website_news:2017261003

ស្ថានទូតកម្ពុជាប្រចាំម៉ាឡេស៊ី និងវៀតណាម ជួយពលករ-ពលការិនីខ្មែរ៦នាក់ឲ្យត្រឡប់មកវិញ

http://ann.com.kh/site/news/.html ថ្ងៃព្រហស្បតិ៍, 26 ខែតុលា 2017 9:30 ព្រឹក

ពលរដ្ឋខ្មែរចំនួន៦នាក់ដែលបានចាញ់បោកមេខ្យល់ ទៅបម្រើការងារនៅប្រទេសម៉ាឡេស៊ី និងប្រទេសចិន ត្រូវបានស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី និងវៀតណាម ជួយអន្តរាគមន៍ និងនិវត្តពួកគាត់ឲ្យបានត្រឡប់មកប្រទេសកំណើតវិញ។

យោងតាមប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាឲ្យដឹងថា ក្នុងចំណោមពលរដ្ឋខ្មែរទាំង៦នាក់នោះ ៤នាក់ត្រូវបានជួយអន្តរាគមន៍ដោយស្ថានអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ក្រោយពួកគេបានទៅកាន់ប្រទេសម៉ាឡេស៊ីតាមរយៈមេខ្យល់ ក៏ដូចជាក្រុមហ៊ុនដើម្បីបម្រើការងារនៅតាមផ្ទះ និងរោងចក្រ ហើយពួកគេចង់ត្រឡប់មកផ្ទះវិញ ក៏បានស្វែងរកអន្តរាគមន៍ពីស្ថានទូត ។ ក្នុងនោះស្ថានទូតក៏បានចេញលិខិតធ្វើដំណើរ និងបានសម្របសម្រួលជាមួយការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ីជូនពលករ-ពលការិនីទាំង៤នាក់ ហើយពួកគេបានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ កន្លងទៅនេះ។

ជាមួយគ្នានេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចវៀតណាម កាលពីពាក់កណ្តាលខែនេះ ក៏បានជួយសង្គ្រោះនាទីខ្មែរម្នាក់ រួមជាមួយកូនប្រុសអាយុ២ខែ ដែលចាញ់បោកមេខ្យល់ជាស្ត្រីជនជាតិវៀតណាម នាំធ្វើដំណើរពីភ្នំពេញទៅដល់ខេត្តឡាក់សឺន បម្រុងយកទៅលក់នៅប្រទេសចិន។ ស្ថានទូតបានផ្តល់កន្លែងស្នាក់នៅ និងទិញសំបុត្រយន្តហោះជូននារីរងគ្រោះ និងកូន ហើយអ្នកទាំងពីរបានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី១៩ ខែតុលា ៕ ANN

website_news/2017261003.txt · Last modified: 2017/10/26 14:25 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki