website_news:2017270206

ពលករធ្វើការនៅថៃចុកពោះ បញ្ជូនដល់ពេទ្យស្លាប់ ថៃបញ្ជូនសពមកខ្មែរវិញ

https://kohsantepheapdaily.com.kh ៖ ម៉ុត សារុន ថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ ម៉ោង ២១:៣៩

ខេត្តបន្ទាយមានជ័យ ៖ សាកសពពលករខ្មែរម្នាក់ត្រូវបានភាគីថៃបញ្ជូនឲ្យសាច់ញាតិតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅម៉ោងជិត៥រសៀល ថ្ងៃទី២៦ កុម្ភៈ ២០១៧ ដោយចុកពោះនៅក្រុងបាងកកក្រោយមកបានស្លាប់នៅមន្ទីរពេទ្យ។ ជនរងគ្រោះឈ្មោះ ឆិម ឈឿត ភេទប្រុស អាយុ៤៨ឆ្នាំ ជាកម្មករសំណង់នៅប្រទេសថៃ និងមានទីលំនៅភូមិព្រៃចែក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។

សាច់ញាតិសពប្រាប់ថា ជនរងគ្រោះមុនស្លាប់នៅព្រលប់ថ្ងៃទី២៤ កុម្ភៈ មានអាការៈមិនស្រួលខ្លួនដោយចុកពោះក៏នាំគ្នាបញ្ជូនទៅមន្ទីរពេទ្យ តែជាអកុសលជនរងគ្រោះបានស្លាប់ពេលទៅដល់បានមួយសន្ទុះ។ សាកសពក្រោយបញ្ជូនដល់ដីខ្មែរក្រុមសាច់ញាតិបានជួលរថយន្តដឹកបន្តទៅភូមិកំណើតដើម្បីធ្វើបុណ្យតាមប្រពៃណី។

គួរបញ្ជាក់ថា ក្នុងថ្ងៃ២៦ កុម្ភៈ នេះមានសពចំនួន៣រួមទាំងសព២នាក់ ធ្លាក់ពីលើអាគារការដ្ឋានសំណង់៣៩ជាន់ នៅខេត្តប៉ាធំថានីប្រទេសថៃ៕

website_news/2017270206.txt · Last modified: 2017/08/24 15:13 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki