website_news:2017261203

ពលករខ្មែរប្រមាណជាង៤០ម៉ឺននាក់នឹងទទួលបានភាពស្របច្បាប់រស់នៅនិងធ្វើការនៅថៃ

http://bayontv.com.kh/ ប្រភព BTV 25/12/2017

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅព្រឹកថ្ងៃច័ន្ទនេះបានបញ្ជាក់ថា ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃបច្ចុប្បន្នមានជាង៤០ម៉ឺននាក់ នឹងទទួលបានភាពស្របច្បាប់ក្នុងការរស់នៅ និងធ្វើការនៅក្នុងប្រទេសថៃ។

មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័តមានក្រោយជំនួបពិភាក្សាការងារជាមួយភាគីជប៉ុន នៅព្រឹកថ្ងៃ ទី២៥ ខែធ្នូ ឆ្នាំ២០១៧នេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ថា យើងនៅត្រូវការពេលវេលាប្រមាណពី៣ ទៅ៦ខែទៀត ដើម្បីធ្វើយ៉ាងណាឲ្យពលករខ្មែរ ទាំងនោះមានលិខិតត្រឹមត្រូវទៅតាមច្បាប់កំណត់ ប៉ុន្តែទោះបីជាយ៉ាងណាភាគីប្រទេសទាំងពីរបានសន្យា ថានឹងធានាសុវត្ថិភាពជូនបងប្អូនខ្មែរនៅទីនោះ។

ឯកឧត្តមរដ្ឋមន្ត្រីលើកឡើងបន្តថា អ្វីដែលបានធ្វើនាពេលកន្លងមកគឺជាជោគជ័យក្នុងមួយជំហ៊ានដំបូង ហើយអ្វីដែលសំខាន់ និងជោគជ័យទីមួយគឺទាក់ទងនឹងគុណភាពនៃសេវាបានន័យថា ផ្តល់តែក្នុងរយៈពេលមួយថ្ងៃ ទាំងលិខិតធ្វើដំណើរ ប័ណ្ណការងារ ទិដ្ឋការស្នាក់នៅ។ ទិដ្ឋការធ្វើការងារពលករចំណាយ ពេលតែមួយថ្ងៃគឺទទួលបានទាំងអស់ ដែលក្លាយពីមិនស្របច្បាប់ទៅស្របច្បាប់ ប៉ុន្តែល្បឿនក្រុមការងារ ក្នុងបីមណ្ឌលនៅថៃ រួមមាននៅបាងកក រ៉ាក់យ៉ង និងខេត្តសុងក្លា អាចធ្វើបានប្រមាណ១.៨០០នាក់ប៉ុណ្ណោះ។

ទាក់ទិននឹងបញ្ហានេះភាគីកម្ពុជាបានស្នើសុំឲ្យភាគីថៃជួយជំរុញផ្សព្វផ្សាយបន្ថែមទៀតដល់ពលករកម្ពុជា ដើម្បីឲ្យពួកគេមកបញ្ជាក់អត្តសញ្ញាណជាមួយភាគីកម្ពុជា ដើម្បីទទួលបានភាពស្របច្បាប់នេះផងដែរ៕

website_news/2017261203.txt · Last modified: 2017/12/26 13:48 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki