website_news:2017260707

ក្រសួងការបរទេសបកស្រាយរឿងពលករខ្មែរធ្វើការក្នុងកសិដ្ឋានចិញ្ចឹមមាន់នៅថៃ រងការគាបសង្កត់

http://kleykley.sabay.com.kh/article/ ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៧ ម៉ោង 19:51

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា បន្ទាប់ពីមានការផ្សាយព័ត៌មានក្នុង Facebook អំពីករណីពលករខ្មែរចំនួន៦០០នាក់ ធ្វើការនៅក្នុងកសិដ្ឋានចិញ្ចឹមមាន់ ក្នុងខេត្តណាខនណាយុគ ប្រទេសថៃ ត្រូវថៅកែថៃគាបសង្កត់ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានទាក់ទងជាមួយមន្ទីរការងារខេត្តណាខនណាយុគ ហើយនៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ក្រុមការងារស្ថានទូតបានធ្វើដំណើរទៅដល់កសិដ្ឋាន ហើយទទួលបានព័ត៌មានដូចខាងក្រោម៖

ថៅកែថៃម្ចាស់កសិដ្ឋាន“ហ្វាមជុងចារើន” (Farm Jong Charoen) មានកសិដ្ឋានចំនួន ៣កន្លែង នៅក្នុងខេត្តណាខនណាយុគ ប្រទេសថៃ ដែលមានពលករខ្មែរធ្វើការប្រមាណជិត១០០០នាក់។ ប៉ុន្តែក្រោយការចេញច្បាប់អំពីពលករបរទេសមិនស្របច្បាប់ ពលករខ្មែរមួយចំនួនបានលាឈប់ ដោយភ័យខ្លាចការឃាត់ខ្លួននិងផាកពិន័យ ហើយបច្ចុប្បន្នមានពលករខ្មែរនៅសល់ប្រមាណ៤០០នាក់ ក្នុងនោះប្រមាណ៤០ភាគរយ ជាពលករមិនស្របច្បាប់។

ក្រុមការងារស្ថានទូតបានពន្យល់ថៅកែថៃ និងពលករ អំពីនីតិវិធី និងការចុះបញ្ជីពលករពុំស្របច្បាប់នៅមន្ទីរការងារខេត្ត ពីថ្ងៃ ២៤ កក្កដា ដល់ថ្ងៃ ៧ សីហា ២០១៧ ខាងមុខ។ ថៅកែថៃ បានយល់ច្បាស់ពីវិធានការថ្មីរបស់ក្រសួងការងារថៃ ហើយសន្យាថានឹងទៅចុះឈ្មោះពលករកម្ពុជា តាមទីកន្លែងនិងកាលបរិច្ឆេទខាងលើ។ បន្ទាប់ពីនោះ ពលករនឹងបន្តរង់ចាំក្រុមការងារផ្តល់ភាពស្របច្បាប់កម្ពុជា ចុះទៅធ្វើលិខិតធ្វើដំណើរជូន នាពេលខាងមុខ ក្នុងលិខិតធ្វើដំណើរមួយថ្លៃ ២៣៥០បាត (៧៥ ដុល្លារ) ដើម្បីអាចទទួលបានទិដ្ឋាការស្នាក់នៅ និងប័ណ្ណការងារស្របច្បាប់ នៅក្នុងមជ្ឈមណ្ឌលចេញចូលតែមួយរបស់ក្រសួងការងារថៃ។

អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់ថា តាមព័ត៌មានទទួលបានពីពលករ ថៅកែពុំបានជិះជាន់ ឬគាបសង្កត់កម្លាំងពលកម្មទេ។ ពលករ ទទួលបានប្រាក់ខែចន្លោះពី១៨០-៣២០ដុល្លារ។ ថៅកែបានផ្តល់ប្រាក់ខែ កន្លែងស្នាក់នៅ និងហូបចុក ដោយពុំគិតថ្លៃដល់ពលករទៀតផង។ ចំពោះសមាជិកគ្រួសារក្នុងបន្ទុករបស់ពលករ កសិដ្ឋានអនុញ្ញាតឲ្យស្នាក់អាស្រ័យនិងហូបចុកជាមួយ ដោយកាត់ប្រាក់ខែ ៥០០បាត សម្រាប់ប្តី/ប្រពន្ធរបស់ពលករ និង ២០០បាត សម្រាប់កុមារ៕ អត្ថបទ៖ ឈាង.

website_news/2017260707.txt · Last modified: 2017/07/26 13:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki