website_news:2017270203

បញ្ជូនសពពលករខ្មែរ២នាក់ដែលត្រូវគ្រឿងចក្របោកចំធ្លាក់ពីជាន់ទី៣៩ស្លាប់មកឲ្យសាច់ញាតិ

https://kohsantepheapdaily.com.kh ៖ ម៉ុត សារុន ថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ ម៉ោង ១០:៣៩

ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរ២នាក់ដែលជួបឧបទ្ទវហេតុធ្លាក់ពីលើអគារការដ្ឋានសំណង់កំពស់៣៩ជាន់នៅខេត្តប៉ាធុមថានី ប្រទេសថៃ ត្រូវបានភាគីថៃបញ្ជូនសពប្រគល់ឲ្យសាច់ញាតិតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតទាំងព្រឹកនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ។

ជនរងគ្រោះទាំង២នាក់ជាបងថ្លៃប្អូនថ្លៃនឹងគ្នា ម្នាក់ឈ្មោះ ឆេង សឿន ភេទប្រុស អាយុ២៤ឆ្នាំ ជាបងថ្លៃ និងម្នាក់ទៀតឈ្មោះ មូល កុសល ភេទប្រុស អាយុ២២ឆ្នាំ ជាប្អូនថ្លៃ មានទីលំនៅឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ ជនរងគ្រោះទាំង២នាក់បានជួបគ្រោះថ្នាក់ធ្លាក់ពីលើអគារ ខណៈកំពុងធ្វើការជាកម្មករសំណង់នៅខេត្តប៉ាធំថានី ជិតក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ។

សាច់ញាតិសពបានប្រាប់ពីហេតុការណ៍ធ្លាក់នោះដល់សមត្ថកិច្ចនៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតថា មុនកើតហេតុ ជនរងគ្រោះបានស្ថិតនៅលើអគារការដ្ឋានសំណង់មួយដែលមានកំពស់៣៩ជាន់ ចាំទទួលស៊ីម៉ងត៍ដែលគ្រឿងចក្រយោងឡើងតាមដងស្ទូច។ ខណៈគ្រឿងចក្រយោងស៊ីម៉ង់ត៍ដល់ចំណុចជាន់ទី៣៩នោ ជនរងគ្រោះ កំពុងស្រាយទំពក់យោង ស្រាប់តែអ្នកបញ្ជាគ្រឿងចក្រឡើងធ្វើឲ្យបោកចំជនរងគ្រោះទាំង២នាក់ធ្លាក់មកដីតែម្តង ។ សពក្រោយបញ្ជូនដល់កម្ពុជា ត្រូវសាច់ញាតិជួលរថយន្តដឹកបន្តទៅស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

website_news/2017270203.txt · Last modified: 2017/08/24 15:03 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki