website_news:2017261001

ស្ត្រីពលករខ្មែរម្នាក់ត្រូវប្តីដឹកយកមកបោះបង់ចោលនៅខេត្តបន្ទាយមានជ័យ

http://cambodiapolice.com/blog/archives/ 6:45 pm 25 តុលា 2017 24

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីពិការជើងម្ខាងម្នាក់ធ្វើកម្មករនៅក្នុងប្រទេសថៃ ហើយបានធ្វើដំណើរពីប្រទេសថៃឆ្លងតាមច្រកតំបន់ស្រុកម៉ាឡៃជាមួយនឹងបុរសជាប្តី ដើម្បីឱ្យប្តីជូនដំណើរទៅស្រុកកំណើត នៅខេត្តរតនគិរី លុះធ្វើដំណើរដល់ខេត្តបន្ទាយមានជ័យ ប្តីរូបនោះដឹកយកមកបោះបង់ចោល ហើយស្ត្រីជាប្រពន្ធគ្មានលុយនៅក្នុងខ្លួន ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយឧបត្ថម្ភសម្លៀកបំពាក់ និងថវិកាមួយចំនួនធ្វើជាសោហ៊ុយ ដើម្បីជិះរថយន្តទៅស្រុកណើត ។

ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ នៅចំណុចភូមិសាស្ត្រឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ត្រី សេះ វិបុល អធិការនគរបាលស្រុកអូរជ្រៅ ប្រាប់ឱ្យដឹងថា ស្ត្រីរូបនោះមានឈ្មោះ រស់ សាវី អាយុ៤០ឆ្នាំ មានស្រុកកំណើតនៅស្រុកបកែវ ខេត្តរតនគិរី ចំណែក បុរសជាប្តីនោះមានឈ្មោះ ឈុន ចិត្រ អាយុ៥៣ឆ្នាំ មានស្រុកកំណើតនៅខេត្តពោធិ៍សាត់ ។

បើតាមការរៀបរាប់ពីស្ត្រីឈ្មោះ រស់ សាវី ប្រាប់ឱ្យដឹងថា នាងបានប្តីមានឈ្មោះ ឈុន ចិត្រធ្វើការងារជាកម្មករជាមួយគ្នានៅក្នុងប្រទេសថៃអស់រយៈពេល៧ឆ្នាំហើយ ប៉ុន្តែគ្មានកូននោះទេ ។ នៅថ្ងៃមួយនាងក៏ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យពិការជើងឆ្វេង ។ នៅក្នុងអំឡុងសម្រាកព្យាបាលជម្ងឺនៅក្នុងពេទ្យប្រទេសថៃរយៈពេល៩ខែ នាងអស់ប្រាស់រលីង ។ លុះបន្ទាប់មកនៅថ្ងៃខាងលើ ក៏បបួលប្តីជូនមកស្រុកកំណើតវិញ ដោយពួកគេទាំង២នាក់បានធ្វើដំណើរពីប្រទេសថៃ ឆ្លងតាមច្រកតំបន់ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

ពេលដល់ស្រុកម៉ាឡៃ បុរសជាប្តីបានខ្ចីម៉ូតូអ្នកស្គាល់១គ្រឿង ដឹកនាងប្រាប់ថាទៅស្រុក ។ នៅពេលឌុបនាងដល់ចំណុចផ្សារគុត្តសត ស្រុកអូរជ្រៅ ប្តីរូបនោះបានឈប់ម៉ូតូ ហើយឱ្យនាងចុះចាំមួយភ្លែតថាទៅទិញទឹកផឹក ។ នៅពេលប្តីរូបនោះទៅបាត់កាន់តែយូរទៅៗ រង់ចាំមិនឃើញ ទើបនាងដឹងខ្លួនថា ប្តីនិយាយកុហក ដោយបោះបង់នាងចោលនៅចំណុចផ្សារគុត្តសត ទើបស្រែកយំតែម្តង ព្រោះនៅក្នុងខ្លួនគ្មានលុយទាល់តែសោះ ។ បន្ទាប់មក ប្រជាពលរដ្ឋឃើញអាណិតអាសូរក៏បានឱ្យថវិកា និងសម្លៀកបំពាក់មួយចំនួនទៅស្ត្រីរូបនោះ ។ ក្រោយមកនាងត្រូវបាននគរបាលប៉ុស្តិ៍នាំមកស្នាក់នៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅមួយយប់ ។

លុះនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ លោកវរសេនីយ៍ឯក ស៊ីវ សុជាតិ ស្នងការរងទទួល ផែនភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានធ្វើការងារទៅជួបចៃដន្យ ក៏បានឧបត្ថម្ភថវិកាជូនដល់ស្ត្រីរូបនោះចំនួន១១ម៉ឺនរៀលបន្ថែមទៀត ហើយបានជូននាងឡើងរថយន្ត ដើម្បីធ្វើដំណើរទៅស្រុកកំណើតនៅខេត្តរតនគិរីតែម្តង ៕ សំ វិច្ឆិកា

website_news/2017261001.txt · Last modified: 2017/10/26 14:19 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki