website_news:2017270201

លោកស្រីមូរ សុខហួរ៖ ស្រ្តីងាយរងគ្រោះជាងបុរស ពេលធ្វើចំណាកស្រុក

http://khmer.voanews.com/a/migrant-women 25 កុម្ភៈ 2017 ម៉ែន គឹមសេង

វ៉ាស៊ីនតោនៈ ភាពក្រីក្រ ការជំពាក់ប្រាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងកង្វះការងារធ្វើបានក្លាយជាអម្រែកដ៏ធ្ងន់ដែលធ្លាក់មកលើពលរដ្ឋកម្ពុជា ហើយពួកគេត្រូវបង្ខំចិត្តធ្វើចំណាកស្រុកដោយប្រថុយប្រថាន ជាពិសេសស្ត្រីវ័យក្មេងមួយចំនួនត្រូវប្រឈមមុខខ្ពស់នឹងការកេងប្រវ័ញ្ចផ្លូវភេទ។ នេះបើតាមការលើកឡើងរបស់អ្នកតំណាងរាស្រ្ត និងជនរងគ្រោះ។

នាង រស់ ផាន់ ជាជនរងគ្រោះម្នាក់បានបញ្ជាក់ក្នុងកម្មវិធីហេឡូវីអូអេកាលពីថ្ងៃព្រហស្បតិ៍ថា នាងបានចាកចេញពីប្រទេសកម្ពុជាទៅធ្វើការក្នុងប្រទេសចិននៅខែមីនា ឆ្នាំ២០១៦ ប៉ុន្តែបែរជាត្រូវមេខ្យល់បង្ខំឱ្យយកប្តីជាជនជាតិចិន៖«ពេលទៅពីនេះខ្ញុំថាទៅធ្វើការ តែពេលទៅដល់ប្រទេសចិន គេឱ្យទៅយកប្តី។ អត់មានទៅធ្វើការផង‍»។ នាងត្រូវបង្ខំឱ្យរៀបការដោយទទួលបានប្រាក់ចំនួន១០០០ដុល្លារ ផ្ញើឱ្យក្រុមគ្រួសារដែលនៅខេត្តស្វាយរៀង ហើយរស់នៅជាមួយប្តីជនជាតិចិនមួយរយៈ មុននឹងត្រូវបានជួយសង្គ្រោះ ហើយវិលត្រឡប់មកប្រទេសកម្ពុជាវិញនៅក្នុងខែកក្កដាឆ្នាំដដែល។ នាង រស់ ផាន់ បន្ថែមថា៖ «បើយើងអត់យកគេធ្វើបាបយើង‍»។ក្នុងរយៈបួនខែដែលរស់នៅនោះ នាង រស់ ផាន់ អះអាងថានាងមិនចុះសម្រុងនឹងបុរសជនជាតិចិននោះទេ ហើយតែងតែរងការវាយធ្វើបាបជាប្រចាំ៖ «គាត់វាយដំច្រំធាក់យើង ពេលដែលយើងមិនឱ្យគាត់រួមរស់ជាមួយ‍»។នាងមិនចាំឈ្មោះខេត្តដែលនាងបានរស់នៅប្រទេសចិនទេ។

លោកកែម យាន មកពីខេត្តកណ្តាល មានកូនស្រីម្នាក់ឈ្មោះ កែម ឆៃយ៉ា បានធ្លាក់ខ្លួនរងគ្រោះត្រូវគេបញ្ឆោតឱ្យទៅរៀបការជាមួយនឹងបុរសចិនម្នាក់ ទោះបីជាកំពុងជាប់ចំណងអាពាហ៍ពិពាហ៍ជាមួយបុរសជនជាតិចិនម្នាក់ផ្សេងទៀត ហើយមានកូនមួយក៏ដោយ។ លោកកែម យាន បន្ថែមថា អាពាហ៍ពិពាហ៍លើកទីមួយក្នុងឆ្នាំ២០១៣គឺជាការស្ម័គ្រចិត្ត ប៉ុន្តែរងការធ្វើបាបពីប្តីនិងក្រុមគ្រួសារ ដែលបណ្តាលឱ្យនាង កែម ឆៃយ៉ា រត់ចោលផ្ទះមួយរយៈទៅស្នាក់នៅជាមួយនឹងមិត្តភក្តិ ហើយនៅទីនោះហើយដែលត្រូវគេល្បួងលក់ទៅឱ្យបុរសទីពីរ។ «ពួកម៉ាកបបួលឱ្យទៅដូរប្តីហើយមេខ្យល់នាំទៅមានប្តីក្រោយទៀតដល់គេនិយាយថ្លៃទៅគេថា៦ម៉ឺនយន់ (ប្រហែលជិត៩ពាន់ដុល្លារសហរដ្ឋអាមេរិក) ដល់ហើយមេខ្យល់យកលុយរត់អស់រលីងទៅ កូនខ្ញុំដឹងថាមេខ្យល់បោកប្រាស់ទៅកូនខ្ញុំរត់ដែរ‍»។

កែម ឆៃយ៉ា បានរត់មកដល់ប្រទេសខ្មែរមួយរយៈ ហើយត្រូវប្តីដើមហៅត្រឡប់ទៅចិនវិញកាលពីខែកុម្ភៈ ឆ្នាំ២០១៦ ហើយក៏ត្រូវប៉ូលិសចាប់ខ្លួនដាក់ពន្ធនាគារនៅក្រុងពួយ៉ាងនៃខេត្តហៃណានតាមបណ្តឹងរបស់បុរសទីពីរ។

លោកស្រី មូរ សុខហួរ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានស្នើដល់ឪពុកម្តាយឱ្យប្រយ័ត្នប្រយែង មុននឹងបញ្ជូនកូនស្រីធ្វើចំណាកស្រុក ជាពិសេសអ្នកក្នុងភូមិស្រុកដែលសន្យាធានាយកពួកគេទៅកន្លែងដែលមិនដឹងស្ថានភាពច្បាស់លាស់។លោកស្រី មូរ សុខហួរ បានបន្ទោសលើការដឹកនាំមិនល្អ ភាពក្រីក្រនិងកង្វះការងារធ្វើដែលបាននាំឱ្យក្មេងស្រីទាំងនោះក្លាយជាជនរងគ្រោះ។«គ្រួសារក្រីក្ររបស់យើងនៅជនបទ គឺជំពាក់បំណុលដែលឥឡូវរាជរដ្ឋាភិបាលកំពុងតែខ្វល់ខ្លាំងណាស់រហូតទាល់តែឱ្យអេស៊ីលីដាដូរផ្លាក ហើយកំពុងតែផ្សព្វផ្សាយខ្លាំងណាស់ថា បំណុលនេះមិនមែនជាបំណុលជំពាក់រាជរដ្ឋាភិបាលទេគឺជំពាក់ឯកជន។ ជំពាក់អ្នកណាក៏ដោយ តែបំណុលប្រជាពលរដ្ឋគាត់ត្រូវតែសង ទោះបីឯកជនក៏ដោយ រាជរដ្ឋាភិបាលក៏ដោយ‍»។ ក្នុងឆ្នាំ២០១៦ មានស្ត្រីខ្មែរចំនួន៨៥នាក់ត្រូវបានរដ្ឋាភិបាលកម្ពុជាជួយសង្គ្រោះពីប្រទេសនានា ហើយធ្វើមាតុភូមិនិវត្តន៍ចូលក្នុងប្រទេសវិញ។ នេះបើតាមការបញ្ជាក់របស់លោកស្រីមូរ សុខហួរ។

នាងរស់ ផាន់ បានផ្តែផ្តាំថា៖ «ពាក្យពិតទៅគឺបងប្អូនអ្នកស្តាប់កុំឱ្យបងប្អូនខ្មែរយើងទៅយកប្តីនៅចិនគឺពិបាកណាស់‍»។លោកកែម យាន អំពាវនាវសុំអន្តរាគមន៍ឱ្យមានការដោះលែងកូនស្រីមកវិញ និងបានផ្តែផ្តាំដែរថា៖ «កុំឱ្យប្រជាពលរដ្ឋយើងជាម៉ែឳ កុំឱ្យបញ្ជូនកូនទៅមានប្តីនៅស្រុកចិនទៀត ព្រោះវាពិបាកណាស់‍»។

លោកស្រី មូរ សុខហួរ បន្ថែមថា គន្លឹះដ៏សំខាន់មួយទៀតគឺសង្គមខ្មែរត្រូវទទួលស្គាល់និងផ្តល់តម្លៃដល់ការខិតខំការចូលរួមរបស់ស្ត្រីនៅគ្រប់វិស័យទាំងអស់‍ និងកុំរើសអើងអ្នកដែលបានរងគ្រោះទៅក្រៅប្រទេស។ លោកស្រីមូរ សុខហួរ បានបន្ថែមថា៖ «ខ្ញុំសូមអំពាវនាវសូមឱ្យសង្គមទាំងមូលជាពិសេសអ្នកជិតខាង អ្នកនៅក្នុងភូមិជាមួយនេះ បើសិនជាស្ត្រីយើងត្រឡប់មកពីប្រទេសចិន ឬប្រទេសណាក៏ដោយ សូមមេត្តាកុំឱ្យមានការរើសអើង។ នេះមិនមែនជាកំហុសរបស់គ្នាទេ។ នេះគឺជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ ហើយយើងត្រូវតែជួយរំដោះស្ត្រីយើង»៕

website_news/2017270201.txt · Last modified: 2017/02/27 11:58 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki