website_news:2017270406

រាជរដ្ឋាភិបាលខិតខំសម្រួលពលករខ្មែរ ធ្វើការក្រៅប្រទេស ខុសច្បាប់ ឲ្យមានភាពស្របច្បាប់

http://www./dap-news. ព្រហស្បតិ៍, ២៧ មេសា ២០១៧ 11:49 ដោយ: ខា ដា ID:013

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាល បានខឹតខំប្រឹងប្រែង ដើម្បីជួយសម្រួលឲ្យពលករខ្មែរ ដែលបម្រើការងារ នៅក្រៅប្រទេសខុសច្បាប់ ឲ្យមានភាពស្របច្បាប់ ដើម្បីជួយសម្រាលទុក្ខលំបាករបស់ពួកគេ។ ក្នុងឱកាសអញ្ជើញ ជាអធិបតីពិធីចែកសញ្ញាបត្រ ដល់និស្សិត សាកលវិទ្យាល័យ ធនធានមនុស្ស នៅថ្ងៃទី២៧ មេសានេះ សម្ដេចតេជោ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយស្វែងរក ទីផ្សារការងារក្រៅប្រទេស ឲ្យពលរដ្ឋកម្ពុជា ។ សម្ដេចបន្តថា “នៅប្រទេសថៃ បងប្អូនខ្មែរយើងមួយចំនួន ទៅពីមុននេះ ធ្វើការមិនស្របច្បាប់ នៅក្នុងប្រទេសរបស់គេ រាជរដ្ឋាភិបាលបានប្រឹងណាស់ ដើម្បីឲ្យពលកររបស់យើង ទទួលបាននូវភាពស្របច្បាប់ សម្រាប់ការរស់នៅ និងធ្វើការក្នុងប្រទេសថៃ នៅម៉ាឡេស៊ីក៏ដូចគ្នា ខ្មែរយើងមួយចំនួនបានទៅដល់ទីនោះ ដោយមិនស្របច្បាប់។

យើងបានប្រឹងប្រែងធ្វើការ ជាមួយរដ្ឋាភិបាលម៉ាឡេស៊ី ដើម្បីឲ្យខ្មែរយើង បងប្អូនយើង ទទួលបានការងារធ្វើ ដោយស្របច្បាប់” ។ សម្ដេចបន្ថែមថា ពលករខ្មែរដែលធ្វើការ នៅប្រទេសកូរ៉េខាងត្បូង ឥឡូវឡើងដល់ជាង ៤ម៉ឺននាក់ ខណៈពលករវៀតណាម ដែលបម្រើការងារ នៅកូរ៉េខាងត្បូង មានជាង១៣ម៉ឺននាក់ ។ សម្ដេចថា មានបងប្អូនខ្មែរមួយចំនួន បង្អាប់រាជរដ្ឋាភិបាលថា កសាងចុះកសាងឡើង ទៅធ្វើខ្ញុំគេ ប៉ុន្តែគប្បីមើលលំហការងារ ដែលកាន់តែបើកទូលាយព្រំដែន តាមរយៈការធ្វើសមាហរណកម្ម ក្នុងក្របខណ្ឌតំបន់ និងទំនាក់ទំនង ជាមួយបណ្ដាប្រទេសនានា ។

សម្ដេចបានបញ្ជាក់ថា ក្នុងតំបន់អាស៊ាន ប្រទេសដែលខ្វះពលកម្ម ពិតប្រាកដ គឺប្រទេសម៉ាឡេស៊ី និងសិង្ហបុរី ក្រៅពីនោះសុទ្ធតែជាប្រទេស ដែលសល់ពលកម្ម ។ សម្ដេចថា ថៃមិនមែនជាប្រទេសខ្វះពលកម្មនោះទេ ប៉ុន្តែថៃបានបញ្ជូនពលកររបស់គេ ទៅធ្វើការនៅប្រទេស ដែលមានប្រាក់ឈ្នួលខ្ពស់ រួចហើយជំនួសមកវិញ ដោយពលករកម្ពុជា មីយ៉ាន់ម៉ា និងឡាវ ។ សម្ដេចបញ្ជាក់បន្ថែមថា មានពេលមួយលោកស្រី អ៊ុង សានសុជី មកបំពេញទស្សនកិច្ច ក្នុងប្រទេសថៃ គាត់បានប្រើពាក្យថា “តោះយើង ត្រឡប់ទៅផ្ទះយើងវិញ” ក្នុងពេលជាមួយគ្នានោះ មានមនុស្សមួយចំនួន នៅកម្ពុជាបានវាយប្រហារ មកលើសម្ដេចដោយប្រើពាក្យថា “ទៅយើង ទៅប្រទេសថៃ រកការងារធ្វើ” ។

ឆ្លៀតក្នុងឱកាសនោះដែរ សម្ដេចបានមានប្រសាសន៍ថា កម្ពុជាបច្ចុប្បន្ន កំពុងអនុវត្តនូវប្រាក់បៀវត្ស អប្បបរមា ១៥៣ដុល្លារ បន្ថែមដោយអត្ថប្រយោជន៍ដទៃទៀត កម្មករទទួលបានអត្ថប្រយោជន៍ ក្នុងរង្វង់១៧០ ទៅ១៨០ដុល្លារ ប៉ុន្តែពេលនេះនៅមីយ៉ាន់ម៉ា កំពុងអនុវត្តប្រាក់បៀវត្សអប្បបរមា ត្រឹមតែ៨០ដុល្លារអាមេរិកប៉ុណ្ណោះ ។ សម្ដេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់ថា ក្រៅពីប្រាក់ចំណូល របស់កម្មករ កម្មការិនី តាមបណ្ដារោងចក្រ សហគ្រាស នៅកម្ពុជាចូលដល់ពាន់លានដុល្លារ ជាមួយគ្នានោះ លំហូប្រាក់ចូល មកក្នុងប្រទេសតាមរយៈ ពលកររបស់យើងដែលធ្វើការ នៅក្រៅប្រទេស ហើយបញ្ជូនប្រាក់ទាំងនោះ មកកាន់ក្រុមគ្រួសារ ក៏ជាផ្នែកមួយ នៃចំណូលរបស់គ្រួសារ ហើយក៏ជាចំណូល របស់ជាតិផងដែរ៕

website_news/2017270406.txt · Last modified: 2017/04/27 13:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki