប៉ុណ្ណោះដែលនេះគឺជាការសម្រួលឲ្យឪពុកជាជនបរទេសអាចនាំទារកចេញទៅចិញ្ចឹមបីបាច់នៅប្រទេសរបស់ខ្លួនចៀសវាងការនាំចេញក្នុងគោលដៅខុសច្បាប់។

គោលការណ៍ណែនាំស្តីពីបែបបទ និងនីតិវិធីសម្រាប់ការស្នើសុំទារកករណីនៃការពពោះជំនួសដើម្បីយកទៅចិញ្ចឹមនៅក្រៅប្រទេសដែលមាន ៤ ទំព័រនេះត្រូវបានលោក ស ខេង ឧបនាយករដ្ឋមន្ត្រីចុះហត្ថលេខាតាំងពីខែមិថុនា និងទើបតែបានបើកកិច្ចប្រជុំផ្សព្វផ្សាយ និងដាក់ឲ្យប្រើប្រាស់កាលពីម្សិលមិញដល់មន្ត្រីពាក់ព័ន្ធ និងតំណាងស្ថានទូតបរទេសនានានៅកម្ពុជា។

តាមគោលការណ៍នេះគឺ «ដើម្បីដោះស្រាយបាតុភាពនៃការពពោះជំនួស» ក្នុងថ្ងៃដែលចេញសេចក្តីជូនដំណឹងរបស់រដ្ឋាភិបាលចេញខែមីនាលើករណីពពោះជំនួសរហូតដល់ថ្ងៃទី ៨ ខែមករាឆ្នាំ ២០១៨ ដែលបែបបទនេះបានតម្រូវឲ្យជនបរទេសជាឪពុកដាក់ពាក្យស្នើសុំតាមរយៈស្ថានទូតខ្លួននៅកម្ពុជាដែលឯកសារទាំងនោះមានពាក្យស្នើសុំលិខិតបញ្ជាក់លំនៅឋានរបាយការណ៍សង្ខេបគ្រួសារ លិខិតថ្កោលទោសលិខិតបញ្ជាក់ស្ថានភាពហិរញ្ញវត្ថុ កិច្ចសន្យាអ្នកស្នើសុំស្តីពីការវិវត្តរបស់កុមារក្រោមការទទួលខុសត្រូវរបស់ខ្លួនរហូតដល់អាយុ ១៨ ឆ្នាំជាដើម។

គោលការណ៍នេះបន្ថែមថា៖ «ទន្ទឹមនឹងនេះបុរសដែលអះអាងថាជាឪពុកត្រូវដាក់ពាក្យទៅតុលាការភ្ជាប់ដោយភ័ស្តុតាងកោសល្យវិច័យ DNA ដើម្បីសុំការសម្រេចពីតុលាការបញ្ជាក់ពីបិតុភាព និងការផ្ទេរសិទ្ធិអាណាព្យាបាលលើទារកពីស្ត្រីពពោះទៅឲ្យខ្លួនជាជនបរទេសទើបមានសិទិ្ធនាំទារកទៅចិញ្ចឹមនៅប្រទេសខ្លួនបាន»។ មានចំណុចមួយចំនួនទៀតដែលគោលការណ៍បានណែនាំដល់អ្នកស្នើសុំ។

ទោះយ៉ាងណា «បែបបទ និងនីតិវិធីនេះនឹងត្រូវអនុវត្តចំពោះតែទារកដែលមានកំណើតដោយការពពោះជំនួសក្នុងចន្លោះពេលដែលកំណត់ខាងលើតែប៉ុណ្ណោះ។ ក្នុងករណីដែលខុសពីការកំណត់នេះនឹងត្រូវពិនិត្យដោះស្រាយតាមច្បាប់ជាធរមាន»។ តាមរយៈគោលការណ៍នេះរដ្ឋាភិបាលនឹងនៅតែមិនអនុញ្ញាតឲ្យមានការធ្វើការផ្សាំ ឬការជួញដូរកោសិកាជាលិកា សរីរាង្គមនុស្ស កោសិកាមេជីវិតញី ឬឈ្មោលដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាលនោះទេ ។ ពាក់ព័ន្ធនឹងគោលការណ៍នេះដែរគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក៏ស្នើឲ្យមានការពិនិត្យឲ្យបានហ្មត់ចត់តាមច្រកព្រំដែនចំពោះការនាំទារកចេញ «ចៀសវាងផ្តល់ឱកាសដល់ជនល្មើសប្រើជាមធ្យោបាយនាំទារកចេញដោយខុសច្បាប់»។

លោកស្រី រ៉ន សិរិលក្ខិណា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានថ្លែងកាលពីម្សិលមិញថាកិច្ចប្រជុំម្សិលមិញមានការចូលរួមពីស្ថានទូតបរទេសចំនួន១៩។ «យើងត្រូវការសហប្រតិ បត្តិការពីពួកគាត់ពីព្រោះគាត់ជាអ្នកចេញឯកសារជូនពលរដ្ឋគាត់ហើយបញ្ជូនទៅក្រសួងការបរទេស(កម្ពុជា)»។

ជនម្នាក់ដែលបានយកទារកចេញពីកម្ពុជារួច ហើយមុនពេលរដ្ឋាភិបាលចេញសេចក្តីណែនាំរឿងពពោះនេះ បានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា បែបបទនាំទារកចេញមានភាពស្មុគស្មាញ និងប្រើរយៈពេលវែងដែលធ្វើឲ្យលោកមិនអាចរង់ចាំបាន។ «ខ្ញុំបានជ្រើសយកកម្ពុជាតាំងពីដើមជាកន្លែងសុំពពោះពីព្រោះនៅអាមេរិកថ្លៃណាស់។ ខ្ញុំមិនអាចចាំរហូតទាល់តែនីតិវិធីបានបញ្ចប់នោះទេ ព្រោះខ្ញុំមានការងារធ្វើនៅប្រទេសខ្ញុំ»។

វិស័យស៊ីឈ្នួលពពោះជំនួសរបស់កម្ពុជាបានរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេលចុងក្រោយនេះ បន្ទាប់ពីការស៊ីឈ្នួលពពោះជំនួសត្រូវបានហាមឃាត់នៅប្រទេសឥណ្ឌា ប្រទេសថៃ និងប្រទេសនេប៉ាល់កាលពីឆ្នាំ ២០១៥។ ក្រសួងមហាផ្ទៃឱ្យដឹងថាអាជីវកម្មស៊ីឈ្នួលពពោះជំនួសគឺជាសកម្មភាពខុសច្បាប់ ប៉ុន្តែការអនុវត្តនេះនៅតែស្ថិតក្នុងចន្លោះប្រហោងនៃច្បាប់ ខណៈដែលកម្ពុជាមិនទាន់មានច្បាប់ស្តីពីការស៊ីឈ្នួលពពោះជំនួសនៅឡើយ។

របាយការណ៍ឆមាសទី ១ របស់នគរបាលជាតិដែលផ្សព្វផ្សាយកាលពីថ្ងៃទី ២៤ កក្កដាបានកត់សម្គាល់នូវករណីស៊ីឈ្នួលពពោះថាគឺជា «ប្រភេទបទល្មើសថ្មី» ក្នុងការជួញដូរមនុស្ស៕

website_news/2017260705.txt · Last modified: 2017/07/26 13:42 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki