website_news:2017260711

អ្នកបើកឡានដឹកទំនិញម្នាក់ត្រូវជាប់ចោទពីបទជួញដូរមនុស្ស

https://khmer.voanews.com/ 25 កក្កដា 2017

បើតាមឯកសារមួយរបស់តុលាការបានត្រូវលាតត្រដាងឱ្យដឹងកាលពីថ្ងៃចន្ទ អ្នកបើកឡានម្នាក់ដែលជាប់សង្ស័យនៅក្នុងកិច្ចប្រតិបត្តិការជួញដូរមនុស្សមួយដែលបានបណ្តាលឱ្យមនុស្ស១០នាក់ស្លាប់បានត្រូវចោទប្រកាន់នៅក្នុងរដ្ឋ Texas ពីបទដឹកជញ្ជូនពួកជនអន្តោប្រវេសន៍ខុសច្បាប់។ អាជ្ញាធរបាននិយាយថា បុរសអាយុ៦០ឆ្នាំឈ្មោះ James Bradley Jr. មកពីរដ្ឋ Florida អាចប្រឈមនឹងទោសជាប់ពន្ធនាគារមួយជីវិត ឬទោសប្រហារជីវិតចំពោះការចោទប្រកាន់ទាំងនេះ។

លោក Bradley បានត្រូវចាប់ខ្លួនកាលពីថ្ងៃអាទិត្យនៅក្នុងក្រុង Antonio ក្រោយពីពួកប៉ូលិសបានរកឃើញសាកសពមនុស្ស៨នាក់នៅក្នុងផ្នែកខាងក្រោយនៃឡានរបស់គាត់នៅពេលមានធាតុអាកាសក្តៅនៅក្នុងកន្លែងចតឡានមួយនៃហាងលក់ទំនិញ Wallmart។ ជនរងគ្រោះពីរនាក់ទៀតបានស្លាប់នៅពេលបន្ទាប់មក ហើយជនឯទៀតៗបានចូលសម្រាកក្នុងមន្ទីរពេទ្យដើម្បីទទួលការព្យាបាលដោយច្រើននាក់មានស្ថានភាពធ្ងន់ធ្ងរនៅក្រោយសន្លប់ដោយសារមានកម្តៅខ្លាំង និងអស់កម្លាំងដោយសារធាតុអាកាសក្តៅ។ អាជ្ញាធរព្រួយបារម្ភថាចំនួនមនុស្សស្លាប់អាចកើនឡើងច្រើនជាងមុន។

បើតាមបណ្តឹងពីបទឧក្រិដ្ឋប្រឆាំងនឹងលោក Bradley ថា គាត់បាននិយាយប្រាប់ពួកអ្នកស៊ើបអង្កេតសហព័ន្ធថាគាត់បានបើកឡានពីក្រុង Schaller រដ្ឋ Iowa ទៅកាន់ក្រុង Brownsville រដ្ឋ Texas ហើយមិនបានដឹងថាមានមនុស្សនៅក្នុងឃ្លប់ដាក់ឥវ៉ាន់នៃរថយន្តនេះទេរហូតដល់ពេលគាត់ឈប់ឡាននៅក្រុង San Antonio។ បើតាមឯកសារតុលាការ លោក Bradley បានពណ៌នាថាគាត់បានបើកទ្វារឃ្លប់ដាក់ទំនិញឡានគាត់ «ហើយមានការភ្ញាក់ផ្អើលនៅពេលពួកជន» អំបូរអេស្ប៉ាញបានចេញពីឃ្លប់នោះបុកគាត់ដួលទៅដី។

«ពួកអ្នកស៊ើបអង្កេតនិយាយថា លោក Bradley បានហៅទូរសព្ទទៅប្រពន្ធគាត់ តែគាត់មិនបានហៅទូរសព្ទលេខ៩១១ទេទោះណាជាគាត់ដឹងថា មានមនុស្សស្លាប់ក្នុងឃ្លប់ឡានគាត់ក៏ដោយ។ បណ្តឹងនេះបាននិយាយថា ប្រពន្ធរបស់លោក Bradley មិនបានឆ្លើយតបនឹងការហៅទូរសព្ទរបស់គាត់ទេ។ ការរៀបរាប់របស់សាក្សីបានបញ្ជាក់ថា មានជនអន្តោប្រេវេសន៍ត្រូវជួញដូរយ៉ាងតិចណាស់១០០នាក់ស្ថិតនៅក្នុងឃ្លប់ឡាននោះនៅចំណុចខ្លះនៃការធ្វើដំណើរនេះ៕

website_news/2017260711.txt · Last modified: 2017/07/26 14:09 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki