website_news:2017270401

ឧទ្ធរណ៍ជម្រះនារី ប៉ូលិសចាប់ច្រឡំ

http://www.postkhmer.com Wed, 26 April 2017 គឹម សារុំ

ភ្នំពេញៈ នារីម្នាក់ដែលជាប់ចោទពីបទនាំស្រ្តីខ្មែរទៅរៀបការប្តីចិន បានសម្រក់ទឹកភ្នែកនៅក្នុងរង្វង់ក្រចកសេះក្នុងបន្ទប់សវនាការសាលាឧទ្ធរណ៍ពីម្សិលមិញដោយប្រាប់តុលាការថា ឈ្មោះក្នុងសំណុំរឿងមិនមែនជាឈ្មោះរបស់នាងទេ ហើយចៅក្រមក៏បានលើកឡើងដែរថា នគរបាលបានចាប់មនុស្សច្រឡំ ខណៈតុលាការថ្នាក់ក្រោមបានផ្តន្ទាទោសនាងឲ្យជាប់គុក ១០ ឆ្នាំ។

តាមអង្គហេតុដែលលោកចៅក្រម ស៊ិន វិសាល ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានអានឲ្យដឹងថាកាលពីអំឡុងខែកញ្ញាឆ្នាំ ២០១៥ នារីជាប់ចោទ ឈ្មោះ ភន ម៉ី ហៅភន ស្រីពៅ អាយុ ១៩ ឆ្នាំបានឲ្យឈ្មោះ ឡេង គឹមលាង និងឈ្មោះ ឌួង ដើររកនារីដើម្បីបានទៅរៀបការប្តីនៅប្រទេសចិន។ ពេលនោះស្រ្តីទាំង ២ នាក់រកបាននារីម្នាក់ឈ្មោះ វ៉ន ស្រីណិប។ បន្ទាប់ពីរកបានមនុស្ស នារីជាប់ចោទបានឲ្យប្រាក់ទៅពួកគេម្នាក់ ៥០ ដុល្លារ ឯស្រ្តីឈ្មោះ វ៉ន ស្រីណិប ត្រូវនារីជាប់ចោទឲ្យ ៥០០ ដុល្លារ និងធានារត់ការឯកសារឲ្យមួយចប់ទៀត។ ក្រោយរត់ការឯកសារបានសម្រេចហើយក៏បញ្ជូនស្រ្តីឈ្មោះ វ៉ន ស្រីណិប ទៅដល់ប្រទេសចិន ប៉ុន្តែដោយប្តីចិនធ្វើបាប និងលក់នាងបន្តទៀតស្រ្តីរងគ្រោះបានរត់ទៅប្តឹងស្ថានទូតកម្ពុជាប្រចាំនៅប្រទេសចិនហើយត្រូវបានស្ថានទូតជួយបញ្ជូនត្រឡប់មកកម្ពុជាវិញ។អង្គហេតុបង្ហាញបន្តថាក្រោយពីស្រ្តីរងគ្រោះដាក់ពាក្យប្តឹងនៅការិយាល័យជួញដូរមនុស្សនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសមត្ថកិច្ចបានចុះទៅចាប់នារីជាប់ចោទនៅភូមិចន្ទ្រាក្រោម ឃុំកំពង់អំពិល ស្រុកពារាំង ខេត្តព្រៃវែង។ សំណុំរឿងនេះត្រូវសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី ១៥ ខែមិថុនាឆ្នាំ ២០១៥ សម្រេចផ្ដន្ទាទោសដាក់គុក ១០ ឆ្នាំ។ ប៉ុន្តែនារីជាប់ចោទបានប្តឹងទាស់មកសាលាឧទ្ធរណ៍ហើយត្រូវសាលាឧទ្ធរណ៍បន្ថយទោសនៅត្រឹម ៣ ឆ្នាំ ៦ ខែវិញដោយសារនាងនៅក្មេង។

នារីជាប់ចោទបានឆ្លើយក្នុងសវនាការកាលពីម្សិលមិញថាដំបូងឡើយនាងត្រូវឈ្មោះ ឡេង គឹមលាង សួររកអ្នករស់នៅប្រទេសចិនហើយនាងថានាងមានបងប្អូនជីដូនមួយនៅចិន ហើយក៏ឲ្យលេខទូរស័ព្ទទាក់ទង។ «ខ្ញុំឲ្យលេខទូរស័ព្ទហើយខ្ញុំមិនបានឲ្យលុយទៅស្រ្តីនោះទេ»។ កាលពីឆ្លើយតទល់គ្នានៅតុលាការថ្នាក់ក្រោមស្រ្តីរងគ្រោះថាខ្លួនស្គាល់ស្រ្តី ភន ម៉ី ហើយនាងមិនមែនជាមនុស្សដែលគាត់ប្តឹងទេ។ នាងបានស្នើសូមឲ្យតុលាការដោះលែងនាងវិញ។ លោកព្រះរាជអាជ្ញា ឃុត សុភាង តំណាងមហាអយ្យការសន្និដ្ឋានថារឿងនេះស្មុគស្មាញហើយតាមអង្គហេតុអ្នកប្រព្រឹត្តមិនមែននារីជាប់ចោទរូបនេះទេ។ ប៉ុន្តែប៉ូលិសធ្វើរបាយការណ៍យកប្រវត្តិរូបមនុស្ស ២ នាក់ដាក់ជាមនុស្សតែមួយ។

លោក នន វណ្ណៈ មេធាវីការពារសិទ្ធិឲ្យនារីជាប់ចោទបានស្នើសូមឲ្យតុលាការដោះលែងកូនក្តីរបស់ខ្លួនវិញ។ សាលដីកានេះនឹងត្រូវប្រកាសនៅថ្ងៃទី ៥ ខែឧសភា៕

website_news/2017270401.txt · Last modified: 2017/04/27 12:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki