website_news:2017261202

ថៃពិចារណាពន្យារពេលធ្វើលិខិតបញ្ជាក់សម្រាប់ពលករចំណាកស្រុកខុសច្បាប់

http://www.rfa.org/khmer/ ដោយ មាន ឫទ្ធិ 2017-12-25

រដ្ឋមន្ត្រីក្រសួងការងារថៃ គ្រោងនឹងស្នើគណៈរដ្ឋមន្ត្រីរបស់ខ្លួន ឲ្យពន្យារពេលកាលបរិច្ឆេទបិទបញ្ចប់ ការធ្វើលិខិតបញ្ជាក់សញ្ជាតិ រួមមានលិខិតឆ្លងដែន ឬលិខិតធ្វើដំណើរ និងប័ណ្ណពលករ ដល់ពលករចំណាកស្រុកខុសច្បាប់ទាំងអស់ សម្រាប់រយៈពេល ៦ខែបន្ថែមទៀត ដើម្បីអនុញ្ញាតឲ្យពួកគេមានពេលវេលាគ្រប់គ្រាន់ធ្វើឯកសារទាំងនេះ។កាសែតបាងកកប៉ុស្តិ៍ កាលពីថ្ងៃទី២៤ ធ្នូ បានស្រង់ប្រសាសន៍រដ្ឋមន្ត្រីការងារថៃ ឧត្ដមសេនីយ៍ អាឌុល សាំងសឹងកែវ (Adul Sangsingkeo) ថា រយៈពេលនៃការផ្ដល់លិខិតបញ្ជាក់សញ្ជាតិ ចាំបាច់ត្រូវតែមានការប្រែប្រួល។

ក្រសួងការងារថៃ រំពឹងថា បច្ចុប្បន្នមានពលករខុសច្បាប់ជាង ១លាននាក់ទៀត កំពុងនៅរង់ចាំដំណើរការចេញលិខិតបញ្ជាក់សញ្ជាតិនេះ។ ក្នុងចំណោមពលករទាំងនេះ មានពលករចំណាកស្រុកខ្មែរ ចំនួន៤សែន ៥ម៉ឺននាក់ (៤៥០.០០០) ពលករចំណាកស្រុកមីយ៉ាន់ម៉ា ឬភូមាចំនួន ៣សែន ៦ម៉ឺននាក់ (៣៦០.០០០) និង ពលករចំណាកស្រុកឡាវចំនួន ១សែន៤ម៉ឺននាក់ (១៤០.០០០) ។

ឯកសារបញ្ជាក់សញ្ជាតិ គឺជាឯកសារចាំបាច់ អនុញ្ញាតឲ្យពលករចំណាកស្រុក យកទៅប្រើប្រាស់ដើម្បីដាក់ពាក្យសុំទិដ្ឋាការធ្វើការ ឬលិខិតអនុញ្ញាតឲ្យធ្វើការក្នុងប្រទេសថៃ ដែលជាផ្នែកមួយនៃគោលនយោបាយរបស់ប្រទេសថៃ ក្នុងការកាត់បន្ថយចំនួនពលករចំណាកស្រុកខុសច្បាប់ និងធ្វើឲ្យមានប្រសិទ្ធភាពឡើងវិញ ចំពោះប្រព័ន្ធផ្ដល់ឯកសារដល់ពលករចំណាកស្រុក ក៏ដូចជាបង្ការអំពើជួញដូរមនុស្សខុសច្បាប់ ដែលអាចប៉ះពាល់ដល់រូបភាពរបស់ប្រទេសនេះ។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា កាលពីថ្ងៃទី២២ ធ្នូ ឲ្យដឹងថា កម្ពុជាបានធ្វើលិខិតឆ្លងដែន ឬលិខិតធ្វើដំណើរ និងប័ណ្ណពលករកម្ពុជាធ្វើការនៅបរទេស ដល់ពលករខ្មែរនៅប្រទេសថៃ បានជាង ១៧ម៉ឺននាក់ រួចរាល់ហើយ ហើយនៅសល់ ៤២ម៉ឺននាក់ទៀត មិនទាន់ធ្វើរួច។ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឲ្យដឹងទៀតថា ភាគីថៃនឹងពន្យារពេល ពី៣ ទៅ៦ខែទៀត រហូតដល់ភាគីកម្ពុជា បានផ្តល់ភាពស្របច្បាប់ដល់ពលករចំណាកស្រុកកម្ពុជា គ្រប់ៗគ្នា៕

website_news/2017261202.txt · Last modified: 2017/12/26 13:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki