website_news:2017260713

លោកស្រី ជូ ប៊ុនអេង៖ រដ្ឋាភិបាលបង្កើតច្បាប់ការពារពពោះជំនួស ដើម្បីធានាជោគវាសនាទារក

https://thmeythmey.com/ 26, Jul 2017 , 12:23 pm

ភ្នំពេញ៖ រដ្ឋលេខាក្រសួងមហាផ្ទៃ លោកស្រី ជូ ប៊ុនអេង បាននិយាយថា រដ្ឋាភិបាលកំពុងរៀបចំតាក់តែងច្បាប់ស្តីការពារការពពោះជំនួសនៅកម្ពុជា ដើម្បីធានាដល់ជោគវាសនារបស់ទារក មិនឲ្យស្ថិតនៅក្នុងរូបភាពកេងប្រវ័ញ្ចនៃការជួញដូរមនុស្សឡើយ។ ថ្លែងក្រោយកិច្ចប្រជុំផ្សព្វផ្សាយពីគោលការណ៍ណែនាំ ស្តីពីការរកដំណោះស្រាយនៃការផ្ដល់សុវត្ថិភាពទារក ដោយសារការពពោះជំនួស ដើម្បីយកទៅចិញ្ចឹមនៅក្រៅប្រទេសនោះ រដ្ឋលេខាក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរូបនេះ បានបញ្ជាក់ដូច្នេះថា៖«យើងកំពុងតែព្យាយាមធ្វើច្បាប់ ដើម្បីឲ្យការងារពពោះជំនួសនេះ កម្រិតនៅក្នុងលក្ខខណ្ឌមួយថា ប៉ុណ្ណាទៅដែលហៅថាមនុស្សធម៌ ប៉ុណ្ណាជាបទល្មើស ពីព្រោះជីវិតរបស់ទារក ក៏ជាជីវិតរបស់មនុស្សដែរ»។

កន្លងមករដ្ឋាភិបាល ធ្លាប់ចេញគោលការណ៍អនុញ្ញាតឲ្យនាំទារកទៅចិញ្ចឹមនៅក្រៅប្រទេស ដោយតម្រូវឲ្យអ្នកដែលចង់បានទារកនោះ បំពេញលក្ខខណ្ឌមួយចំនួនឲ្យស្របតាមច្បាប់ប្រទេសកម្ពុជាប៉ុណ្ណោះ។ បន្ថែមពីនេះទៀត ក៏អាចមានស្ត្រីខ្លះ បានលួចពពោះទារកជំនួស ដើម្បីរកកម្រៃផងដែរ។ ជុំវិញបញ្ហានេះលោកស្រី ជូ ប៊ុនអេង បានបញ្ជាក់ថា ករណីស្ដ្រីដែលកំពុង ឬព្យាយាមក្នុងការពពោះជំនួស ក្នុងដំណាក់កាលច្បាប់ស្តីពីការការពារពពោះជំនួស មិនទាន់ចេញជារូបរាងនោះ រដ្ឋាភិបាលអនុគ្រោះចំពោះពួកគេ។

បើតាមលោកស្រី ប៊ុនអេង មូលហេតុដែលរដ្ឋាភិបាលអនុគ្រោះនេះ ដោយសារយោគយល់ដល់ទារកកំពុងចាប់កំណើត ឫកើតចេញពីផ្ទៃម្ដាយហើយ។ ប៉ុន្តែប្រសិនជាច្បាប់ការពារការពពោះជំនួស ចេញជារូបរាងហើយ អ្នកដែលពពោះជំនួស និងអន្តរការីទាំងអស់ នឹងទទួលរងការដាក់ទោសទណ្ឌតាមផ្លូវច្បាប់។ ក្រៅពីនេះរដ្ឋាភិបាល ក៏បានអំពាវនាវឲ្យប្រទេសដទៃទៀត តាមរយៈស្ថានទូតប្រចាំនៅប្រទេសកម្ពុជា ចូលរួមសហការជាមួយរដ្ឋាភិបាល ដើម្បីធានាពីសុវត្ថិភាពរបស់ទារក ក្នុងគោលបំណងប្រឆាំងការជួញដូរមនុស្សផងដែរ។«បាតុភាពដែលអាចកើតឡើងថា ជោគវាសនារបស់ក្មេងទាំងអស់នោះ មិនមែនជានិច្ចជាកាលទទួលបានសេចក្តីសុខទេ ពីព្រោះយើងចង់ឲ្យធ្វើតាមនីតិវិធីច្បាប់ ដើម្បីធានាសុវត្ថិភាពទារកចំពោះមុខច្បាប់។ ប៉ុន្តែបើពួកគេព្យាយាមគេចចេញពីច្បាប់ ហើយបែជាអាចយកទារកចេញបាន នេះជាបញ្ហាមួយទៀត។ នេះជាការស្នើរបស់លោកស្រី ជូ ប៊ុនអេង ទៅបណ្ដាអង្គទូតនៅកម្ពុជា៕

website_news/2017260713.txt · Last modified: 2017/07/26 15:06 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki