website_news:2017260712

ខ្មែរ ១៥ នាក់ប្ដឹងនគរបាលក្រោយចាញ់បោកក្រុមហ៊ុនរើសពលករ

http://www.phnompenh-post-news.html Wed, 26 July 2017 គង់ មេត្ដា

ភ្នំពេញ: ប្រជាពលរដ្ឋមួយក្រុមបានធ្វើដំណើរពីខេត្តតាកែវ និង កំពតមកកាន់សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក្រុងភ្នំពេញដើម្បីដាក់ពាក្យបណ្ដឹងចោទប្រកាន់ក្រុមហ៊ុនជ្រើសរើសពលករមានឈ្មោះព្រូតភិចឃីង អូស្ត្រាលី ( Fruit Picking Australia) ដែលបោកបញ្ឆោតលុយជាច្រើនរយដុល្លារសហរដ្ឋអាមេរិក ខណៈដែលក្រុមហ៊ុននេះបានបិទទ្វារដោយមិនបានបញ្ជូនពលករខ្មែរទៅធ្វើការក្នុងរោងចក្រស្បែកជើងនៅហុងកុង និងចិន។

លោក ម៉ៅ សាវឿន នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ បានអះអាង កាលពីម្សិលមិញ បានទទួលពាក្យបណ្ដឹងរួចហើយចំនួន ១៥ ពាក្យបណ្ដឹងពីប្រជាពលរដ្ឋ ១៥ នាក់ដែលភាកច្រើនមកពីខេត្តកំពត និងតាកែវ។ លោកបានបញ្ជាក់ថាភ្នាក់ងារក្រុមហ៊ុនជ្រើសរើសពលករនេះបានបិទទ្វារមុនពេលដែលប្រជាពលរដ្ឋមកដាក់ពាក្យបណ្ដឹង។

លោក ប៉ុល ភិថេយ្យ ប្រធាននាយកដ្ឋានជួញដូរមនុស្សនៃក្រសួងមហាផ្ទៃបានបញ្ជាក់កាលពីម្សិលមិញថាបានទទួលពាក្យបណ្ដឹងរបស់ពលរដ្ឋរងគ្រោះរួចហើយ។ លោក បាន ថ្លែងថា៖ «យើងកំពុងធ្វើការស៊ើបអង្កេតរឿងនេះ។ ក្រុមនេះគឺក្រុមឆបោក»។

លោក សិទ្ធ បញ្ញា អាយុ ៤៧ ឆ្នាំមកពីស្រុកបន្ទាយមាស ឃុំសំរោង ខេត្តកំពតបានឲ្យដឹងថាគេបានទទួលដំណឹងជ្រើសរើសពលករនេះតាមរយៈការផ្សាយពាណិជ្ជកម្មនៅតាមវិទ្យុកាលពីខែមិថុនាថ្ងៃទី ១៤ ដោយមានលេខទូរស័ព្ទសម្រាប់ទំនាក់ទំនងដាក់ពាក្យមកក្រុមហ៊ុននេះហើយបានបំពេញពាក្យសុំកាលពីថ្ងៃទី ១៧ ខែ កក្កដា ដោយចំណាយអស់លុយ ២៥០ ដុល្លាររួមឯកសារសំខាន់មួយចំនួនដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ លិខិតបញ្ជាក់កំណើត។

លោក ស្រ៊ុន សុខឡេង អាយុ ២៧ ឆ្នាំ កសិករមកពីខេត្តតាកែវបានឲ្យដឹងថាសមាជិកគ្រួសារលោក ៨ នាក់បានចាញ់បោកគេដែរដែលចំណាយលុយអស់ ១៥០ ដុល្លារសម្រាប់ដាក់ពាក្យ ខណៈសមាជិកគ្រួសារខ្ញុំផ្សេងទៀតចំណាយ ២៥០ ដុល្លារក្នុងម្នាក់ៗ។

លោក មឿន តុលា នាយកប្រតិបត្តិអង្គការសង់ត្រាល់បានថ្លែងថាពលរដ្ឋខ្មែរដែលក្រីក្រ ខ្វះការពិចារណាឲ្យបានហ្មត់ចត់ហើយគ្មានការងារធ្វើទើបពួកគាត់ចង់ចំណាកស្រុកគឺងាយរងគ្រោះហើយបើសិនជារដ្ឋាភិបាលមិនបានពិនិត្យ និងតាមដានមើលឲ្យបានត្រឹមត្រូវ។ ជនរងគ្រោះបានឲ្យដឹងថាកិច្ចសន្យាធ្វើឡើងរវាងក្រុមហ៊ុន និងពលករ៕

website_news/2017260712.txt · Last modified: 2017/07/26 14:41 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki