website_news:2017260901

ពលករនាំគ្នាប្តឹងអគ្គនាយិកាក្រុមហ៊ុន SKMM INVESTMENT ទៅក្រសួងការងារឲ្យជួយអន្តរាគមន៍

http://nokorwatnews.com/ ថ្ងៃទី ២៥ ខែកញ្គា ឆ្នាំ២០១៧

ភ្នំពេញ៖ តំណាងពលករពលការិនី ១១៦នាក់បានដាក់ពាក្យបណ្តឹងប្តឹងលោកស្រី ញឹក សុធា អគ្គនាយិកាក្រុមហ៊ុន SKMM INVESTMENT ទៅរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈពីបទបង្ខាំងទុកឯកសារធ្វើឲ្យខូចប្រយោជន៍របស់អ្នកដទៃដោយចេតនា។ ប៉ុន្តែការស្វែងរកកិច្ចអន្តរាគមន៍របស់តំណាងពលករនេះមិនទាន់ ឃើញមានដំណោះស្រាយនៅឡើយទេ។

ការផ្អឹបឯកសាររបស់ពលករទុកបានធ្វើឲ្យពលករបាត់បង់ផលប្រយោជន៍ជាច្រើន ខណៈដែលរាជរដ្ឋាភិបាលនិងក្រសួងស្ថាប័នពាក់ព័ន្ធកំពុងតែយកចិត្តទុកដាក់ គិតគូរពីបញ្ហាជីវភាពរស់នៅរបស់ពលករទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ។

យោងតាមពាក្យបណ្តឹងរបស់តំណាង ពលករពលការិនីចំនួន១១៦នាក់ដាក់ទៅ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថា ចាប់តាំងពីដាក់ពាក្យ ស្នើសុំទៅធ្វើការងារនៅប្រទេសថៃមាន ពលករពលការិនីចំនួន១១៦នាក់ដែលបានទាក់ទងជាមួយក្រុមហ៊ុនបានចុះឈ្មោះ បំពេញបែបបទទៅធ្វើការនៅប្រទេសថៃ ហើយបានបង់ប្រាក់ជូនក្រុមហ៊ុនគ្រប់ចំនួនអស់ហើយរហូតមកដល់ពេលនេះមានរយៈ ពេលជាង៣ខែមកហើយមិនទាន់ឃើញ ក្រុមហ៊ុនប្រគល់ឯកសារ និងលិខិតស្នាមផ្សេងៗមកឲ្យពលករដើម្បីយកទៅដាក់ ពាក្យស្នើសុំវីសាទៅធ្វើការឡើយ ។

លោកស្រី ញឹក សុធា អគ្គនាយិកក្រុម ហ៊ុន SKMM INVESTMENT បានថ្លែង ថា «ដោយសារគាត់មិនគោរពតាមកិច្ច សន្យាខាងក្រុមហ៊ុនមានសិទ្ធិផ្អាកគាត់។ ខ្ញុំអត់ស៊ីញ៉េឯកសារឲ្យ ពីព្រោះគាត់អត់ បំពេញតាមលក្ខណៈរបស់ក្រុមហ៊ុនខ្ញុំមានសិទ្ធិផ្អាក» ។

គួររំលឹកថា យោងតាមដីកាសន្និដ្ឋាន បញ្ជូនរឿងឲ្យស៊ើបសួរចុះថ្ងៃទី២៣ ខែ តុលា ឆ្នាំ២០១១ បានសម្រេចដាក់ឈ្មោះ ញឹក សុធា និងបក្ខពួកឲ្យស្ថិតនៅក្រោមការឃុំខ្លួនបណ្តោះអាសន្នដើម្បីបង្ការឬបញ្ចប់បទល្មើសកុំឲ្យកើតឡើងជាថ្មីនិងធានារក្សា ជនត្រូវចោទទុកជូនតុលាការចាត់ការតាមនីតិវិធី ។

ដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ បានបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១១ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនសហការជាមួយតំណាងអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋានចុះត្រួតពិនិត្យក្រុមហ៊ុន S K M M នាំពលករ ពលការិនីទៅបម្រើការងារនៅក្រៅប្រទេសដែលមានឈ្មោះ ញឹក សុធា ជាអ្នកគ្រប់គ្រង ក្រុមហ៊ុន S K M M និងជាអ្នកនាំពលករ ទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់ ព្រនទាំងឈ្មោះ ស្រ៊ុន សុធារី ជាអ្នកទទួល ពលករពលការិនី។ បន្ទាប់មកសមត្ថកិច្ចបានឃាត់ខ្លួនជនល្មើស៣នាក់។ ចំណែក ឈ្មោះ ញឹក សុធា និងឈ្មោះ ស្រ៊ុន សុធារី បានគេចខ្លួនបាត់ ៕ សហការី

website_news/2017260901.txt · Last modified: 2017/09/26 14:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki