website_news:2017261002

វិចារណកថាៈ បទល្មើស ឆ្លងដែន នៅតែកើតឡើង យ៉ាងពេញបន្ទុក

https://www.dap-news.com/kh/ ព្រហស្បតិ៍, ២៦ តុលា ២០១៧ 09:30 ដោយ: វាសនាដារាវិជ័យ ID:012

តាមសេចក្ដី រាយការណ៍ ពីប្រជាពលរដ្ឋ រស់នៅតាមតំបន់ព្រំដែន ក្នុងក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ ស្រុកម៉ាឡៃ ស្រុកថ្មពួក និង ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា តាមច្រក របៀងមួយចំនួននៅតែមាន បទល្មើស ឆ្លងដែន កើតឡើង យ៉ាងពេញបន្ទុកដដែល ។ ប្រភពបានឲ្យដឹងថា នៅតាមច្រករបៀង មួយចំនួន សមត្ថកិច្ច បានឃុប ឃិត ឲ្យឈ្មួញនាំចូល ទំនិញគេចពន្ធ ទំនិញខុសច្បាប់ឬចំណីអាហារខូចគុណភាព ពីទឹកដីថៃ ចូលទឹកដីខ្មែរ យ៉ាងអនា ធិបតេយ្យ ។ នៅតាមច្រករបៀងខ្លះទៀតសមត្ថកិច្ច បានឃុបឃិតជាមួយមេខ្យល់ បើកឲ្យពលរដ្ឋខ្មែរឆ្លងដែន ខុសច្បាប់ ចូលទៅរការងារធ្វើលើទឹកដីថៃដូចមុនដដែល ហើយត្រូវសមត្ថកិច្ចថៃ ចាប់បញ្ជូនត្រឡប់ មកស្រុកវិញ ជាបន្តបន្ទាប់ ហើយអ្នកខ្លះត្រូវប្រឈម និង ការលំបាកសព្វបែបយ៉ាង

ថ្មីៗកន្លងទៅនេះមានសេចក្ដីរាយការណ៍ថា នៅច្រករបៀងក្នុង ស្រុកស្វាយចេក មានករណីនាំចូលម៉ូតូគេចពន្ធ ទំនើបៗពីទឹកដីថៃ ចូលទឹកដីខ្មែរ ហើយក៏មានបទល្មើស នាំរថយន្តចង្កូតស្ដាំ ពីទឹកដីថៃ ចូលទឹកដីខ្មែរផងដែរ ។ អ្នកប្រព្រឹត្តបទល្មើស ត្រូវបានគេដឹងថា ជាសាច់ញាតិមន្រ្តី ជាន់ខ្ពស់ក្នុង ខេត្តបន្ទាយមានជ័យ ដូច្នេះហើយទើប គ្មានមន្រ្តីជំនាញ ឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការ បង្ក្រាបបទ ល្មើសប្រកបដោយប្រសិទ្ធភាព ។ រីឯច្រក របៀងច្រើនកន្លែង តាមតំបន់ព្រំដែន ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សមត្ថកិច្ច ប្រចាំច្រករបៀងទាំង នោះនៅតែបើកដៃ ឲ្យឈ្មួញនាំចូលទំនិញគេច ពន្ធនិងទំនិញខុសច្បាប់ដោយគ្មានញញើតអ្វីឡើយ។ ការនាំចូល ទំនិញគេចពន្ធយ៉ាងពេញបន្ទុកតាមច្រករបៀងទាំងនោះធ្វើឲ្យរដ្ឋ ខាតបង់ ចំណូលពន្ធយ៉ាង ច្រើនសន្ធឹកសន្ធាប់ ក្នុងមួយខែៗ ។

ប្រភពពីប្រជាពលរដ្ឋរស់ នៅតាមតំបន់ព្រំដែន ក្នុងស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ខេត្តបាត់ដំបង បានឲ្យដឹងថា នៅតាមច្រករបៀង ជាច្រើនកន្លែង សមត្ថកិច្ចបានបើកដៃឲ្យឈ្មួញ នាំចូលទំនិញគេចពន្ធ ទំនិញខុសច្បាប់ ស្រេច តែអំពើចិត្ត ។ សូម្បីតែគ្រឿង ឧបភោគបរិភោគ ខូចគុណភាព មានលាយសារធាតុគីមីដូចជាសាច់មាន់ ស្លាបមាន់ ជង្គង់មាន់ និងប្រហិត ក៏ឈ្មួញ អាចនាំចូលក្នុង មួយថ្ងៃៗជាច្រើនតោន មកបំផ្លាញសុខភាពពលរដ្ឋខ្មែរ។ ជាងនេះទៅ ទៀតនៅតាមច្រក ព្រំដែន ខ្លះមានសេចក្ដីរាយការណ៍ថា សមត្ថកិច្ចពាក់ព័ន្ធជាច្រើន ស្ថាប័នគឺជាអ្នកឃុបឃិត ឲ្យឈ្មួញនាំចូល ទំនិញគេចពន្ធនិងទំនិញ ខុសច្បាប់ដើម្បីជាថ្នូរនឹងផលប្រយោជន៍យ៉ាងក្រអឺតក្រទម ។ ទន្ទឹមនឹងនេះ សមត្ថកិច្ចតាមច្រកព្រំដែនបែរជារឹតបន្តឹងយ៉ាងខ្លាំង ចំពោះប្រជាពលរដ្ឋ ដែលរកស៊ីនាំចូលទំនិញ បន្តិចបន្តួចពីទឹកដីថៃ ដើម្បីបានប្រាក់ចំណូលដោះស្រាយជីវភាពប្រចាំថ្ងៃ ។

នៅតាមច្រករបៀងមួយចំនួន ក្នុងក្រុងសំរោង ស្រុកអន្លង់វែង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ សមត្ថកិច្ច ឈរជើងតាម ព្រំដែន នៅតែឃុបឃិតបើកដៃ ឲ្យពលរដ្ឋខ្មែរឆ្លងដែន ខុសច្បាប់ចូលទៅកាប់ឈើគ្រញូង លើទឹកដី ថៃយកមកលក់ឲ្យឈ្មួញទុច្ចរិតយ៉ាងរលូនដដែល។ ជាងនេះទៅទៀតឈ្មួញឈើគ្រញូងមួយចំនួនក្នុងខេត្ត ឧត្តរមានជ័យ គឺជាមន្រ្តីយោធានិងមន្រ្តីនគរបាល ហើយមិនដែល ឃើញមន្រ្តីអាជ្ញាធរនិងសមត្ថកិច្ចក្នុងខេត្តឧត្តរមានជ័យ ចាត់វិធានការ តាមច្បាប់លើឈ្មួញឈើគ្រញូងទាំងនោះឡើយ។ មិនតែប៉ុណ្ណោះនៅ ច្រកអូរស្មាច់ ច្រកជប់គគីរ និងច្រកជាំស្រងាំ ខេត្តឧត្តរមានជ័យ នៅតែមានសេចក្ដីរាយការណ៍ពីរឿងសមត្ថកិច្ចពុករលួយបើកដៃឲ្យឈ្មួញ នាំចូលទំនិញគេចពន្ធ ទំនិញ បង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ យ៉ាងពេញបន្ទុកដដែល ។ ការហូរចូលទំនិញគេចពន្ធតាមច្រកព្រំ ដែនក្នុងខេត្តឧត្តរមានជ័យ ធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធកាន់តែ ច្រើនឡើងៗ ហើយសមត្ថកិច្ចពុក រលួយកាន់តែមានជីវភាពធូរធារ ។

ដោយឡែកសេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋ រស់នៅតាមតំបន់ ព្រំដែនក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក៏បានឲ្យដឹងដែរថា តាមច្រក ព្រំដែនមួយចំនួនដូចជាច្រកដូង៧ដើម ច្រកចាន់មូល ច្រកបឹងជ្រោង ច្រកដូនរ័ត្ន និងច្រកទន្លេចាម ជាដើម ឈ្មួញនៅតែអាចនាំចូលទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់យ៉ាងពេញបន្ទុក។ ទន្ទឹមនឹងនេះ សមត្ថកិច្ចប្រចាំច្រក ព្រំដែន ទាំងនោះបានឃុបឃិតឲ្យឈ្មួញដឹកជញ្ចូនឈើ ចេញទៅវៀតណាម យ៉ាងអនាធិបតេយ្យ ដោយសារមាន ការបែងចែកផលប្រយោជន៍យ៉ាងរលូន។ សរុបសេចក្ដីមកបទល្មើស ឆ្លងដែនទាំងនៅតាមតំបន់ព្រំដែនខ្មែរ-ថៃ និងតំបន់ ព្រំដែនខ្មែរ-វៀតនាមនៅតែកើតមានយ៉ាងពេញបន្ទុកដដែល ហើយចំណាត់ការ របស់ក្រសួងនិងស្ថាប័នពាក់ព័ន្ធនា ពេលកន្លងមកពុំមានប្រសិទ្ធភាពនោះទេ។ សមត្ថកិច្ចនិងមន្រ្តីជំនាញតាមច្រកព្រំដែននិងច្រករបៀង មួយចំនួនគិត តែពីរឿងប្រព្រឹត្តអំពើពុករលួយប្រមូលលុយដាក់ហោប៉ៅ ហើយបណ្ដោយឲ្យបទល្មើសឆ្លងដែនរាលដាលកាន់តែខ្លាំង៕

website_news/2017261002.txt · Last modified: 2017/10/26 14:23 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki