website_news:2017270204

ចង់ទៅថៃ ត្រូវទៅដោយស្របច្បាប់ ងាយស្រួលរកការងារធ្វើ និងមានសុវត្ថិភាពខ្ពស់

https://kohsantepheapdaily.com.kh/ ៖ នីយ៉ា ថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ ម៉ោង ០៩:៥៦

ខេត្តប៉ៃលិន ៖ ដោយសារតែដំណាំកសិផលដូចជា ស្រូវ ពោត សណ្តែក ដំឡូងមី និងដំណាំផ្សេងៗ មាន ការធ្លាក់ចុះយ៉ាងគំហុក មិនអាចឱ្យពួកគាត់សងថ្លៃជំពាក់បំណុលរួច ទើបពីមួយឆ្នាំទៅមួយឆ្នាំប្រជាពលរដ្ឋខ្មែរ ក្មេង ចាស់ ប្រុស ស្រី ស្ទើរតែគ្រប់ភូមិ-ឃុំទាំងអស់ បាននាំគ្នាធ្វើចំណាកស្រុកទៅរកការងរធ្វើនៅប្រទេសថៃ និងប្រទេសផ្សេងៗទៀត ។ តែអ្នកដែលចេញទៅស្របច្បាប់ងាយស្រួលរកការងារធ្វើ ទទួលបានប្រាក់ខែខ្ពស់ ថៅកែមិនងាយបោកប្រាស់ និងមានសុវត្ថិភាពជាងអ្នកដែលចេញទៅដោយមិនស្របច្បាប់ ។

ជាក់ស្តែងនៅក្នុងរោងចក្រផលិតដបទឹកបរិសុទ្ធមួយកន្លែង ស្ថិតនៅទីរួមខេត្តចាន់បូរី ប្រទេសថៃ ជាប់នឹងខេត្តប៉ៃលិន មានពលករខ្មែរជាច្រើននាក់បានស្នាក់នៅធ្វើការទីនោះ ដោយមកពីបណ្តាខេត្តបាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ ព្រៃវែង និងខេត្តស្វាយរៀងជាដើម ។

បើតាមការរៀបរាប់ពីបុរសម្នាក់ឈ្មោះ ទន់ សុភា ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅខេត្តស្វាយរៀង បានឱ្យដឹងថា ដោយសារតែជីវភាពខ្វះខាត និងជំពាក់បំណុលគេគ្មានអ្វីសង ទើបលក់ដីស្រែចម្ការអស់រលីងដើម្បីសងបំណុលគេរួច ក្រោយមកគាត់បាននាំប្រពន្ធកូនទៅធ្វើការងារនៅប្រទេសថៃ ដោយបានធ្វើលិខិតឆ្លងដែន និងលិខិតស្នាក់នៅធ្វើការងារនៅក្នុងខេត្តចាន់បូរី ប្រទេសថៃ អស់រយៈពេលជាង១០ឆ្នាំមកហើយ ។ ការធ្វើលិខិតស្នាក់នៅនេះរយៈពេល២ឆ្នាំទើបផុតកំណត់ ហើយថៅកែបានរៀបចំធ្វើជូនពួកគាត់ម្តងទៀត ។ ប្រភពបន្តទៀតថា គាត់ធ្វើការនៅក្នុងរោងចក្រផលិតដបទឹកសុទ្ធដោយក្នុងរោងចក្រនេះមានពលករខ្មែរចំនួន១១នាក់ មកពីបណ្តាខេត្តផ្សេងៗ ។ គាត់បញ្ជាក់ថា ដោយសារតែគាត់ជាមេជាងនៅក្នុងរោងចក្រ ១ខែទទួលបានប្រាក់ខែចំនួន១ម៉ឺន៤ពាន់បាត(ប្រាក់ថៃ) ។ ចំណែកប្រពន្ធ និងកូនរបស់គាត់ ទទួលបានប្រាក់ខែម្នាក់៨ពាន់បាត ដោយផ្ញើតាមវីងទៅស្រុកកំណើត ដើម្បីឱ្យកូន៣នាក់ទៀតបានរៀនសូត្រនឹងគេផងដែរ ។

បុរសម្នាក់ឈ្មោះ ជា សុភា អាយុ៣៤ឆ្នាំ រស់នៅខេត្តស្វាយរៀងដែរ បានរៀបរាប់ឱ្យដឹងថា ក្នុង១ខែលោកទទួលបានប្រាក់ខែពីថៅកែរោងចក្រផលិតដបទឹកសុទ្ធជាង១ម៉ឺនបាត(ប្រាក់ថៃ) ដោយបានចាកចេញពីស្រុកកំណើតអស់រយៈពេលជាង១០ឆ្នាំមកធ្វើការងារជាមួយប្រពន្ធកូន ហើយជារៀងរាល់ខែគាត់បានផ្ញើប្រាក់តាមវីងជូនម្តាយនៅឯស្រុកកំណើតចំនួន២ម៉ឺនបាតផងដែរ ។ លោកបន្តទៀតថា បើប្រជាពលរដ្ឋខ្មែរចង់ទៅធ្វើការងារនៅប្រទេសថៃ ត្រូវតែធ្វើលិខិតឆ្លងដែនឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងការបោកប្រាស់ពីថៅកែ និងការដេញចាប់ពីសំណាក់តម្រួតថៃបញ្ជូនទៅស្រុកកំណើតវិញ ហើយក៏មានការលំបាកក្នុងស្នាក់នៅក្នុងប្រទេសគេផងដែរ ។ ដូច្នេះលោកក៏សំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ កុំស្តាយប្រាក់ធ្វើលិខិតឆ្លងដែន បើចង់រស់នៅធ្វើការប្រទេសគេទទួលបានប្រាក់ខ្មែរខ្ពស់ និងមានសុវត្ថិភាព ។ លោកក៏សំណូមពរដល់អាជ្ញាធរកម្ពុជា សូមកុំយកថ្លៃធ្វើលិខិតឆ្លង ដែនពីប្រជាពលរដ្ឋរបស់ខ្លួនច្រើនៗពេក គួរបញ្ចុះតម្លៃសមរម្យ ដើម្បីឱ្យអ្នកក្រីក្រលំបាកអាចមានប្រាក់ធ្វើលិខិតឆ្លង ដែនទៅរកការងារនៅប្រទេសថៃ ឬប្រទេសផ្សេងៗបានស្រួលផងដែរ ។

សូមបញ្ជាក់ថា ពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃ ត្រូវបានតម្រួតថៃចាប់បញ្ជូនចូលគុក និងបញ្ជូនត្រឡប់មកស្រុកខ្មែរវិញជាច្រើនលើកច្រើនសារមកហើយ ៕

website_news/2017270204.txt · Last modified: 2017/02/27 12:12 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki