website_news:20172706007

មន្ត្រីនគរបាលវរព្រំដែន ប្រតិកម្មរឿងឲ្យពលរដ្ឋឆ្លងដែនកាប់គ្រញូងនៅ ថៃ

http://www.phnompenh-post-news.html Tue, 27 June 2017 ឃុត សុភចរិយា

ភ្នំពេញ: មន្ត្រីនគរបាលវរការពារព្រំដែន ៩០៥ លោក ហង្ស ចាន់ ដែលឈរជើងការពារនៅចំណុចច្រករបៀងឈើទាលជ្រំ ស្ថិតក្នុងភូមិទំនប់អភិវឌ្ឍន៍ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តមានជ័យកាលពីម្សិលមិញបានប្រតិកម្មប្រឆាំងទៅនឹងបណ្ដាញសារព័ត៌មានក្នុងស្រុកមួយចំនួនដែលបានផ្សព្វផ្សាយដោយចោទប្រកាន់មកលើលោកថាបានបើកដៃឲ្យពលករខ្មែរឡើងភ្នំឆ្លងដែនចូលទៅក្នុងទឹកដីថៃដោយខុសច្បាប់ដើម្បីកាប់ឈើគ្រញូងដែលនាំឲ្យមានការបាញ់ប្រហារពីសំណាក់ទាហានព្រំដែនថៃ។ កាលពីព្រឹកម្សិលមិញបណ្ដាញសារព័ត៌មានអនឡាញជាច្រើនបានចេញផ្សាយនូវអត្ថបទមួយ ដោយចោទប្រកាន់លោក ហង្ស ចាន់ ថាកំពុងបើកដៃឲ្យពលករខ្មែរពី ២០ ទៅ ៣០ នាក់ក្នុងមួយថ្ងៃៗឡើងភ្នំឆ្លងដែនចូលទៅប្រទេសថៃដើម្បីរកការងារធ្វើដោយខុសច្បាប់ ហើយមួយចំនួនក្នុងចំណោមនោះទៅដើម្បីកាប់ឈើគ្រូញូងក្នុងប្រទេសថៃ។ ឈើដែលពលករទាំងនោះកាប់បាននាំមកដល់ព្រំដែនក្នុងទឹកដីកម្ពុជាលោកជាអ្នកប្រមូលទិញក្នុងតម្លៃថោក ប៉ុន្តែបើពលករណាមួយគេចវេះមិនព្រមលក់ឈើឲ្យទេនោះលោកនឹងរាយការណ៍ប្រាប់សមត្ថកិច្ចពាក់ព័ន្ធចុះបង្ក្រាបចាប់ភ្លាមហើយសកម្មភាពនេះបានប្រព្រឹត្តទៅអស់រយៈពេលបីឆ្នាំមកហើយ។

នៅព្រឹកម្សិលមិញនេះដែរលោក ស៊ុំ សារឿន មេបញ្ជាការអង្គភាពនគរបាលវរការពារព្រំដែន ៩០៥ បានកោះហៅលោក ហង្ស ចាន់ និង មន្ត្រីរួមការងារជាមួយគាត់ពីរនាក់ផ្សេងទៀតដែលឈរជើងការពារនៅក្នុងតំបន់ខាងលើនេះមកសាកសួរ ប៉ុន្តែត្រូវបានលោក ហង្ស ចាន់ និងក្រុមការងាររបស់គាត់បានបដិសេធ។ ទោះយ៉ាងណាក៏ដោយលោកកំពុងបន្តការស្រាវជ្រាវ។

លោក ហង្ស ចាន់ បានបញ្ជាក់ប្រាប់ម្សិលមិញថា៖ «ខ្ញុំពិតជាមិនអាចទទួលយកបានទេ ចំពោះការផ្សព្វផ្សាយមានចរិតមួលបង្កាច់ក្នុងចេតនាបង្ខូចកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ខ្ញុំ។ ពួកគេត្រូវតែធ្វើការកែតម្រូវ និងសូមទោសខ្ញុំជាសាធារណៈ បើពុំនោះខ្ញុំនឹងប្ដឹងប្រឆាំងពួកគេទៅតាមផ្លូវច្បាប់» ។ កាលពីថ្ងៃទី ២០ មិថុនាមន្ត្រីយោធាម្នាក់នៅស្រុកអន្លង់វែងឈ្មោះ អឿន កំសាន អាយុ ២៧ ឆ្នាំ និងយុវជនម្នាក់ ហន់ ដានិត អាយុ ១៧ ឆ្នាំជាពលរដ្ឋនៅក្នុងឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែងត្រូវទាហានថៃបាញ់ប្រហារ ខណៈពួកគេរួមជាមួយអ្នកភូមិ ១៧ នាក់ផ្សេងទៀតបានលួចឆ្លងដែនទៅកាប់ឈើគ្រញូងក្នុងទឹកដីថៃដោយខុសច្បាប់។ នេះយោងតាមសេចក្ដីរាយការណ៍របស់វេបសាយនគរបាលជាតិ៕

website_news/20172706007.txt · Last modified: 2017/06/27 14:42 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki