website_news:2017261207

ដំណើរឆ្ពោះទៅរកសុវត្ថិភាព និងភាពស្របច្បាប់សម្រាប់ការធ្វើចំណាកស្រុក

http://www.postkhmer.com/ Wed, 20 December 2017

នៅក្នុងឆ្នាំ ២០១៧ តំបន់អាស៊ី និងប៉ាស៊ីហ្វិកក្លាយជាកន្លែងមួយសម្រាប់ជនអន្តោប្រវេសន៍អន្តរជាតិប្រមាណ ៦២ លាននាក់ដោយចំនួននេះគឺច្រើនជាងចំនួនប្រជាជនរបស់ប្រទេសកូរ៉េខាងត្បូងទាំងមូលទៅទៀតហើយលើសពីនេះទៀតមនុស្សច្រើនជាង ១០០ លាននាក់កំពុងរស់នៅក្រៅប្រទេសកំណើតរបស់ពួកគេ។

នៅឯកិច្ចប្រជុំគណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ សម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក យើងមើលឃើញថានេះគឺជាឱកាសមួយ ដែលយើងគួរតែចាប់យកដើម្បីកំណត់អនាគតឲ្យបានប្រសើរសម្រាប់ពលករចំណាកស្រុកនៅក្នុងតំបន់របស់យើងនេះ។ មានមូលហេតុជាច្រើនដែលធ្វើឲ្យពលរដ្ឋទាំងនោះសម្រេចចិត្តធ្វើចំណាកស្រុក។

សម្រាប់និស្សិតក៏ដូចគ្នាដែរពួកគេធ្វើចំណាកស្រុកដោយសារតែកម្រិតសិក្សាអប់រំនៅក្នុងប្រទេសរបស់ពួកគេមិនសមស្របតាមការចង់បានរបស់ពួកគេ ដើម្បីពង្រីកការយល់ដឹង និងសម្រេចភាពជោគជ័យនាពេលអនាគតរបស់ពួកគេហើយជនអន្តោប្រវេសន៍មួយចំនួនទៀតគឺពួកគាត់ជាជនភៀសខ្លួន ដោយសារតែការរត់គេចចេញពីអំពើហិង្សា និងការធ្វើទុក្ខបុកម្នេញជាដើម។

នៅក្នុងតំបន់របស់យើងនេះ យើងមើលឃើញថាមានជនស៊ីវិលរាប់សិបពាន់នាក់ដែលភាគច្រើនគឺជាជនជាតិភាគតិចរ៉ូហ៊ីងយ៉ាដែលពួកគេបានរត់ភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេនៅក្នុងប្រទេសមីយ៉ាន់ម៉ាដើម្បីស្វែងរកសុវត្ថិភាពនៅប្រទេសបង់ក្លាដែសជាអ្វីដែលអគ្គលេខាធិការអង្គការសហប្រជាជាតិបានពិពណ៌នាថាជាជនភៀសខ្លួនដែលរត់ចេញក្នុងពេលដ៏ប្រថុចញ៉ុចជាការរំលោភសិទ្ធិមនុស្សដែលយើងមិនអាចទទួលយកបានឡើយហើយករណីដ៏អាក្រក់បែបនេះគឺត្រូវតែបញ្ចប់។

ប៉ុន្តែចំពោះពលករចំណាកស្រុកភាគច្រើនពួកគេធ្វើចំណាកស្រុកដើម្បីស្វែងរកការងារធ្វើស្វែងរកប្រាក់ឈ្នួលដែលមានកម្រៃខ្ពស់ និងមានជីវភាពល្អប្រសើរជាងមុនសម្រាប់ខ្លួនឯង និងក្រុមគ្រួសាររបស់ពួកគេ។ គ្រាន់តែការផ្ទេរប្រាក់របស់ពួកគេទៅប្រទេសកំណើតរបស់ខ្លួនគឺមានចំនួន ២៧៦ លានដុល្លារទៅហើយនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិកក្នុងឆ្នាំ ២០១៧ នេះហើយប្រាក់ទាំងអស់នេះវាបានជួយដល់សហគមន៍នៅក្នុងប្រទេសកំណើតរបស់ពួកគេយ៉ាងច្រើន។

និយាយឱ្យស្រួលស្តាប់ប្រាក់ដែលផ្ញើមកនោះគឺយកទៅចិញ្ចឹមកុមារបង់ថ្លៃការសិក្សាថែទាំសុខភាព និងជួយឱ្យពួកគេគេចផុតពីភាពក្រីក្រ។ ប៉ុន្តែទោះបីជាពលករចំណាកស្រុកទាំងនោះផ្លាស់ប្តូរទៅធ្វើការនៅក្រៅប្រទេស ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនក្តីក៏ពួកគេបានឆ្លើយតបទៅនឹងតម្រូវការរបស់ប្រទេសដែលពួកគេកំពុងធ្វើការឲ្យនោះដែរ។ តាមរយៈការផ្លាស់ប្តូរទីកន្លែងទៅកន្លែងណាដែលមានការងារធ្វើពលករចំណាកស្រុកទាំងនោះបានជួយដល់ការបង្កើតផលិតផលថ្មី បង្កើនកំណើនផលិតភាពជាដើម។

ការចូលរួមចំណែករបស់ពលករចំណាកស្រុកគឺជាចំណុចដ៏សំខាន់ ប៉ុន្តែបញ្ហាប្រឈមដែលពួកគេជួបប្រទះក្នុងការធ្វើដំណើរទៅកាន់ប្រទេសគោលដៅគឺជាបញ្ហាដ៏គួរឲ្យកត់សម្គាល់ដែលរួមមានការធ្វើដំណើរផ្លូវឆ្ងាយត្រូវចំណាយច្រើន និងប្រឈមនឹងគ្រោះថ្នាក់ជាដើម។ ជារឿយៗ ពលករចំណាកស្រុក ទទួលបានប្រាក់ឈ្នូលទាប ហើយមានលទ្ធភាពតិចតួចក្នុងការទទួលបានសេវាសាធារណៈ។ ជាទូទៅពួកគេមានទំនោរធ្វើការងារណាដែលមានជំនាញតិចតួចនៅក្នុងវិស័យក្រៅផ្លូវការ។ ការជំពាក់បំណុលគេដើម្បីបង់ថ្លៃសេវាខុសច្បាប់ដើម្បីទទួលបានការងារធ្វើមានន័យថាពួកគេមានជម្រើសតិចតួច ប៉ុន្តែត្រូវទទួលយកការងារប្រើកម្លាំងពលកម្មដែលប្រឈមគ្រោះថ្នាក់ខ្ពស់។

ជនចំណាកស្រុកជាស្ត្រីគឺងាយរងគ្រោះថ្នាក់ខ្លាំងណាស់។ ជាញឹកញាប់ពួកគេធ្វើការជាអ្នកបម្រើតាមផ្ទះ ហើយពួកគេងាយរងការកេងប្រវ័ញ្ច និងការរំលោភបំពាន។ បញ្ហាលាយឡំគ្នាច្រើនបែបនេះជារឿយៗបានធ្វើឲ្យពលករចំណាកស្រុកទាំងនោះក្លាយជាអ្នករងកំហុសអ្នកដ៏ទៃ និងទទួលការរើសអើងដែលវាជំរុញឱ្យមានកង្វល់យ៉ាងខ្លាំង។

ដើម្បីដោះស្រាយនូវបញ្ហាប្រឈមទាំងអស់នេះ គឺយើងត្រូវលើកកម្ពស់សក្តានុពលរបស់ពលករចំណាកស្រុកទាំងនោះដែលវាជាកម្លាំងចលករសម្រាប់ការផ្លាស់ប្តូរជាវិជ្ជមានមួយ។ ភាពរឹងមាំនៃសេដ្ឋកិច្ចក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងប្រជាជនមានវ័យចំណាស់កើនឡើង គឺមានន័យថាពលករចំណាកស្រុកអាចដើរតួនាទីកាន់តែច្រើននៅក្នុងវិស័យសេដ្ឋកិច្ច និងសង្គមរបស់យើងដែលកំពុងពុះពារជាមួយនឹងកង្វះកម្លាំងពលកម្ម និងជំនាញ។ ប៉ុន្តែដើម្បីធ្វើឲ្យវាសម្រេចបានយើងត្រូវការនូវគោលនយោបាយច្បាស់លាស់ ដើម្បីការពារសិទ្ធិរបស់ពលករចំណាកស្រុកនៅកន្លែងធ្វើការរបស់ពួកគេ ដោយត្រូវបង្កើនលទ្ធភាពឲ្យពួកគេអាចទទួលបានសេវាកម្មសំខាន់ៗ ហើយជួយសម្រួលពួកគេ ឲ្យអាចជួយដល់ក្រុមគ្រួសារដែលនៅឯប្រទេសកំណើតរបស់គេបានងាយស្រួល។ ចំណុចនេះត្រូវបានទទួលស្គាល់ដោយរដ្ឋជាសមាជិករបស់អង្គការសហប្រជាជាតិ បន្ទាប់ពីមានវិបត្តិជនភៀសខ្លួនហូរចូលទៅកាន់តំបន់អឺរ៉ុប ហើយនៅពេលដែលមានគំនិតផ្តួចផ្តើមធ្វើការពិភាក្សាគ្នា ដើម្បីសុវត្ថិភាពរបស់ជនអន្តោប្រវេសន៍ជាសកលដោយត្រូវរៀបចំឲ្យមានសុវត្ថិភាព និងភាពស្របច្បាប់សម្រាប់ពួកគេនៅត្រឹមឆ្នាំ ២០១៨ ខាងមុខនេះ។

មហិច្ឆតានេះគឺដើម្បីការពារសិទិ្ធរបស់ជនចំណាកស្រុកដោយផ្អែកលើច្បាប់ និងការអនុវត្តដែលមានស្រាប់ និងដោយការគោរពយ៉ាងពេញលេញចំពោះអធិបតេយ្យភាពរបស់រដ្ឋសមាជិកហើយការរួមគ្នានេះគួរតែដាក់ជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីជាផលប្រយោជន៍របស់ប្រទេសដើមប្រទេសទិសដៅ និងជនចំណាកស្រុកខ្លួនឯងផ្ទាល់ផងដែរ។ ដើម្បីរៀបចំរបៀបវារៈនេះឲ្យចេញជារូបរាង គណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិកបានរៀបចំការពិគ្រោះយោបល់មួយក្នុងតំបន់ក្នុងខែវិច្ឆិកា។ រដ្ឋាភិបាលអង្គការសង្គមស៊ីវិល និងវិស័យឯកជនបានជួបប្រជុំគ្នាដើម្បីកំណត់និន្នាការក្នុងតំបន់ ដើម្បីចែករំលែកនូវការអនុវត្តល្អបំផុត និងការយល់ស្របលើអាទិភាពនានាដើម្បីបញ្ចូលទៅក្នុងការចរចាជាសកល។

អាទិភាពសំខាន់ៗជាច្រើនត្រូវបានលើកឡើង ដូចជាការការពារជនអន្តោប្រវេសន៍ប្រឆាំងនឹងការកេងប្រវ័ញ្ចពីនិយោជកដែលមិនគោរពច្បាប់ ជួយសម្រួលដល់ការធ្វើចំណាកស្រុកឲ្យស្របច្បាប់ដើម្បីធានាដល់ជនចំណាកស្រុកទាំងនោះថាពួកគេអាចផ្ញើប្រាក់មកប្រទេសកំណើតរបស់ពួកគេបានឆាប់រហ័សមានសុវត្ថិភាព និងចំណាយទាបក៏ដូចជាការបង្ក្រាបករណីជួញដូរមនុស្ស និងជួយដល់ជនទាំងឡាយណាដែលត្រូវបានបង្ខំឱ្យចាកចេញដោយសារតែគ្រោះមហន្តរាយធម្មជាតិធ្ងន់ធ្ងរដែលបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ។

មានការប្តេជ្ញាចិត្តយ៉ាងមុតមាំពីភាគីទាំងអស់ក្នុងការធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញរបៀបវារៈនេះឲ្យលឿនទៅមុខ។ ខ្ញុំសង្ឃឹមថាទិវាជនអន្តោប្រវេសន៍អន្តរជាតិអាចជួយបង្កើនកម្លាំងជំរុញលើកកម្ពស់ការចូលរួមចំណែកជាវិជ្ជមានដល់ពលករចំណាកស្រុកនៅក្នុងតំបន់របស់យើង និងជួយឱ្យពួកគេមានសុវត្ថិភាព និងភាពស្របច្បាប់ចំពោះពលករចំណាកស្រុកនៅទូទាំងតំបន់អាស៊ី និងប៉ាស៊ីហ្វិករបស់យើងនេះ៕ NS

website_news/2017261207.txt · Last modified: 2017/12/26 14:06 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki