website_news:2017261005

សមត្ថកិច្ចបញ្ជូនជនជាតិចិនម្នាក់ទៅតុលាការពីបទនាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន

http://cambodiapolice.com/blog/archives/ 1:23 pm 26 តុលា 2017

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ នេះ កម្លាំងសមត្ថកិច្ចនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបញ្ជូនខ្លួនពិរុទ្ធជនជនជាតិចិនម្នាក់ទៅតុលាការ ពីបទចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន។

សមត្ថកិច្ចបានឲ្យដឹងថា ពិរុទ្ធជនខាងលើមានឈ្មោះ LIU WING HING ភេទប្រុស ជនជាតិចិន អាយុ ៤២ឆ្នាំ ត្រូវបានកម្លាំងកម្លាំងសមត្ថកិច្ចនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចាប់ឃាត់ខ្លួននៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ នៅផ្ទះជួលលេខ៣៧ ផ្លូវ១៦ (បុរីប៉េងហួត) ភូមិបឹងឈូក សង្កាត់និរោន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួនលេខ៧១០(ដ) ដ.ច.ន ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧។

សមត្ថកិច្ចឲ្យដឹងទៀតថា ពិរុទ្ធឈ្មោះ LIU WING HING កាលពីឆ្នាំ២០១៥ បានឃោសនាបោកប្រាស់នាំពលករខ្មែរចំនួន ២៤នាក់ ថាទៅរៀនជំនាញច្នៃម៉ូតសំលៀកបំពាក់ នៅសាកលវិទ្យាមួយ នៅឯប្រទេសចិន ពេលទៅដល់ប្រទេសចិន បែរជានាំពលករទាំង២៤នាក់ នោះឲ្យទៅធ្វើការជាអ្នកដេរខោអាវនៅរោងចក្រទៅវិញ មិនតែប៉ុណ្ណោះពួកគេត្រូវបានទទួលរងនូវការគៀបសង្កត់ពីថៅកែរោងចក្រ និងបង្ខំឲ្យធ្វើការលើសម៉ោងផងដែរ។

បើតាមដីកាបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន ដែលចេញដោយ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ថ្លាង ផាណែត បញ្ជាក់ថា ពិរុទ្ធជនឈ្មោះ LIU WING HING ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ វិនិច្ឆ័យទោសដាក់ពន្ធនាគារចំនួន ៧ឆ្នាំ គិតចាប់ពីថ្ងៃឃុំខ្លួនពីបទ៖ នាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន ប្រព្រឹត្តនៅរាជធានីភ្នំពេញ-ប្រទេសចិន កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ តាមមាត្រា ១១ នៃច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ តាមមាត្រា ៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ៕

website_news/2017261005.txt · Last modified: 2017/10/26 15:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki