website_news:2017270205

ថៃបានដោះលែងមនុស្ស៤នាក់ បញ្ជូនមកកម្ពុជាតាមច្រកទ្វារអានសេះ ដែលចូលទៅកាប់ឈើគ្រញូងខុសច្បាប់

http://www.rasmeinews.com/local ដោយ ៖សៅវ៉ាន់ឌី ថ្ងៃទី 26 កុម្ភៈ 2017 ម៉ោង 01:42:PM

ព្រះវិហារ៖ ភាគីថៃបានដោះលែងមនុស្ស៤នាក់ ពីពន្ធនាគាហើយបានបញ្ជូនមកកម្ពុជា តាមច្រកទ្វារអន្តរជាតិអានសេះ ដែលកន្លងមកបុរសទាំង៤នាក់នោះ បានចូលទៅកាប់ឈើគ្រញូងដោយខុសច្បាប់ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥ ត្រូវបានទាហានថៃឃាត់ចាប់ខ្លួនយកទៅដាក់ពន្ធាគាថៃ រហូតដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ ទើបរួចទោសហើយភាគីថៃបានបញ្ជូនកម្ពុជាវិញ តាមរយៈទាហានព្រំដែនច្រកអានសេះ នៅភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ខេត្តព្រះវិហារ។

លោក អ៊ុយ ស៊ីថា អនុប្រធានក្រុមទំនាក់ទំនងច្រកតំបន់អានសេះ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈនោះថា កាលពីវេលាម៉ោង១៥និង៣០នាទីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅលើតំបន់ច្រកទ្វារអានសេះភាគីថៃ បានបញ្ជូនពលរដ្ឋខ្មែរចំនួន៤នាក់ ដែលជាប់គុកនៅឧប៊ុនមកប្រគល់ឲ្យភាគីកម្ពុជាវិញ។ លោកបានបន្តទៀតថា មនុស្សទាំង៤នាក់ ដែលភាគីថៃបញ្ជូនមករួមមាន ១.ឈ្មោះ ណាន ថាត ភេទប្រុស អាយុ៣០ឆ្នាំ ២.ឈ្មោះ ប៊ូ សុខា ភេទប្រុស អាយុ២៨ឆ្នាំ ឈ្មោះទាំងពីរនាក់នោះ រស់នៅភូមិវាលក្រសាំង ឃុំតាកែន ស្រុកឈូក ខេត្តកំពត ទី៣.ឈ្មោះ គាត ណាង ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិស្រែលាង ឃុំត្រពាំងឃ្លាំង ស្រុកឈូក ខេត្តកំពត ទី៤.ឈ្មោះ ឈូវ ឃឿន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិត្រពាំងគគី ឃុំល្បើក ស្រុកឈូក ខេត្តកំពត។ លោកបានបញ្ជាក់បន្ថែមទៀតថា ឈ្មោះទាំង៤នាក់ខាងលើនោះ ភាគីថៃចាប់ខ្លួន កាលពីថ្ងៃទី២៦ ខែ០៦ ឆ្នាំៗ០១៥ ក្នុង ស្រុកណាំយឿន ខេត្តឧប៊ុន ពីបទលួចចូលកាប់ឈើគ្រញូង ក្នុងទឹកដីថៃចូលតាមចំណុចដំណាក់ផ្តៀក ភូមិសាស្ត្រឈើទាលគង។ ក្រោយពីធ្វើការអប់រំរួចមក លោកអនុឯក អ៊ុយ ស៊ីថា បានឲ្យវិលត្រឡប់ទៅផ្ទះវិញ ដោយខ្លួនឯង នៅវេលាម៉ោង១៦និង២០នាទីថ្ងៃខែឆ្នាំដដែល។

គួរំលឹកផងដែរថា នៅខេត្តព្រះវិហារបទល្មើសឈើគ្រញូងក្រុមឈ្មួញបានធ្វើចរាចរណ៍ ដឹកពីស្រុកជាំក្សាន្ត ចេញតាមបណ្តោយផ្លូវជាតិលេខ៦៤ និងផ្លូវជាតិលេខ៦៧ ព្រមទាំងផ្លូវជាតិលេខ០៩ និងលេខ៦២ តាមរថយន្តទំនើបៗ បានយ៉ាងរលូន ដោយគ្មានទើសកន្លែងកុងត្រូលជជុះណាមួយនោះឡើយ ជាពិសេសតាមព្រំប្រទល់ខេត្តដែលជាប់ និងខេត្តព្រះវិហារ។ បើបង្ក្រាបបានឃើញតែឈើដែលប្រជាពលរដ្ឋយកមកធ្វើលំនៅដ្ឋានតែប៉ុណ្ណោះ៕

website_news/2017270205.txt · Last modified: 2017/08/24 15:27 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki