website_news:2017270202

ក្រុមលេខាធិការដ្ឋានគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ នឹងបើកកិច្ចប្រជុំចាប់ពីថ្ងៃទី២៧កុម្ភៈ-១ មីនានៅសៀមរាប

http://www.rasmeinews.com/local ដោយ ៖មុនីរ័ត្ន ថ្ងៃទី 26 កុម្ភៈ 2017 ម៉ោង 08:18:AM

(ភ្នំពេញ)៖ ក្រសួងការពារជាតិបានប្រកាសឲ្យដឹងថា ដើម្បីប្រុងប្រៀបរៀបចំកិច្ចប្រជុំផ្លូវការលើកទី១២នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (General Border Committee GBC) ក្រុមលេខាធិការដ្ឋានគណៈកម្មា ធិការព្រំដែនទូទៅកម្ពុជា-ថៃ (General Border Committee Secretariat or GBCS) នឹងដំណើរការកិច្ចប្រជុំរបស់ខ្លួន ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧ នៅខេត្តសៀមរាប។ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ កាលពីថ្ងៃទី២៤ ខែកុម្ភៈ បានបញ្ជាក់ថា គោលដៅនៃកិច្ចប្រជុំផ្លូវការលើកទី១២ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ គឺដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-ថៃពិសេសក្នុងការរក្សាសន្តិភាព ស្ថេរភាព កិច្ចសហប្រតិបត្តិការ និងការ អភិវឌ្ឍន៍តៅតាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ ដើម្បីទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពខុសច្បាប់នានា នៅតំបន់ព្រំដែនរួមមានៈ បញ្ហារត់ពន្ធគ្រឿងញៀន រត់ពន្ធមនុស្សនិងឧក្រិដ្ឋកម្មឆ្លងដែននានា ដែលភាគីទាំងពីរនឹងពុះពារស្វែងរកដំណោះស្រាយ និងមានវិធានការទប់ស្កាត់ ដើម្បីរក្សា និងធានាបាននូវស្ថេរភាព សន្តិសុខ និងការ អភិវឌ្ឍន៍ នភតាមបណ្តោយព្រំដែនរួម នៃប្រទេសជិតខាងទាំងពីរ។ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងកកិច្ចប្រជុំផ្លូវការ លើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (General Border Committee GBC) ដែលនឹងប្រព្រឹត្តទៅនាខែមីនា ឆ្នាំ២០១៧ ខាងមុខនេះ។

គួរបញ្ជាក់ថា សកម្មភាពមិនប្រក្រតីបង្កឡើងដោយភាគីជិតខាងតាមតំបន់ព្រំដែនជាប់ប្រទេសកម្ពុជា នៅ ក្នុងឆ្នាំ២០១៦បានកើតឡើងឡើងចំនួន ៧៣៦លើក ដោយក្នុងនោះព្រំដែនជាមួយភាគីថៃ មានចំនួន៦៩៧លើក។ ទាហានថៃបាញ់ពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ ស្លាប់២នាក់ របួស៧នាក់ និងចាប់ខ្លួន២៩៣នាក់ (ស្រី៤៥នាក់)។ ដោយឈរលើគោលការណ៍រក្សាសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍តាមតំបន់ព្រំដែន ភាគីកម្ពុជាបានប្រជុំជាមួយភាគីថៃ ៣៥៣លើក៕

website_news/2017270202.txt · Last modified: 2017/02/27 12:01 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki