website_news:2017261206

ការស្នើសុំឯកសាររបស់ពលករនៅថៃ អាចត្រូវពន្យារពេល

http://www.postkhmer.com/ Tue, 26 December 2017 យន់ ស៊ីនាត

ភ្នំពេញៈ កាលបរិច្ឆេទផុតកំណត់សម្រាប់ពលករចំណាកស្រុកគ្មានឯកសារ ក្នុងប្រទេសថៃក្នុងការស្នើសុំភាពស្របច្បាប់នឹងទំនងជាត្រូវពន្យារពេលពី ៣ ទៅ ៦ ខែទៀត ខណៈវានឹងផុតកំណត់ក្នុងរយៈពេល ៥ ថ្ងៃទៀត។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងការងារកម្ពុជា លោក អ៊ិត សំហេង។ បន្ទាប់ពីកិច្ចប្រជុំមួយរវាងរដ្ឋមន្ត្រីក្រសួងការងារ និងលោក Hibino Ryotaro ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្ម ក្រុងហ៊ីណូយ៉ាម៉ា ប្រទេសជប៉ុន លោក អ៊ិត សំហេង បានប្រាប់អ្នកសារព័ត៌មានថាលោកបានជួបជាមួយក្រសួងការងារថៃកាលពីចុងសប្តាហ៍មុនដែលបានឯកភាពគ្នាថាការពន្យារពេលនេះគឺមានលក្ខណៈចាំបាច់ដើម្បីសម្រួលដល់ដំណើរការធ្វើឲ្យមានលក្ខណៈស្របច្បាប់។

កាលពីខែមិថុនាព្រះរាជក្រឹត្យរបស់ថៃបានដាក់ការផាកពិន័យរហូតដល់ ៣០០០ ដុល្លារចំពោះកម្មករគ្មានឯកសារ និងការផាកពិន័យធ្ងន់ធ្ងរ ចំពោះមេខ្យល់ និងនិយោជក។ ពលករចំណាកស្រុកក៏អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ៥ ឆ្នាំផងដែរទើបធ្វើឲ្យពលកររាប់ពាន់នាក់ត្រឡប់ទៅប្រទេសរបស់ពួកគេវិញ។ បន្ទាប់ពីមានការរិះគន់ពីភាគីពាក់ព័ន្ធរដ្ឋាភិបាលថៃបានអនុវត្តរហូតដល់ថ្ងៃទី ៣១ ខែធ្នូហើយឥឡូវនេះទំនងជានឹងពន្យារពេលបន្តទៀតបន្ទាប់ពីនេះ។

លោក អ៊ិត សំហេង បានថ្លែងថា ក្រសួងការងារកម្ពុជាបានចាប់ផ្តើមសម្របសម្រួលការងារធ្វើឲ្យស្របច្បាប់ក្នុងប្រទេសថៃនៅ «ចុងត្រីមាសទី ៣» នៃឆ្នាំនេះ ហើយប្រជាពលរដ្ឋកម្ពុជាជាង ៤២ ម៉ឺននាក់នៅកំពុងរង់ចាំការធ្វើឲ្យមានលក្ខណៈស្របច្បាប់។ លោកបន្តថា៖ «មីយ៉ាន់ម៉ា និងឡាវកំពុងមានបញ្ហា»។ «[រដ្ឋាភិបាលថៃ] នឹងពិភាក្សា…ដើម្បីពន្យារពេល ៣ ខែទៅ ៦ ខែរហូតទាល់តែយើងបានធ្វើឲ្យពលករទាំងអស់របស់យើងមានលក្ខណៈស្របច្បាប់»។ មន្ត្រីម្នាក់នៃរដ្ឋបាលពលករបរទេសរបស់ក្រសួងការងារថៃ ដែលសុំមិនបញ្ចេញឈ្មោះដោយសារមិនត្រូវបានអនុញ្ញាតឲ្យនិយាយជាមួយសារព័ត៌មានបានថ្លែងថា ទីស្តីការគណៈរដ្ឋមន្ត្រីរបស់ថៃនឹងជួបប្រជុំនៅថ្ងៃនេះដើម្បីពិភាក្សាអំពីការពន្យារពេលនេះហើយការប្រកាសជាផ្លូវការនឹងធ្វើឡើងបន្ទាប់ពីនោះ។ មន្ត្រីរូបនេះបន្តថា៖ «ការប្រកាសនេះនឹងមិនយឺតជាងចុងឆ្នាំនេះទេ»។ កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថារដ្ឋមន្ត្រីក្រសួងការងារថៃលោក Adul Sang-singkeo នឹងសុំឲ្យទីស្តីការគណៈរដ្ឋមន្ត្រីពន្យារពេលកាលបរិច្ឆេទផុតកំណត់រហូតដល់ចុងខែមិថុនាឆ្នាំក្រោយ។

លោក វុធ វុយ អាយុ ២៤ ឆ្នាំជាពលករចំណាកស្រុកកម្ពុជាថ្លែងថាលោកមានតែលិខិតឆ្លងដែនមួយហើយមិនទាន់ត្រូវបានធ្វើឲ្យស្របច្បាប់ទាំងស្រុងនៅឡើយទេ។ «ប៉ុន្តែខ្ញុំមិនបារម្ភខ្លាំងអំពីឯកសារច្បាប់នោះទេព្រោះខ្ញុំរស់នៅថៃអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដូច្នេះវាងាយស្រួលសម្រាប់ខ្ញុំក្នុងការគេចខ្លួននៅពេលមានការដាក់ទោសទណ្ឌចូលជាធរមាន»។ លោកបន្ថែមថាវាស្មុគស្មាញចំណាយច្រើន និងចំណាយពេលយូរដើម្បីទទួលបានភាពស្របច្បាប់។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថារដ្ឋាភិបាលថៃក៏កំពុងពិចារណាកាត់បន្ថយការដាក់ទោសទណ្ឌផងដែរ ដែលក្រសួងការងារថៃមិនទាន់បានបញ្ជាក់នៅឡើយ៕ PS រាយការណ៍បន្ថែមដោយ Leonie Kijewski

website_news/2017261206.txt · Last modified: 2017/12/26 14:03 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki