website_news:20172706005

បញ្ជូនស្ត្រី៣នាក់ទៅតុលាការ ដោយសារវាយធ្វើបាបកូនឱ្យដើរសុំទាន

http://www.khmer-news.html By សន្ទូច - June 27, 20172

ភ្នំពេញ ៖ អ្នកសុំទានជាស្ត្រីចំណាស់៤នាក់ និងក្មេងៗ៨នាក់ តែងតែឃើញនៅសួនច្បារផ្សារដើមគ ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចុះធ្វើការបង្ក្រាបជាក់ស្ដែងយកមកសួរនាំកាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៦ មិថុនា ២០១៧ ស្ថិតនៅចំណុចស្តុបផ្សារដើមគ តាមបណ្ដោយមហាវិថីម៉ៅសេទុង ស្ថិតក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ប្រតិបត្តិការនេះធ្វើឡើងដោយមានការសម្របសម្រួលដោយលោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ត្រី ផាត់ ផល្លា នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋានរាជធានីភ្នំពេញ ។

ប្រភពពីលោកវរសេនីយ៍ត្រី ផាត់ ផល្លា នាយរងការិយាល័យប្រឆាំងការជួញដូមនុស្ស និងការពារអនីតិជនបានឱ្យដឹងថា ស្ត្រីចំណាស់ទាំង៤នាក់ មានទី១ឈ្មោះ សម ម៉ៅ អាយុ៣៤ឆ្នាំ ស្នាក់នៅផ្សារនាគមាស មុខរបរមិនពិតប្រាកដ ។ ទី២ឈ្មោះ ម៉ៅ អ៊ុក អាយុ៤៦ឆ្នាំ ស្នាក់នៅស្នាក់នៅផ្សារដើមគរ មុខរបរមិនពិតប្រាកដ។ ទី៣ឈ្មោះ តី ស្រីអូន អាយុ២៣ឆ្នាំ ស្នាក់នៅផ្សារដើមគ មុខរបរមិនពិតប្រាកដ។ និងទី៤ឈ្មោះ សម គុណ អាយុ៤៣ឆ្នាំ ស្នាក់នៅផ្សារដើមគ មុខរបរមិនពិតប្រាកដ ។ ប្រភពដដែលបានឱ្យដឹងបន្តថា ស្ត្រីទី២ ទី៣ និងទី៤ ខាងលើនេះ ជាអ្នកស្គាល់គ្នា និងមានផ្ទះជិតគ្នា មានស្រុកកំណើត នៅភូមិស្អាងស្រែ ឃុំស្អាង ស្រុកឃុកអណ្តែត ខេត្តកណ្ដាល ។ ដោយឡែកស្ត្រីចំណាស់ ឈ្មោះ សម គុណ អាយុ៤៣ឆ្នាំ បានឱ្យដឹងថា ខ្លួនគាត់មានជំងឺធ្វើការមិនកើតទេ ដូច្នេះបាននាំកូនមកដើរលក់ផ្កា និងសុំទាននៅចំណុចសួនច្បារផ្សារដើមគនេះតែម្ដង ។

បើយោងតាមក្មេងស្រីឈ្មោះ ខេម ម៉ា អាយុ៧ឆ្នាំ បានឱ្យដឹងថា ជារៀងរាល់ថ្ងៃ រូបខ្លួន និងប្អូនតូច ត្រូវបានម្ដាយនាំមកដើរសុំទាន នៅចំណុចសួនច្បារផ្សារដើមគ មិនបានចូលរៀនទេ ដើរសុំ១ថ្ងៃ បានប្រហែល២ទៅ៣ម៉ឺន គ្រាន់ទុកទិញទឹកដោះគោឱ្យប្អូន និងឱ្យម្ដាយទិញម្ហូបអាហារជារៀងរាល់ថ្ងៃ ។ ក្រោយពីធ្វើការសួរនាំស្ត្រីចំណាស់ទាំង៤នាក់ ក្នុងនោះ៣នាក់ពាក់ព័ន្ធករណីកេងប្រវ័ញ្ចលើកម្លាំងពលកម្មកុមារ ត្រូវឃុំខ្លួនបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូង រាជាធានីភ្នំពេញចាត់ការតាមនីតិវិធី ព្រោះស្ត្រីឈ្មោះ សម ម៉ៅ មិនមានការពាក់ព័ន្ធនឹងករណីកេងប្រវ័ញ្ច លើកម្លាំងពលកម្មកុមារនោះទេ ដោយគាត់គ្រាន់តែមកអង្គុយលេង ហើយកូនរបស់គាត់មកដើរសុំទាននេះ មិនដែលឱ្យលុយមកគាត់នោះទេ ។ ចំណែកស្ត្រីទាំង៣នាក់ទៀត ពិតជាបានវាយ និងធ្វើបាបកូន ឱ្យមកដើរសុំទានដើម្បីទទួលផលប្រយោជន៍ពិតប្រាកដមែន។ ចំណែកក្មេងៗទាំង៨នាក់ ត្រូវបញ្ជូនទៅអង្គការសង្គមកិច្ចដើម្បីធ្វើការអប់រំ ៕

website_news/20172706005.txt · Last modified: 2017/06/27 14:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki